សម្ដេច ម៉ែន សំអន៖ រាជរដ្ឋាភិបាល រក្សាបានល្អលើកំណើតសេដ្ឋកិច្ចជាតិ បើទោះជាប្រទេសថៃបានបិទច្រកទ្វារព្រំដែនអន្តរជាតិដោយឯកតោភាគីក្តី
18-10-2025 16:38
(ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀង បានថ្លែងថា ទាក់ទងទៅនិងស្ថានភាព សន្តិសុខ និងសេដ្ឋកិច្ច ទោះជាប្រទេសថៃបង្កភាពអសកម្មមកលើកម្ពុជា គ្រប់សកម្មភាព គិតរហូតមកដល់បច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រក្សាបាននូវបូរណភាពទឹកដីនៅគ្រប់តំបន់ ដែលថៃចូលទន្ទ្រានឈ្លានពាន ក្នុងនោះរាជរដ្ឋាភិបាលរក្សាបានល្អលើកំណើតសេដ្ឋកិច្ចជាតិ បើទោះជាប្រទេសថៃបានបិទច្រកទ្វាព្រំដែនអន្តរជាតិដោយឯកតោភាគីក្តី។
ការថ្លែងលើកឡើងរបស់សម្ដេច ម៉ែន សំអន បែបនេះបានធ្វើឡើងក្នុងឱកាសសម្ដេចអញ្ជើញកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តការងាររបស់គណៈកម្មាធិការគណបក្សខេត្តប្រចាំខែកញ្ញា និងទិសដៅភារកិច្ចសំខាន់ៗ ប្រចាំខែតុលា របាយការណ៍ប្រចាំ ៩ខែ និងទិសដៅសម្រាប់អនុវត្តបន្តនៅត្រីមាសទី៤ ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥។
ពិធីនេះបានប្រព្រឹត្តទៅនៅស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង ដោយមានការចូលរួមពីលោក លោកស្រី ជាមន្ត្រីក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ស្រុក ក្រុង ចុះជួយខេត្តប្រមាណជាង១០០នាក់ផងដែរ។
សម្ដេចបានបញ្ជាក់ថា រោងចក្រ សហគ្រាស និងគ្រឹះស្ថានផ្សេងៗ ដែលកើតមាននៅតាមមូលដ្ឋាន គឺជាសមិទ្ធផល ដែលក៏កើតឡើងក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលដូច្នេះមន្ត្រីបក្សគ្រប់ឋានានុ ក្រមត្រូវ ចូលរួមអប់រំកម្មករ កម្មការិនី ឲ្យយល់ពីសារ:ប្រយោជន៍ នៃរោងចក្រ សហគ្រាស និងគ្រឹះស្ថាន ដើម្បីឲ្យពួកគាត់ចូលរួមថែរក្សាការពារសមិទ្ធផលទាំងនោះឲ្យបានគង់វង្ស ដើម្បីទាញយកផលប្រយោជន៍ ពីរោងចក្រ សហគ្រាសនិងគ្រឹះស្ថានទាំងនោះមកបម្រើជីវភាពនិងអភិវឌ្ឍន៍គ្រួសារ ខណៈដែលខេត្តស្វាយរៀង យើងមានក្រុមហ៊ុនចូលមកវិនិយោគ បង្កើតការងារជូនពលរដ្ឋក្នុងខេត្តនិងខេត្តជិតៗជារាប់ពាន់កន្លែង។
សម្តេចបានណែនាំដល់ មន្ត្រីក្រុមការងារចុះជួយស្រុក ក្រុង ត្រូវធ្វើការអប់រំសតិអារម្មណ៍ ប្រជាពលរដ្ឋ ពិសេសយុវជន ឲ្យចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាព និងថែរក្សាសមិទ្ធផលនានាដែលកើតមាន នៅតាមមូលដ្ឋាន ដើម្បីជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់។
សម្តេចបានជំរុញរដ្ឋបាលមូលដ្ឋាន សហការជាមួយក្រុមការងារចុះជួយស្រុក ឃុំ បន្តចុះចលនាពលរដ្ឋ ពិសេសពលករ ដែលមកពីថៃ ឲ្យពួកគាត់ទៅទទួលយកការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ពីវិទ្យាស្ថានបច្ចេកទេស ភូមិភាគតេជោហ៊ុន សែន ស្វាយរៀង ដើម្បីទទួលបានចំណេះដឹងយកទៅរកការងារធ្វើ ស្រូបកំម្រៃពលកម្ម ដើម្បីលើកស្ទួយជីវភាពគ្រួសារ និងរួមចំណែកអភិវឌ្ឃន៏សង្គមជាតិ។
ទន្ទឹមនិងនោះដែរសម្តេចអនុប្រធានគណបក្ស ក៏បានថ្លែងនូវការកោតសសើរ ចំពោះ លោក លោកស្រី ជាក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ស្រុក ក្រុង ដែលកន្លងមកបានដឹកនាំអនុវត្តគោលនយោបាយគណបក្ស ក្នុងកិច្ចការ ការពារ និងការងារអភិវឌ្ឍន៏មូលដ្ឋានបានល្អ ធ្វើឲ្យពលរដ្ឋ និងក្រុមអ្នកវិនិយោគ មានជំនឿមកលើការដឹកនាំរបស់សម្តេចតេជោ និងសម្តេចបហាបវរធិបតី ហ៊ុន ម៉ាណែត គ្រប់កាលៈទេសៈផងែរ៕