វិវាទម្ចាស់ផ្ទះចិញ្ចឹមសត្វត្រចៀកកាំ និងអ្នកជិតខាង អាចបន្តនីតិវិធីដល់តុលាការ ក្រោយអាជ្ញាធរក្រុងកំពង់ចាម ដោះស្រាយអស់លទ្ធភាព

18-10-2025 20:41

(កំពង់ចាម)៖ ម្ចាស់ផ្ទះចញ្ចឹមសត្វត្រចៀកកាំ ៣កន្លែង ស្ថិតក្នុងភូមិទី៨ និងភូមិទី៩ នៃសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ត្រូវបានប្រជាពលរដ្ឋរស់នៅក្បែរនោះ ដាក់ពាក្យបណ្ដឹងស្នើសុំឲ្យអាជ្ញាធរក្រុងកំពង់ចាម ដើម្បីជួយដោះស្រាយ ឲ្យម្ចាស់ផ្ទះចិញ្ចឹមសត្វត្រចៀកកាំទាំង៣កន្លែងនោះ ប្ដូរទីតាំងចេញពីកន្លែងចាស់ ដោយសារការចិញ្ចឹមសត្វត្រចៀកកាំនេះ បានបង្កផលប៉ះពាល់ ដូចជាការបំពងសម្លេងខ្លាំងៗ និងមានក្លិនមិនល្អជាដើម។

ប៉ុន្តែករណីខាងលើនេះ នៅរសៀលថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៥ អភិបាលក្រុងកំពង់ចាម លោក លី សុវណ្ណ បានអញ្ជើញភាគីទាំងសងខាង ដើម្បីធ្វើការដោះស្រាយ ជាលើកទី៣ ដោយមានការអញ្ជើញចូលរួមពីលោក នួន គង់សល្យ ប្រធានមន្ទីរបរិស្ថានខេត្ត និងតំណាងមន្ទីរអង្គភាពពាក់ព័ន្ធ រួមនិងអាជ្ញាធរសង្កាត់កំពង់ចាមផងដែរ។

នៅក្នុងកិច្ចប្រជុំដោះស្រាយនោះ លោក លី សុវណ្ណ អភិបាលក្រុងកំពង់ចាម បានលើកឡើងថា ដំណោះស្រាយជាលើកចុងក្រោយនេះ គឺអាជ្ញាធរក្រុងមានវិធានការ ដោយឲ្យម្ចាស់ផ្ទះចិញ្ចឹមសត្វត្រចៀកកាំ ធ្វើការកែប្រែ ដូចជាធ្វើដំបូលដើម្បីការពារលាមកសត្វត្រចៀកកាំធ្លាក់មកក្រោម នឹងធ្វើប្រព័ន្ធបង្ហូរទឹកកខ្វក់ចូលក្នុងលូ បិទជិត ការពារក្លិនមិនល្អ និងឲ្យម្ចាស់ផ្ទះចិញ្ចឹមសត្វត្រចៀកកាំ ជួសជុល ការជ្រាបទឹកប៉ះពាល់ម្ចាស់ផ្ទះជាន់ក្រោមផងដែរ។ ប៉ុន្តែបើទោះជាអាជ្ញាធរក្រុងកំពង់ចាម ខិតខំសម្របសម្រួល ដោះស្រាយបញ្ចប់ករណីខាងលើនេះយ៉ាងណាក៏ដោយ ក៏ភាគីដើមបណ្តឹង មិនយល់ព្រម ហើយនៅតែទទូចទាមទារឲ្យម្ចាស់ផ្ទះចិញ្ចឹមសត្វត្រចៀកកាំ ប្ដូរទីតាំងចេញពីកន្លែងនោះ។

លោក លី សុវណ្ណ បានបញ្ជាក់ថា ករណីវិវាទនេះ បានកើតឡើងតាំងពីខែកក្កដា ឆ្នាំ២០២៤ រហូតមកដល់បច្ចុប្បន្ន គឺអាជ្ញាធរក្រុងកំពង់ចាម បានខិតខំប្រឹងប្រែងដោះស្រាយតាមយុទ្ធសាស្ត្រឈ្នះ ឈ្នះ ដោយបានអញ្ជើញភាគីទាំងសងខាង ធ្វើការសម្របសម្រួលចំនួន ៣លើកមកហើយ ប៉ុន្តែនៅតែមិនអាចដោះស្រាយបញ្ចប់បាន។ ហេតុដូច្នេះ ករណីខាងលើនេះ អាជ្ញាធរក្រុងកំពង់ចាម និងបន្តនីតិវិធីទៅសាលាដំបូងខេត្តកំពង់ចាម ដើម្បីចាត់ការបន្ត៕