ប្រតិភូសាខាសមាគមនារី ខេត្តពោធិ៍សាត់ បន្តនាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ ប្រគល់ជូនវរកងទ័ពជួរមុខ កំពុងឈរជើង នៅខេត្តឧត្តរមានជ័យ (Video inside)

18-10-2025 21:49

(ពោធិ៍សាត់)៖ ផ្សារភ្ជាប់ទឹកចិត្តរវាងសមរភូមិក្រោយ និងសមរភូមិមុខ, នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥នេះ ប្រតិភូសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ ដឹកនាំដោយ លោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយសសាខា បានបន្តនាំយកអំណោយ ជាសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគមួយចំនួន មកប្រគល់ជូនដល់វរកងទ័ពជួរមុខ ដែលកំពុងឈរជើង នៅខេត្តឧត្តរមានជ័យ ព្រំប្រទល់កម្ពុជា-ថៃ។

លោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ បានជម្រាបជូនថា អំណោយដែលបានរៀបចំជូនកងកម្លាំងយើងនាពេលនេះ ក៏ដូចជាពេលកន្លងមក គឺជាគំនិតផ្តួចផ្តើមរបស់លោកជំទាវផ្ទាល់ ដោយបានការចូលរួមសហការពីសំណាក់ សមាជិកាសមាគមនារីខេត្ត និងសប្បុរសជន ដែលក្នុងនោះមានអំបុកលីង ជាមួយសាច់ប៉ាក់យ៉ុង ជាស្នាដៃបង្កប់ដោយអត្ថន័យ ផ្សារភ្ជាប់រវាងសមរភូមិក្រោយ និងសមរភូមិមុខ សម្រាប់ចែកជូនដល់វរកងទ័ពជួរមុខយើង បានទុកពិសា ក្រោមទឹកចិត្តអាណិតអាសូរ ខ្មែរស្រលាញ់ខ្មែរ។

លោកស្រីបានបន្តថា មិនត្រឹមតែខេត្តឧត្តរមានជ័យប៉ុណ្ណោះទេ តាមបណ្តាខេត្តនៅជាប់ព្រំដែន កម្ពុជា-ថៃ ដែលប្រឈខ្លាំង ដូចជាខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ ក៏ត្រូវបានសាខាសមាគមនារីខេត្ត រួមទាំងរដ្ឋបាលខេត្តពោធិ៍សាត់ តែងតែផ្តល់ជាស្បៀងអាហារ សម្ភារៈ បរិក្ខា និងថវិកាជាបន្តបន្ទាប់ ដើម្បីគាំទ្រដល់សមរភូមិមុខ។

ពិតណាស់ផលវិបាកនៃសង្គ្រាម បានបង្កមហន្តរាយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងសោកនាដកម្ម ផ្តាច់ជីវិតមនុស្សមិនរើសមុខ រួមទាំងទាហាន និងជនស៊ីវិលស្លូតត្រង់។ ប្រជាពលរដ្ឋត្រូវបង្ខំចិត្តភៀសខ្លួន ចាកចេញពីផ្ទះសម្បែង ទ្រព្យសម្បត្តិ សត្វចិញ្ចឹម ដែលមិនអាចយកមកជាមួយបាន។ ទុក្ខលំបាកនេះ បានធ្វើឱ្យយើងទាំងអស់គ្នាយល់យ៉ាងច្បាស់ណាស់ ពីតម្លៃនៃសន្តិភាព ហើយយើងក៏ចង់បង្ហាញអន្តរជាតិឱ្យបានឃើញថា ប្រជាជនកម្ពុជាត្រូវការសុខសន្តិភាព ហើយក៏មិនចង់បានការឈ្លានពាន ឬជម្លោះណាមួយឡើយ។

លោកស្រី អាំង សុជាតា ខូយរីដា ក៏បានថ្លែងអំណរគុណ និងគោរពដឹងគុណ ដល់វីរកងទ័ពជួរមុខកម្ពុជាយើងទាំងអស់ ដែលបានខិតខំការពារបូរណភាពទឹកដី តាមខ្សែរបន្ទាត់ព្រំដែន ប្រកបដោយភាពអង់អាចក្លាហាន និងឈរជើងយ៉ាងរឹងមាំ ប្រឆាំងនឹងសត្រូវឈ្លានពាន។

តំណាងវរកងទ័ពជួរមុខ ដែលកំពុងឈរជើង នៅខេត្តឧត្តរមានជ័យ បានគោរពថ្លែងអំណរគុណជូនចំពោះ ប្រតិភូសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ ដឹកនាំដោយ លោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយសសាខា ដែលបាននាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ មកប្រគល់ជូននាពេលនេះ ក៏ដូចជាពេលកន្លងមក សបញ្ជាក់ឱ្យឃើញពីស្មារតីស្នេហាជាតិ សាមគ្គីភាពជាតិ ខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរ និងជាការលើកទឹកចិត្ត រួមជាធ្លុងដ៏រឹងមាំមួយ ក្នុងការគាំទ្ររវាងកម្លាំងជួរក្រោយ ជាមួយកងទ័ពជួរមុខ ដែលកំពុងប្រតិបត្តិការការពារអធិបតេយ្យភាព បូរណភាពទឹកដី នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ។

អំណោយដែលត្រូវប្រគល់ជូននាពេលនេះ រួមមាន៖ អំបុកលីងសាច់ប៉ាក់យ៉ុង ១៥០កញ្ចប់, ផ្អក ៣០០គីឡូក្រាម, ត្រីងៀត ២០០គីឡូក្រាម, សាច់ក្រក ១៥០គីឡូក្រាម, ចង្ក្រានហ្គាស ៣០ឈុត, ទឹកក្រូច ៧០កេស, មី ៧០កេស, ពងទាប្រៃ ៣០កែវធំ, ក្បាក់លាងចាន៣០, ឃីត និងក្រម៉ាខ្មែរមួយចំនួនផងដែរ៕