ជនភៀសសឹកនៅខេត្តឧត្ដរមានជ័យ ទទួលបានអំណោយសប្បុរសធម៌ ពីក្រុមយុវសិស្សកម្ពុជា ដែលកំពុងរៀនថ្នាក់វិទ្យាល័យនៅក្នុងប្រទេស និងនៅសហរដ្ឋអាមេរិក

18-10-2025 20:51

(ភ្នំពេញ)៖ ក្រុមយុវសិក្សកម្ពុជា ដែលកំពុងរៀនថ្នាក់វិទ្យាល័យនៅក្នុងប្រទេស និងនៅសហរដ្ឋអាម៉េរិក រួមមាន៖ យុវសិស្ស ចាន់ សមិទ្ធិ, យ៉េត ប៊េនសិនសក្ត័ធិយស (ប៊ីលី), ណូ រ៉ាជីវ, ណូ ឈួរស៊ីវហេង, តាំង កុកយ៉ុង, អៃ សុង វីសុទ្ធ, ខាំ សំណាង, វីរៈ សុធារ៉ា, ចាង ហ្វូឡុង, ឆាយ ពុង ពុត្ដិឆាត, ប្រាក់ សុខឧត្ដម, ប៊ុន រ៉ាណេ, ជាម ជ័យរិធ្ធីជន, ជា សុផារ័ត្ត, ថា និភិរិទ្ធ (ខេខេ), ឡៅ គីមវេង, យុន អេលីត, ហាប់ រ៉ូសាណា និងស៊ុយ ប៊ុនហាក់ នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែតុលា ឆ្នាំ២០២៥ បានជួបសួរសុខទុក្ខ និងនាំយកជំនួយមនុស្សធម៌ ដូចជារបស់របរប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន មកផ្ដល់ជូនប្រជាជនភៀសសឹកចំនួន ១៨០ គ្រួសារ សម្រាប់ជួយសម្រាលបន្ទុកបងប្អូនប្រជាពលរដ្ឋ ដែលបាននិងកំពុងស្នាក់នៅបណ្ដោះអាសន្ន នៅវត្តភ្នំកំបោរ ស្ថិតនៅឃុំបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ។

ឆ្លៀតក្នុងឱកាសនេះ, លោក មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានឆ្លៀតពេលវេលាដ៏មានតម្លៃដើម្បីទទួលស្វាគមន៍ និងសំណេះសំណាលជាមួយយុវសិស្ស ដោយបានកោតសរសើរ និងមានមោទនភាពចំពោះភាពក្លាហាន ទឹកចិត្តសប្បុរសធម៌ មនុស្សធម៌ និងការដឹងគុណរបស់ក្មួយៗ ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបាននិងកំពុងភៀសខ្លួនចេញពីសង្គ្រាមឈ្លានពាន ដែលបង្កឡើងដោយប្រទេសថៃ និងវីរៈភាពរបស់កងទ័ពកម្ពុជា ដែលកំពុងលះបង់ទាំងកាយ ទាំងចិត្តការពារបូរណភាពទឹកដី និងសុខសុវត្ថិភាពជូនប្រជាជនទាំងមូល។

លោកក៏បានដាស់តឿនក្មួយៗយុវសិស្សទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រឱ្យមានចំណេះដឹង សមត្ថភាពខ្លាំងពូកែ និងមានសីលធម៌ គុណធម៌ល្អ ដើម្បីចូលរួមកសាង និងអភិវឌ្ឍជាតិឱ្យមានការរីកចម្រើនតទៅមុខបន្ថែមទៀត។

ក្នុងដំណើនៃការនាំយកអំណោយជាជំនួយមនុស្សធម៌នេះ ក្រុមយុវសិស្សបានជួបសំណេះសំណាលសួរសុខទុក្ខ និងផ្ដាំផ្ញើជូនលោកតា លោកយាយ លោកពូ អ្នកមីញ បងប្រុស បងស្រី និងក្មួយៗ សូមថែរក្សាសុខភាព និងជូនពរឱ្យមានសុខភាពល្អ និងជៀសផុតពីជំងឺនានា។ ក្មួយៗជាក្រុមយុវជន ក៏បានសម្ដែងនូវមនោសញ្ចេតនាប្រកបដោយក្ដីអាណិតអាសូរចំពោះប្រជាជនភៀសសឹក ពិសេសកុមារ ចាស់ជរា និងស្ត្រីមានផ្ទៃពោះ និងមានទារក ដែលពួកគាត់កំពុងរស់នៅក្នុងកាលៈទេសៈដ៏លំបាក ដែលបង្កឡើងដោយសង្គ្រាមឈ្លានពានលើបូរណភាពទឹកដីរបស់កម្ពុជា ពីសំណាក់ប្រទេសថៃ។

ឆ្លៀតក្នុងឱកាសនេះផងដែរ ក្មួយៗ ជាក្រុមយុវសិស្សខាងលើ ក៏បានបង្ហាញនូវការគោរព ដឹងគុណ និងកោតសរសើរអំពីវីរៈភាព និងការលះបង់យ៉ាងធំធេងរបស់វីរៈកងទ័ពដ៏អង់អាចក្លាហានរបស់យើង ព្រោះក្រុមគ្រួសាររបស់គាត់ក៏ស្ថិតក្នុងចំណោមគ្រួសារនៃជនភៀសសឹកផងដែរ។ ថ្លែងក្នុងពិធីសំណេះសំណាលនេះ ក្មួយៗទាំងអស់ក៏បានអំពាវនាវដល់រដ្ឋាភិបាល និងក្រុមយោធាថៃ ឱ្យគោរពបូរណៈភាពទឹកដីកម្ពុជា គោរពសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិ ដើម្បីរក្សាបាននូវសន្តិភាពពេញលេញ និងធានាបាននូវការអភិវឌ្ឍប្រកបដោយវិបុលភាពនៅតាមបណ្ដោយព្រំដែន សម្រាប់ជាឧត្ដមប្រយោជន៍ និងសុខុមាលភាពនៃប្រជាជនរបស់ប្រទេសទាំងពីរ។

អំណោយរបស់ក្រុមយុវសិក្សា ដែលបាននាំយកមកផ្ដល់ជូនប្រជាជនភៀសសឹកនាពេលនោះ រួមមាន៖ អង្ករ ត្រីខ ត្រីងៀត ទឹកត្រី ទឹកស៊ីអ៊ីវ ប៊ីចេង អំបិល និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនផ្សេងទៀត សរុបទឹកប្រាក់ប្រមាណ ១៣ ០០០ដុល្លារអាម៉េរិក។ ស្បៀងអាហារ សម្ភារប្រើប្រាស់ និងថវិកាខាងលើនេះ ជាអំណោយរបស់សប្បុរសជន ដែលក្រុមយុវសិស្សខាងលើបានកៀរគរ និងរៃអង្គាស់ក្នុងព្រឹត្តិការណ៍ នៃ កម្មវិធីរត់ ដើម្បីសប្បុរសធម៌ គីឡូម៉ែត្រដើម្បីខ្មែរ ដែលបានរៀបចំ និងប្រព្រឹត្តទៅនៅបុរីប៉េងហួត គម្រោងអេកូផាក ១ រាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥កន្លងទៅនេះ។

កម្មវិធីរត់ដើម្បីសប្បុរសធម៌នេះ ក៏មានការឧបត្ថម្ភគាំទ្រជា សម្ភារ, ថវិកា និងមធ្យោបាយផ្សេងៗផងដែរពី៖ បុរីប៉េងហួត, BVM Petroleum , Kampuchea Digital Marketing Venture, Vattanac V-active, ទុរេនបឹងកេត, Poise Mera, Mekong Land Group, Long Sreng International, ធនាគារអេស៊ីលីដា, Gather Ground Coffee, Fruit Pop, Supremo, Rukhak Coffee, Pasteur Square co.,LTD, Rosemoric,Cintri និងមន្ទីរពហុព្យាបាលសេតេ៕