បណ្ឌិត កៅ ថាច ផ្តល់កិត្តិយសចូលរួមថ្លែងសុន្ទរកថាគន្លឹះ និងចែករំលែក នូវចក្ខុវិស័យអំពីការវិនយោគសម្រាប់អនាគត ក្នុងមហាសន្និបាតថ្នាក់ជាតិ BNI កម្ពុជា ឆ្នាំ២០២៥

18-10-2025 21:03

(ភ្នំពេញ)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញផ្តល់កិត្តិយសចូលរួមថ្លែងសុន្ទរកថាគន្លឹះ និងចែករំលែកនូវចក្ខុវិស័យអំពីការវិនយោគសម្រាប់អនាគត ក្នុង «មហាសន្និបាតថ្នាក់ជាតិ BNI កម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ UNITED for a THRIVING FUTURE» ដែលបានរៀបចំឡើងដោយ BNI Cambodia និងសមាជិក BNI ផ្សេងទៀត។

ក្នុងមហាសន្និបាតថ្នាក់ជាតិ ដ៏មានសារៈសំខាន់នេះ, លោកបណ្ឌិត កៅ ថាច បានសង្កត់ធ្ងន់ទៅលើទិដ្ឋភាពចម្បងៗចំនួនពីរ រួមមាន៖

(១)៖ ដំណើរវិវត្តនៃម៉ូឌែលអាជីវកម្មខ្មែរពីសម័យអាណាចក្រអង្គររហូតដល់បច្ចុប្បន្ន និងទំនោរសម្រាប់អនាគត ដោយបានបញ្ជាក់ថានាសម័យអាណាចក្រខ្មែរ ខ្មែរ មានរបបសេដ្ឋកិច្ចបែប អាណាចក្រកសិកម្ម (Temple-State Agrarian Economy), សម័យក្រោយអង្គរ ខ្មែរ មានរបបសេដ្ឋកិច្ចបែប កុលសម្ព័ន្ធ និងពាណិជ្ជករ (Tributary & Merchant Trade), សម័យអាណានិគមបារាំង សេដ្ឋកិច្ចបែប ដំណាំឧស្សាហកម្ម និងសម្បទាន (Concession & Plantation Model), សម័យសង្គមរាស្រ្តនិយម សេដ្ឋកិច្ចបែប ឧស្សាហូ-បនីយកម្ម រដ្ឋតម្រង់ទិស (State-Guided Industrialization), សម័យកម្ពុជាប្រជាធិបតេយ្យ សេដ្ឋកិច្ចបែប ផែនការ, សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា សេដ្ឋកិច្ចបែប ទីផ្សារ-សង្គមនិយម (Socialist-Market Transition), សម័យបច្ចុប្បន្ន សេដ្ឋកិច្ចបែប ទីផ្សារសេរី និងចម្រុះ (Liberal Market & Hybrid Model), សម័យអនាគត សេដ្ឋកិច្ចបែប មូលធនចំណេះដឹង និងសេដ្ឋកិច្ចបៃតង

(២)៖ អត្ថន័យ និងមូលដ្ឋានគ្រឹះនៃការវិនិយោគសម្រាប់អនាគត លោកបណ្ឌិត កៅ ថាច ក៏បានចែករំលែកនូវទស្សនៈអំពី សរសរស្តម្ភទាំង ៥ (បញ្ចស្តម្ភ) នៃការវិនិយោគសម្រាប់អនាគត ៖ សរសរស្តម្ភមូលធនមនុស្ស, សរសរស្តម្ភនវានុវត្តន៍កសិកម្ម, សរសរស្តម្ភហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យា, សរសរស្តម្ភចីរភាពបរិស្ថាន, និងសរសរស្តម្ភសមត្ថភាពស្ថាប័ន។ សរសរស្តម្ភមូលធនមនុស្ស សំដៅដល់ការអប់រំនិងបណ្តុះ-បណ្តាលវិជ្ជាជីវៈ និង ការអភិវឌ្ឍជំនាញសម្រាប់យុវជន, សរសរស្តម្ភនវានុវត្តន៍កសិកម្ម សំដៅដល់ ការវិយោគទៅលើបច្ចេកវិទ្យាកសិកម្មថ្មីៗ (Agri-Tech) ដូចជា បច្ចេកវិទ្យាឌ្រូន សម្រាប់ការបាញ់ជីកសិកម្ម និងថ្នាំសម្លាប់សត្វល្អិត និងថ្នាលទិន្នន័យពាក់ព័ន្ធនឹងវិស័យកសិកម្ម (Data Platform for Agriculture) ក៏អាចជាអាជីកម្មសម្រាប់អនាគតមួយដ៏ល្អ ផងដែរ ដូចជា APP ទិន្នន័យសម្រាប់ ព្យាបាលជំងឺសត្វ ឬដំណាំនានា ជាដើម, សរសរស្តម្ភហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យា សំដៅដល់ការវិនិយោគលើការតភ្ជាប់ផ្នែកឌីជីថល និងថាមពលកកើតឡើងវិញ ដូចជា ការវិនិយោគបច្ចេកវិទ្យាថ្មីៗដោយប្រើប្រាស់ជំនួយពី AI (Artificial Intelligence) និង E-Commerce, សរសរស្តម្ភចីរភាពបរិស្ថាន សំដៅដល់ការវិនិយោគវិស័យបៃតង, កសិកម្មបែបធម្មជាតិ, ការរក្សាធនធានទឹក និងការប្រើប្រាស់ឡើងវិញ, និងការកាត់បន្ថយហានិភ័យនៃការប្រែប្រួលអាកាសធាតុ ជាដើម, សរសរស្តម្ភសមត្ថភាពស្ថាប័ន សំដៅដល់ការវិនិយោគលើប្រព័ន្ធប្រព័ន្ធអភិបាលកិច្ចសាជីវកម្មល្អ និងការកសាងភាពជាដៃគូ និងការកសាងទំនុកចិត្ត, និងប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្នរបស់អាជីវកម្ម។

មុននឹងបញ្ចប់នូវការថ្លែងសុន្ទរកថាគន្លឹះ និងចែករំលែកនូវចក្ខុវិស័យអំពីការវិនយោគសម្រាប់អនាគត, លោកបណ្ឌិត កៅ ថាច បានផ្តល់អនុសាសន៍ដ៏មានតម្លៃសម្រាប់សហគ្រិន និងម្ចាស់អាជីវកម្មដែលបានចូលរួម និងបានផ្តល់នូវសារសម្រាប់ការចងចាំមួយឃ្លាដ៏មានអត្ថន័យប្រកបដោយខ្លឹមសារសេ្នហាជាតិ «សហគ្រិនមិនត្រឹមតែកសាងធុរកិច្ចទេ ប៉ុន្តែថែមទាំង កំពុងតែចូលរួម កសាងជាតិយើង»៕