ព្រះមហាក្សត្រកម្ពុជា ផ្ញើសារលិខិតជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបចម្រើនជន្មាយុ
18-10-2025 17:20
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបចម្រើនជន្មាយុ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើតាមសារលិខិតជូនពរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥។
ក្នុងសារលិខិតជូនពរ បានសរសេរថា «ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបចម្រើនជន្មាយុរបស់ សម្តេចមហាបវរធិបតី នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ខ្ញុំមានហឫទ័យសោមនស្សរីករាយ សូមប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូន សម្តេចមហាបវរធិបតី សូមទទួលបាននូវមហាជោគជ័យថ្មីៗបន្ថែមទៀត ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមបម្រើជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា។
សូមសម្តែងនូវការកោតសរសើរដ៏ខ្ពង់ខ្ពស់ជាទីបំផុត ចំពោះទឹកចិត្តស្នេហាជាតិ មាតុភូមិ និងប្រជារាស្ត្រ របស់ សម្តេចមហាបវរធិបតី ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ-ចិត្ត និង បញ្ញាញាណ ប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ ទេពកោសល្យខ្ពស់ ឆន្ទៈដ៏មុតមាំ និងម៉ឺងម៉ាត់ បានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍជាតិមានភាពរីកចម្រើន លើគ្រប់វិស័យ ព្រមទាំងមានកិត្តិសព្ទល្បីរន្ទឺនៅលើឆាកជាតិ និងអន្តរជាតិ។
ជាពិសេសក្នុងពេលដែល កម្ពុជាកំពុងរងការឈ្លានពានពីកងទ័ពថៃ សម្តេចមហាបវរធិបតី ជាប្រមុខដឹកនាំកំពូល ក្នុងការប្រយុទ្ធ តស៊ូលើគ្រប់សមរភូមិ ទាំងសមរភូមិយោធា សមរភូមិការទូត សមរភូមិនយោបាយ និងសមរភូមិច្បាប់ ដើម្បីការពារជាតិ ការពារអធិបតេយ្យភាពជាតិ ការពារបូរណភាពទឹកដី និងការពារប្រជាជនកម្ពុជា របស់យើង។
ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានៃខួបចម្រើនជន្មាយុដ៏ឧត្តុង្គឧត្តមនេះ ខ្ញុំសូមប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ សូម សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមបាន ប្រកបតែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕