អភិបាលខេត្តបាត់ដំបង លើកទឹកចិត្តឱ្យកងកម្លាំង ត្រូវបន្តអនុវត្តវិធានការច្បាប់ កុំលើកលែងចំពោះអ្នកប្រព្រឹត្តបទល្មើសនេសាទ

18-10-2025 16:44

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ កងកម្លាំងឈរជើងប្រចាំការ នៅបឹងទន្លេសាប ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។ ពិធីនេះ ធ្វើឡើងនៅបរិវេណវត្តអន្លង់តាអ៊ួរ ស្ថិតក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ។

ក្នុងឱកាសនោះលោក សុខ លូ បានបង្ហាញអារម្មណ៍សប្បាយរីករាយ បន្ទាប់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់កម្លាំងយោធាឱ្យចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទ នៅតំបន់បឹងទន្លេសាប ហើយជាសច្ចភាពជាក់ស្ដែង បន្ទាប់ពីមានការបង្រ្កាបពីកម្លាំងយោធាឃើញថា ក្នុងរយៈពេល១ឆ្នាំ ទៅ២ឆ្នាំនេះ ទិន្នផលត្រី នៅតំបន់បឹងទន្លេសាប មានការកើនឡើង។

លោកបានប្រាប់ប្រជាពលរដ្ឋត្រូវមានការភ្ញាក់រលឹកកុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ និងត្រូវចូលរួមគោរពច្បាប់ កុំបន្ថែមបន្ទុកទៅដល់អាជ្ញាធរ មន្រ្តីជំនាញ កងកម្លាំង និងរាជរដ្ឋាភិបាល។

លោកអភិបាលខេត្ត បានលើកទឹកចិត្តដល់កងកម្លាំង ត្រូវបន្តអនុវត្តវិធានការច្បាប់ដោយតឹងរ៉ឹង កុំលើកលែងចំពោះអ្នកប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ ខណៈអ្នកប្រព្រឹត្តបទល្មើសនេសាទ នៅតែបន្តកើតមាន។

ទន្ទឹមគ្នានេះ លោកក៏បានសម្ដែងការកោតសរសើរដល់កងកម្លាំង អាជ្ញាធរ និងមន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្តក្នុងការទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទ។

លោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវចូលរួមថែរក្សាការពារ និងកុំទន្រ្ទានកាន់កាប់ដីព្រៃលិចទឹកតំបន់បី និងដីសហគមន៍ដែលរាជរដ្ឋាភិបាល បានសម្រេចកាត់ឆ្វៀលវាស់វែងរួចរាល់អស់ហើយ ព្រមទាំងចូលរួមជាមួយអាជ្ញាធរមូលដ្ឋានលុបបំបាត់គ្រឿងញៀន និងក្មេងទំនើងដើម្បីធ្វើឱ្យភូមិ ឃុំ មានសុវត្ថិភាពផងដែរ៕