ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ចូលរួមក្នុងកម្មវិធីបើកមហោស្រពហាឡាលអន្តរជាតិម៉ាឡាកា ឆ្នាំ២០២៥

18-10-2025 21:19

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញចូលរួមក្នុងកម្មវិធីបើកមហោស្រពហាឡាលអន្តរជាតិម៉ាឡាកា ឆ្នាំ២០២៥ (Melaka International Halal Festival - MIHF’25) នៃប្រទេសម៉ាឡេស៊ី ដែលប្រារព្ធឡើង នៅមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិម៉ាឡាកា (MITC) ក្នុងឱកាសលោកទេសរដ្ឋមន្ត្រី អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសាសនា MABIMS (ព្រុយណេ, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី និងសិង្ហបុរី) ។

កម្មវិធីបើកខាងលើត្រូវបានធ្វើឡើង ក្រោមអធិបតីភាព លោក YAB DATUK SERI UTAMA AB RAUF BIN YUSOH អភិបាលរដ្ឋសហព័ន្ធម៉ាឡាកា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ក្នុងគោលបំណងពង្រឹងសមត្ថភាពឧស្សាហកម្មហាឡាល និងពង្រីកវិស័យទេសចរណ៍ហាឡាល នៅក្នុងរដ្ឋសហព័ន្ធម៉ាឡាកា ជាពិសេសជា វេទិកាដ៏សំខាន់ ក្នុងការពង្រឹងប្រព័ន្ធអេកូឡូស៊ីហាឡាល របស់ប្រទេសម៉ាឡេស៊ី ព្រមទាំង ពង្រឹង ជំហររបស់ម៉ាឡេស៊ីជា មជ្ឈមណ្ឌលហាឡាលសកល ដោយផ្អែកលើតម្លៃ Malaysia MADANI។

កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកសមាជិកព្រឹទ្ធសភា Dato’ Setia Dr. Haji Mohd Na’im bin Haji Mokhtar រដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសាសនានៃប្រទេសម៉ាឡេស៉ី ព្រមទាំងគណៈប្រតិភូរដ្ឋមន្ត្រីសាសនាថ្នាក់តំបន់ទាំងអស់មកពីប្រទេសព្រុយណេ ឥណ្ឌូនេស៊ី និងសិង្ហបុរី (MABIMS)។

ក្នុងឱកាសនោះ លោក YAB DATUK SERI UTAMA AB RAUF BIN YUSOH អភិបាលរដ្ឋសហព័ន្ធម៉ាឡាកា មានប្រសាសន៍ថា រដ្ឋសហព័ន្ធម៉ាឡាកាបានឈានទៅមុខមួយជំហានតាមរយៈការបង្កើតមជ្ឈមណ្ឌលហាឡាលម៉ាឡាកា (Melaka Halal Hub) តាំងពីឆ្នាំ២០០០ ដើម្បីពង្រឹងសហគ្រិននៃឧស្សាហកម្មខ្នាតតូច និងមធ្យម។

ដើម្បីឈានទៅមួយជំហានទៀតលើវិស័យឧស្សាហកម្មហាឡាល អភិបាលរដ្ឋបានប្រកាសថា រដ្ឋសហព័ន្ធម៉ាឡាកា បាននឹងកំពុងសហការជាមួយក្រុមហ៊ុនឯកជន ក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលហាឡាលម៉ាឡាកា ដំណាក់កាលទី២ (Melaka Halal Hub phase 2) នៅលើផ្ទៃដីបន្ថែមទំហំ ៤៧.៩៤ ហិចតា ដែលត្រូវបានគេរំពឹងថានឹងបញ្ចប់ទាំងស្រុងនៅឆ្នាំ២០២៧។

លើសពីនេះទៅទៀត លោកអភិបាលរដ្ឋ បានថ្លែងបញ្ជាក់ដែរថា រដ្ឋសហព័ន្ធម៉ាឡាកា នឹងបង្កើតក្រុមប្រឹក្សាអភិវឌ្ឍន៍ឧស្សាហកម្មហាឡាលថ្នាក់រដ្ឋ (MPIH Melaka) ដែលជាស្ថាប័នមានតួនាទីសំខាន់ ដើម្បីសម្រួលដល់ភ្នាក់ងារបច្ចេកទេសទាំងអស់ និងឧស្សាហកម្មពាក់ព័ន្ធនឹងហាឡាលនៅក្នុងរដ្ឋនេះ ឲ្យមានលក្ខណៈទូលំទូលាយ ហើយនេះក៏ជាចលនាយុទ្ធសាស្ត្រដែលស្របតាមមហិច្ឆតានៃក្រុមប្រឹក្សាអភិវឌ្ឍន៍ឧស្សាហកម្មហាឡាលថ្នាក់សហព័ន្ធ ក្រោមផែនការមេឧស្សាហកម្មហាឡាល ២០៣០ (HIMP 2030) ដែលតម្រូវឲ្យរដ្ឋនីមួយៗត្រូវមានរចនាសម្ព័ន្ធបទប្បញ្ញត្តិហាឡាលរៀងៗខ្លួន។

នៅថ្ងៃទី១៩ ខែតុលាស្អែក ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ នឹងអញ្ជើញទៅទស្សនកិច្ចសិក្សា នៅមជ្ឈមណ្ឌលហាឡាលម៉ាឡាកា (Melaka Halal Hub) ដែលជាតំបន់ឧស្សាហកម្មមួយ ដែលគាំទ្រដល់អាជីវកម្មហាឡាល និងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឧស្សាហកម្មហាឡាល នៅរដ្ឋម៉ាឡាកា។

សូមជម្រាបថា ក្នុងកម្មវិធីខាងលើមិនត្រឹមតែ មានការតាំងពិព័រណ៍ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាវេទិកាយុទ្ធសាស្ត្រសម្រាប់ សហគ្រិន វិនិយោគិន និងអ្នកពាក់ព័ន្ធក្នុងវិស័យឧស្សាហកម្ម ហាឡាល ដើម្បីពង្រីកបណ្តាញរបស់ពួកគេ ស្វែងរកឱកាសទីផ្សារថ្មីៗ និងលើកកម្ពស់វត្តមានម៉ាកយីហោរបស់ពួកគេលើឆាកអន្តរជាតិផងដែរ។

កាលពីឆ្នាំ២០២៤ (MIHF’24 ) បានទាក់ទាញអ្នកតាំងពិព័រណ៍ជាង២៥០នាក់ និងភ្ញៀវទេសចរណ៍ជាង ៦០,០០០នាក់ ដោយបង្កើតបាននូវប្រតិបត្តិការអាជីវកម្មដែលមានតម្លៃលើសពី ៦លានរីងហ្គីត (RM6 million)៕