ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ផ្ដាំសិស្សានុសិស្សកុំរើសអើងសិស្សដូចគ្នា ដែលជាកូនកាត់ថៃ ឬជនជាតិថៃ ព្រោះខ្មែរជាជាតិសាសន៍ថ្លៃថ្នូរ
18-10-2025 21:12
(សៀមរាប)៖ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តសៀមរាប បានលើកឡើងថា ប្រសិនបើមានសិស្សមានសញ្ជាតិខ្មែរកាត់ថៃ ឬក៏ជាតិថៃសុទ្ធ កំពុងសិក្សារៀនសូត្រជាមួយ សូមកុំមានការរើសអើងជាតិសាសន៍គេ ព្រោះជាតិសាសន៍ខ្មែរយើង គឺជាជាតិសាសន៍ថ្លៃថ្នូរ ដូច្នេះសូមយើងកុំធ្វើដូចគេ។
ជាពិសេស អ្នកដែលកំពុងប្រកបរបរអាជីវកម្ម ជាមួយជនជាតិថៃនៅក្នុងខេត្តសៀមរាប សូមមេត្តាបន្តរួមរស់ និងរកស៊ីជាមួយគ្នាដូចដើម ព្រោះធ្លាប់រួមរស់ជាមួយគ្នារកស៊ីជាមួយគ្នារាប់ឆ្នាំ ហើយខ្លះក៏បានកសាងគ្រួសារជាមួយគ្នា ដោយមានស្វាមី និងភរិយាជាជនជាតិខ្មែរ។
ការលើកឡើងយ៉ាងដូច្នេះរបស់ឧបនាយករដ្ឋមន្ត្រី ទៀ សីហា នៅក្នុងពិធីសំណេះសំណាលជាមួយមាតាបិតា អាណាព្យាបាល និងបេក្ខជនប្រឡងជាប់និទ្ទេស A និង B នៅខេត្តសៀមរាប នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនផងដែរ។
នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានទទូចដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ សូមបញ្ឈប់ការរើសអើងជាតិសាសន៍ ចំពោះសិស្សដែលមានសញ្ជាតិខ្មែរកាត់ថៃ ឬជនជាតិថៃសុទ្ធ ដែលកំពុងសិក្សារៀនសូត្រជាមួយយើង។
ឧបនាយករដ្ឋមន្ត្រី បានបន្តថា ជនរួមជាតិទាំងអស់ រួមទាំងសិស្សានុសិស្ស យុវជន យុវនារី ត្រូវចេះស្រឡាញ់ រាប់អាន និងគោរពគ្នាទៅវិញទៅមក ដោយមិនត្រូវយកបញ្ហាពូជសាសន៍ ពណ៌សម្បុរ ជំនឿសាសនា ដើមកំណើត ឬនិន្នាការនយោបាយ មកធ្វើជាលេសក្នុងការបែងចែក ការរើសអើង ឬការបង្កើតជម្លោះឡើយ។
ឧបនាយករដ្ឋមន្ត្រី ក៏បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមអនុវត្តគោលនយោបាយរាជរដ្ឋាភិបាល និងខិតខំប្រឹងប្រែងធ្វើអំពើល្អ សាមគ្គីគ្នាជាធ្លុងមួយ ដើម្បីកសាងប្រទេសជាតិឱ្យកាន់តែរីកចម្រើន ស្របតាមមាគ៌ានៃការរួមរស់ដោយសុខដុមនីយកម្ម។ ព្រមទាំងបានសម្តែងការអបអរសាទរចំពោះសិស្សានុសិស្សនៅខេត្តសៀមរាប ដែលបានប្រឡងជាប់ទទួលបាននិទ្ទេស A ចំនួន២៤៧នាក់ និងនិទ្ទេស B ចំនួន៧៥៨នាក់។
នាយឧត្តមសេនីយ៍ ទៀ សីហា បានបន្ថែមថា ចំពោះលទ្ធផលដែលក្មួយៗទទួលបានពេលនេះ ពិតជាកើតចេញពីការខិតខំរៀនសូត្ររបស់ក្មួយៗ ការខិតខំបង្ហាត់បង្រៀនរបស់លោកគ្រូ អ្នកគ្រូ និងការខ្នះខ្នែងផ្តល់ការបំពាក់បំប៉នសមត្ថភាពពីតួអង្គពាក់ព័ន្ធ ជាសំខាន់មាតាបិតា និងអាណាព្យាបាល ដែលបានជួយឲ្យពួកគេទទួលបានជ័យលាភី នៅក្នុងការប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ។
លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឱ្យដឹងថា សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥នេះ ខេត្តសៀមរាប មានបេក្ខជនដែលបានមកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសរុបចំនួន ១១,១៦២នាក់ ស្រី ៦,៥១៤នាក់។ ក្នុងនោះដែរ សិស្សដែលបានប្រឡងជាប់សរុបចំនួន ៩,៨១៧នាក់ ស្រី៥,៨៩២នាក់។ សិស្សទទួលបាននិទ្ទេស A មានចំនួន២៤៧នាក់ ស្រី១៣៥នាក់, និទ្ទេស B ចំនួន៧៥៨នាក់, និទ្ទេស C ចំនួន២,៤៣៦នាក់, និទ្ទេស D ចំនួន ៣,៧៩៨នាក់ និងនិទ្ទេស E ចំនួន ១១,៣៣៩នាក់៕