វិភាគអន្តរជាតិ៖ អ្វីទៅជាគោលដៅពិតប្រាកដរបស់សហរដ្ឋអាមេរិក នៅវ៉េណេស៊ុយអេឡា?

18-10-2025 17:13

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធ ទី១៥ ខែតុលា បានទទួលស្គាល់ថារូបលោកបានបើកភ្លើងបៃតងឱ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA ដឹកនាំប្រតិបត្តិការសម្ងាត់ នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដែលនេះជាការបង្កើនភាពតានតឹងយ៉ាងស្រួចស្រាល់មួយក្នុងកិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការដាក់សម្ពាធលើរដ្ឋាភិបាលរបស់ប្រធានាធិបតី លោក Nicolas Maduro។

កាសែតអាមេរិក New York Times ដែលជាអ្នករាយការណ៍មុនគេពីបទបញ្ជាសម្ងាត់ខាងលើ និងដោយផ្អែកលើក្រុមមន្ត្រីអាមេរិកដែលបានដឹងពីបញ្ហានេះ បានឱ្យដឹងថាយុទ្ធសាស្ត្ររបស់រដ្ឋបាលលោក ត្រាំ ចំពោះវ៉េណេស៊ុយអេឡា គឺមានគោលបំណងទម្លាក់លោក Maduro ចេញពីអំណាច។ រដ្ឋបាលលោក ត្រាំ ក៏បានប្រកាសផ្ដល់រង្វាន់ ៥០លានដុល្លារផងដែរសម្រាប់ការផ្ដល់ព័ត៌មានទាំងឡាយណាដែលនាំទៅរក ការចាប់ខ្លួនលោក Maduro មកកាត់ទោសតាមច្បាប់អាមេរិកពាក់ព័ន្ធនឹងការរត់ពន្ធគ្រឿងញៀន។ គិតមកទល់ពេលនេះ មានមនុស្សយ៉ាងហោច ២៧នាក់ហើយត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើទូកដែល អាមេរិកចោទថាដឹកគ្រឿងញៀនចេញពីវ៉េណេស៊ុយអេឡា ឆ្ពោះទៅកាន់សហរដ្ឋអាមេរិក ក្នុងនោះរួមមានការវាយប្រហារថ្មីចុងក្រោយបំផុតកាលពីថ្ងៃទី១៤ ខែតុលា ដែលរដ្ឋបាលលោក ត្រាំ បាននិយាយថាចាំបាច់ ត្រូវតែធ្វើ ដើម្បីការពារសហរដ្ឋអាមេរិកប្រឆាំងនឹងការរត់ពន្ធគ្រឿងញៀន។ ក្រុមអ្នកជំនាញជាច្រើនបានចោទសួរពីភាពស្របច្បាប់នៃយុទ្ធនាការបង្រ្កាបគ្រឿងញៀនរបស់សហរដ្ឋអាមេរិក នៅក្នុងដែនទឹកអន្តរជាតិ ឬដែនទឹករបស់ប្រទេសណាមួយប្រឆាំងនឹងជនសង្ស័យដែលមិនត្រូវបានចាប់ខ្លួន និងសួរចម្លើយ។

នៅពេលត្រូវបានសាកសួរថាតើរូបលោក កំពុងពិចារណាបើកការវាយប្រហារលើគោលដៅនៅក្នុងទឹកដីវ៉េណេស៊ុយអេឡា ឬ? លោក ត្រាំ មិនបានប្រកែកអ្វីទេ ហើយកាលពីថ្ងៃទី១៥ ខែតុលា លោកបានហាក់ ទទួលស្គាល់ទៀតផងថាកំពុងពិចារណាដោយបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា «បច្ចុប្បន្ន យើងកំពុងសម្លឹងទៅរកដីគោកវិញម្ដង ពីព្រោះយើងកំពុងគ្រប់គ្រងដែនសមុទ្របានយ៉ាងល្អប្រសើរ»។ ដូច្នេះបន្ទាប់ពី កម្ទេចទូកដែលខ្លួនចោទថាដឹកគ្រឿងញៀនជាបន្តបន្ទាប់ តើអ្វីទៅជាគោលដៅពិតប្រាកដរបស់លោក ត្រាំ? ខាងក្រោមនេះជាសេណារីយ៉ូចំនួន៣ ដែលអាចទៅរួចសម្រាប់គោលនយោបាយរបស់សហរដ្ឋអាមេរិក ចំពោះវ៉េណេស៊ុយអេឡា៖

* សេណារីយ៉ូទី១
ក្នុងសេណារីយ៉ូនេះ សហរដ្ឋអាមេរិកអាចនឹងព្យាយាមជំរុញឱ្យមានបាតុកម្មតវ៉ាដឹកនាំដោយគណបក្សប្រឆាំង និងពន្យុះឱ្យសមាជិកក្នុងជួរកងកម្លាំងយោធាវ៉េណេស៊ុយអេឡាងើបឡើងបះបោរប្រឆាំងនឹងលោក Maduro។ មេដឹកនាំបក្សប្រឆាំងវ៉េណេស៊ុយអេឡា លោកស្រី María Corina Machado ដែលទើបតែទទួលបានពានរង្វាន់ណូបែលសន្តិភាព បានអំពាវនាវឱ្យរួចហើយកងកម្លាំងសន្តិសុខវ៉េណេស៊ុយអេឡា ចូលរួម ក្នុងយុទ្ធនាងើបឡើងប្រឆាំងនឹងលោក Maduro ជាការបង្ហាញពីការទទួលស្គាល់ជ័យជម្នះក្នុងការបោះឆ្នោតរបស់គណបក្សប្រឆាំង។ នៅចំណុចត្រង់នេះ គណបក្សប្រឆាំងបានអះអាងម្ដងហើយម្ដងទៀតថា ពួកគេមានរនុកក្នុងនៅក្នុងជួរកងកម្លាំងយោធាវ៉េណេស៊ុយអេឡា។ ការធ្វើសកម្មភាពបះបោរណាមួយអាចពឹងផ្អែកលើភស្តុភារ ចារកម្ម ឬការគាំទ្រដោយផ្ទាល់ពីយោធាអាមេរិកដែលកំពុងត្រូវបានបង្កើនវត្តមានស្រាប់ នៅក្នុងតំបន់សមុទ្រ Caribbean។ ក៏ប៉ុន្តែ ទីក្រុងវ៉ាស៊ីនតោនប្រហែលជានឹងមិនដឹកនាំសកម្មភាពបះបោរដោយផ្ទាល់នោះទេ។ ជាឧទាហរណ៍ ក្នុងឆ្នាំ២០១៩ នៅពេលសហរដ្ឋអាមេរិកទទួលស្គាល់មេបក្សប្រឆាំង លោក Juan Guaidó ជាប្រធានាធិបតីស្ដីទីរបស់វ៉េណេស៊ុយអេឡា និងលើកទឹកចិត្តឱ្យយោធាវ៉េណេស៊ុយអេឡាងើបឡើងបះបោរទម្លាក់លោក Maduro ចេញពីអំណាច រដ្ឋបាលលោក ត្រាំ បានសម្រេចចិត្ត គាំទ្រនៅពីក្រោយឆាកនៃយុទ្ធនាការផ្លាស់ប្ដូររបបដឹកនាំនៅវ៉េណេស៊ុយអេឡា។

*​ សេណារីយ៉ូទី២
ក្នុងសេណារីយ៉ូទី២ សហរដ្ឋអាមេរិកអាចនឹងបើកការវាយប្រហារលើវ៉េណេស៊ុយអេឡាដោយផ្ទាល់។ ទីក្រុងវ៉ាស៊ីនតោនអាចនឹងដឹកនាំការវាយប្រហារបង្ការទុកជាមុនលើទីតាំងយោធារបស់វ៉េណេស៊ុយអេឡាជាមុនសិន រួចទើបកំណត់គោលដៅវាយប្រហារលើថ្នាក់ដឹកនាំរបស់ពួកគេ ឬក៏បញ្ជូនក្រុមកុម្ម៉ង់ដូពិសេសទៅចាប់ខ្លួនលោក Maduro យកទៅកាត់ទោសនៅសហរដ្ឋអាមេរិក។ ក្រុមមន្ត្រីជាន់ខ្ពស់រដ្ឋបាលលោក ត្រាំ មិនបាន ប្រកែក ឬច្រានចោលចំពោះសេណារីយ៉ូនេះនោះទេ។ វ៉េណេស៊ុយអេឡាត្រូវបានរាយការណ៍ថាមានប្រព័ន្ធការពារដែនអាកាសដូចជា S-300VM Antey ដែលមានសមត្ថភាពបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ បាញ់ ទម្លាក់យន្ដហោះចម្បាំង និងមីស៊ីលបាលិស្ទីគ។ ប្រសិនបើសហរដ្ឋអាមេរិកពិតជាមានផែនការវាយប្រហារលើទឹកដីវ៉េណេស៊ុយអេឡា នោះទីក្រុងវ៉ាស៊ីនតោនត្រូវតែកម្ទេចប្រព័ន្ធការពារដែនអាកាសរបស់ វ៉េណេស៊ុយអេឡាជាមុនសិន ហើយការវាយប្រហារបែបនេះ វាមិនខុសអ្វីពីការប្រកាសធ្វើសង្រ្គាមជាមួយវ៉េណេស៊ុយអេឡាឡើយ។ បើតាមក្រុមអ្នកវិភាគ ការធ្វើសង្រ្គាមដោយផ្ទាល់ជាមួយវ៉េណេស៊ុយអេឡាគឺជារឿង ប្រថុយប្រថាន ដ្បិតសង្រ្គាមអាចនឹងចាយពេលច្រើនឆ្នាំ ហើយក៏អាចរាលដាលចូលទៅក្នុងបណ្ដាប្រទេសក្បែរខាងផងដែរ។ វ៉េណេស៊ុយអេឡាជាប្រទេសមួយមានស្ដុកកាំភ្លើងដ៏ធំមួយនៅក្នុងតំបន់ ហើយនេះមិនទាន់ រាប់បញ្ចូលក្រុមឧទ្ទាមកូឡុំប៊ី និងសមាជិកកងជីវពលគាំទ្ររដ្ឋាភិបាលលោក Maduro ទេ។ កាន់តែស្មុគស្មាញជាងនេះ នោះគឺកងជីវពលដែលមានការចូលរួមដោយស្ម័គ្រចិត្តពីជនស៊ីវិល ដែលរដ្ឋាភិបាលលោក Maduro បានបណ្ដុះបណ្ដាល និងបំពាក់អាវុធកាលពីប៉ុន្មានសប្ដាហថ្មីៗនេះ។ ម្យ៉ាងវិញទៀត បើធ្វេសប្រហែស សកម្មភាពយោធាឯកតោភាគីណាមួយរបស់សហរដ្ឋអាមេរិកនៅវ៉េណេស៊ុយអេឡាអាចនឹងជំរុញឱ្យ ប្រទេសមួយនេះធ្លាក់ចូលក្នុងភាពចលាចលដូចជាលីប៊ី ហើយភាពចលាចលដែលកើតឡើងក្នុងប្រទេសមួយដែលមានចម្ងាយត្រឹមជិះយន្ដហោះ៣ម៉ោងពីទីក្រុង Miami មិនជារឿងល្អសម្រាប់សហរដ្ឋអាមេរិក នោះទេ។

* សេណារីយ៉ូទី៣
លោក Maduro ប្រហែលជាកំពុងចង់ឱ្យលោក ត្រាំ ប្រកាសពីជ័យជម្នះក្នុងពេលឆាប់ៗសម្រាប់ការវាយប្រហារលើទូកដែលលោកចោទថាដឹកគ្រឿងញៀន ក្នុងតំបន់សមុទ្រ Caribbean។ លោក Maduro កាលពីខែកញ្ញា បានផ្ញើលិខិតមួយទៅកាន់លោកប្រធានាធិបតី​ ត្រាំ ដើម្បីស្នើសុំចរចាជាមួយទីក្រុងវ៉ាស៊ីនតោន។ ពីដំបូងឡើយ រដ្ឋបាលលោក ត្រាំ ត្រូវបានរាយការណ៍ថាបានផ្ដាច់បណ្ដាញការទូតជាមួយ ទីក្រុងការ៉ាកាស តែក្រោយមកបេសកជនពិសេសអាមេរិក លោក Richard Grenell បាននិយាយថារូបលោកបានបន្តរក្សាទំនាក់ទំនងជាមួយរបបដឹកនាំរបស់លោក Maduro ដោយមានការអនុញ្ញាតពីលោក ត្រាំ។

នៅទីនេះអ្វីដែលគេដឹងច្បាស់ គឺអំណាចរបស់លោក Maduro នៅវ៉េណេស៊ុយអេឡាមិនទាន់ចុះខ្សោយនោះទេ។ ដូច្នេះក្រុមអ្នកជំនាញខ្លះយល់ថាលោក ត្រាំ ប្រហែលជាអាចប្ដូរមកគិតវិញថាតើរូបលោកអាចប្រើ បណ្ដាញការទូតរបស់លោក Grenell ​ឱ្យមានប្រសិទ្ធភាពយ៉ាងដូចម្ដេច ដើម្បីជំរុញផលប្រយោជន៍អាមេរិក តួយ៉ាងដូចជាក្នុងវិស័យថាមពល អន្តោប្រវេសន៍ និងសន្តិសុខក្នុងតំបន់។ កិច្ចព្រមព្រៀងថ្មីណាមួយរវាង សហរដ្ឋអាមេរិក និងវ៉េណេស៊ុយអេឡាអាចនឹងត្រូវបានប្រកាសជាសាធារណៈដូចជាកិច្ចព្រមព្រៀងដោះដូរអ្នកទោសកាលពីខែកក្កដា និងការដកទណ្ឌកម្មមួយចំនួនដែលលោក ត្រាំ អនុញ្ញាតឱ្យក្រុមហ៊ុនប្រេងអាមេរិក Chevron ធ្វើប្រតិបត្តិការនៅវ៉េណេស៊ុយអេឡា។ ឬក៏អាចធ្វើឡើងជាលក្ខខណៈឯកជន ដូចជាមាននៅក្នុងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងមួយដែលមានស្រាប់ ដែលក្នុងនោះរដ្ឋាភិបាលអាមេរិកបានបណ្ដេញ ជនអន្តោប្រវេសន៍ខុសច្បាប់ទៅកាន់វ៉េណេស៊ុយអេឡា។

តាមក្រុមអ្នកជំនាញ នៅក្នុងការព្យាករពីសកម្មភាពបន្ទាប់នៅវ៉េណេស៊ុយអេឡា រដ្ឋបាលលោក ត្រាំ ប្រឈមនឹងជម្រើស២ នោះគឺថាតើត្រូវប្រើប្រាស់ការដាក់ពង្រាយកងកម្លាំងយោធាទៅកាន់សមុទ្រ Caribbean ជាយុទ្ធសាស្ត្រដាក់សម្ពាធដើម្បីជំរុញផលប្រយោជន៍អាមេរិក និងធ្វើកំណែទម្រង់ប្រជាធិបតេយ្យ ឬក៏ថាតើត្រូវបោះជំហានទៅមុខឆ្ពោះទៅរកជម្លោះប្រដាប់អាវុធដែលពិបាកក្នុងការប៉ាន់ស្មានលទ្ធផល និងមានហានិភ័យខ្ពស់បង្កទៅជាអស្ថិរភាពក្នុងតំបន់៕