សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ នៅថ្ងៃទី២០ ខែតុលា ខាងមុខនេះ

18-10-2025 17:31

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានចេញសារលិខិតជូនពរ ផ្ញើជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុ ដែលនឹងឈានចូលមកដល់ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើតាមសារលិខិតជូនពរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។

ក្នុងសារលិខិតជូនពររបស់សម្ដេចតេជោ បានសរសេរថា «នៅក្នុងឱកាសអភិមង្គលដ៏នក្ខត្តឫក្សឧត្តុង្គឧត្តម នៃខួបចម្រើនជន្មាយុ សម្តេចមហាបវរធិបតី ដែលនឹងឈានចូលមកដល់ នៅថ្ងៃចន្ទ ១៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ ក្នុងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមសម្តែងនូវក្តីសោមនស្សក្រៃលែង ប្រកបដោយភាព កក់ក្តៅជូនចំពោះ សម្តេចមហាបវរធិបតី។

ឱកាសពោរពេញដោយក្តីអភិរម្យនេះ ក៏ត្រូវចំថ្ងៃសម្ពោធជាផ្លូវការ នូវអាកាសយានដ្ឋានអន្តរជាតិតេជោ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ ដែលបានបង្ហាញពីទិដ្ឋភាពដ៏អស្ចារ្យ នៃសមិទ្ធផលដ៏រុងរឿងលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចធិបតី។ សកម្មភាពកន្លងមករបស់សម្តេចធិបតី គឺជាសក្ខីភាពបញ្ជាក់ពីការលះបង់ដ៏ខ្ពង់ខ្ពស់ ប្រកបដោយសមត្ថភាព បុរេសកម្ម ការទទួលខុសត្រូវខ្ពស់ និងមនសិការដោយទឹកចិត្ត បរិសុទ្ធចំពោះជាតិ មាតុភូមិ សាសនា ព្រះមហាក្សត្រ និងប្រជាពលរដ្ឋកម្ពុជា និងបានលើកកិត្តិយសជាតិលើឆាកតំបន់ និងអន្តរជាតិ។

ខ្ញុំជឿជាក់យ៉ាងមុតមាំថា ឧត្តមភាពនៃគតិបណ្ឌិតប្រតិបត្តិរបស់សម្តេចធិបតី ដែលតែងតែគិតគូរពីសុខទុក្ខមនុស្សជាតិជាមុន នឹងនាំមកនូវភាពសុខដុមរមនា និងសន្តិសុខជូនកម្ពុជា។ ជាពិសេស សម្តេចធិបតី ប្រាកដជានឹងស្វះស្វែងដឹកនាំកម្ពុជាបន្តមានសន្តិភាព វឌ្ឍនភាព វិបុលភាព និងឆ្ពោះទៅសម្រេច គោលដៅចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់។

ខ្ញុំសូមបួងសួងដល់ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា ប្រោះព្រំនូវសព្ទ សាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការជូន សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងសាច់ញាតិក្រុមគ្រួសារ សូមបានសមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ»៕