ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ ផ្លូវ២ខ្សែ ប្រវែង៩,៣៥០ម៉ែត្រ នៅស្រុកអង្គរជ័យ ខេត្តកំពត
18-10-2025 16:45
(កំពត)៖ លោកបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក សុខ សុគន្ធ អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារថែទាំខួបផ្លូវ ដោយក្រាលល្បាយថ្មភ្នំ ចំនួន២ខ្សែ ប្រវែងសរុប ៩,៣៥០ម៉ែត្រ ទទឹង៤ម៉ែត្រ និង៥ម៉ែត្រ កម្រាស់ ០.២ម៉ែត្រ ស្ថិតនៅឃុំប្រភ្នំ និងឃុំសំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត ដោយមានការចូលរួមពីតំណាងគណៈកម្មការ គ.ត.វ តំណាងនាយកដ្ឋានផ្លូវលំជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពតផងដែរ។
ក្នុងការចុះត្រួតពិនិត្យនេះ លោក ហ៊ សូរិន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត បានរាយការណ៍អំពីសារៈសំខាន់នៃផ្លូវទាំង២ខ្សែនេះ ដែលបានជួយសម្រួលដល់ការធ្វើចរាចរណ៍ ការដឹកជញ្ជូនផលិតផលកសិកម្ម និងកសិឧស្សាហកម្ម ការធ្វើដំណើររបស់សិស្សានុសិស្សទៅរៀន និងជាពិសេសការដឹកអ្នកជម្ងឺ មកកាន់មណ្ឌលសុខភាព បានទាន់ពេលវេលា។ គម្រោងនេះ គឺជាគម្រោងលេខ DRR-PM-2025-No.014 ត្រូវបានអនុវត្តសម្រេចលទ្ធផល បាន ១០០% ដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ដែលជាការងារថែទាំខួបផ្លូវ ក្រាលល្បាយថ្មភ្នំ។
បន្ទាប់ពីបានចុះត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការនិងអ្នកបច្ចេកទេសរួចមក លោកបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិកា ក្នុងនាមគណៈកម្មការអន្តរក្រសួង បានឯកភាព និងវាយតម្លៃវឌ្ឍភាពការងារសម្រេចបាន១០០%។ គណៈប្រតិភូអន្តរក្រសួង ក៏បានសម្តែងការកោតសរសើរ ដល់ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរបស់ក្រសួង ក្នុងការបំពេញកិច្ចការងារយ៉ាងល្អ។
លោករដ្ឋលេខាធិការ បានសំណូមពរដល់អ្នកទទួលការ សូមធ្វើការត្រួតពិនិត្យថែទាំលើការងារថែទាំផ្លូវខាងលើឱ្យបានល្អ ដើម្បីឱ្យមានគុណភាព សោភ័ណភាព និងសុវត្ថិភាព ក្នុងរយៈពេល ៦ខែ បន្តទៀត ទៅតាមកិច្ចសន្យា និងត្រូវណែនាំប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ឱ្យចូលរួមថែទាំផ្លូវជាប្រចាំ និងមិនឱ្យរថយន្តដឹកទំនិញលើសទម្ងន់ឆ្លងកាត់ ដើម្បីរក្សាគុណភាព ផ្លូវនេះ ប្រើប្រាស់បានយូរអង្វែង៕