អ្នកភូមិព្រៃចាន់ គ្រាន់តែឭកម្ពុជា-ថៃ សម្រេចបានសេចក្តីព្រាងកិច្ចព្រមព្រៀងសន្តិភាព រំភើបរហូតថ្វាយបង្គំព្រះធរណីជាមួយទឹកភ្នែករមៀលធ្លាក់ឥតដាច់ (Video inside)

18-10-2025 17:13

(បន្ទាយមានជ័យ)៖ រាប់ចាប់តាំងពីថ្ងៃទី១២ និង១៣ ខែសីហា ឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី១៨ ខែតុលា មានរយៈពេលជាងពីរខែហើយ ដែលអ្នកភូមិព្រៃចាន់ និងជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានរងសម្ពាធផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរបំផុត ដោយសារសកម្មភាពរបស់កងទ័ពថៃ ដោយផ្តើមពីការព័ទ្ធបន្លាលួស ព្យាយាមពង្រីកការព័ទ្ធបន្លាលួស ការចាក់សំឡេងរំខាន សារគំរាមសំឡុតបណ្តេញចេញពីផ្ទះ និងភូមិឋាន។

ជាងពីរខែមកនេះប្រជាពលរដ្ឋហាក់រស់ឱបជាមួយទម្ងន់ទុក្ខដ៏សែនធ្ងន់ អារម្មណ៍មួរហ្មង គ្មានឡើយស្នាមញញឹម។ ពីរខែរំលងទៅពន្លឺសេចក្តីសុខហាក់កំពុងរំកិលមក ក្រោយកម្ពុជា-ថៃ សម្រេចបានសេចក្តីព្រាងនៃកិច្ចព្រមព្រៀងសន្តិភាព។

អ្នកភូមិព្រៃចាន់ គ្រាន់តែបានឭដំណឹងនៃសេចក្តីព្រាងនៃកិច្ចព្រមព្រៀងសន្តិភាពពាំនាំមកជូនដោយអ្នកសារព័ត៌មាន បានបង្ហាញក្តីរំភើបត្រេកអរយ៉ាងខ្លាំងរហូតលុតជង្គង់ថ្វាយបង្គំព្រះធរណី ជាមួយដំណក់ទឹកភ្នែករមៀលធ្លាក់ឥតដាច់។

ពួកគាត់បានបង្ហាញអារម្មណ៍ថា បើទោះបីហូបចុកខ្វះខាត សុំតែឱ្យមានសេចក្តីស្ងប់សុខ មិនចង់បានបញ្ហាដូចពេលបច្ចប្បន្នឡើយ៕