រដ្ឋមន្ត្រី ហួត ហាក់៖ ពិព័រណ៍អាហារអន្តរជាតិ ភេសជ្ជៈ សណ្ឋាគារ និងការផ្គត់ផ្គង់បដិសណ្ឋារកិច្ច ជាវេទិកាក្នុងការជំរុញ ដល់វិស័យទេសចរណ៍
22-10-2025 16:34
(ភ្នំពេញ)៖ ដូចដែលបានគ្រោងទុកជាយូរមកហើយ ក្រសួងទេសចរណ៍ បានប្រកាសថា នឹងចាប់យកវេទិកាពិព័រណ៍ CAMFood & CAMHotel ធ្វើជាឱកាសក្នុងការជំរុញ និងផ្សព្វផ្សាយដល់វិស័យទេសចរណ៍ នៅក្នុងស្រុក ដើម្បីទាក់ទាញកំណើនភ្ញៀវជាតិ និងអន្តរជាតិ ឱ្យមានសន្ទុះឡើងវិញ តាមរយៈការចូលទស្សនា នូវពិព័រណ៍ដ៏សំបូរបែបមួយនេះ។
នៅក្នុងពិធីប្រកាសបើកសម្ពោធពិព័រណ៍ «អាហារអន្តរជាតិ ភេសជ្ជៈ សណ្ឋាគារ និងការផ្គត់ផ្គង់បដិសណ្ឋារកិច្ច» (CAMFood & CAMHotel) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ, លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ពិព័រណ៍អន្តរជាតិដ៏សំខាន់ ក្នុងវិស័យបដិសណ្ឋារកិច្ច ម្ហូបអាហារនិងភេសជ្ជៈ គឺជាការបង្ហាញ នូវអាជីវកម្មមួយទៅអាជីវកម្មមួយទៀត បានយ៉ាងងាយស្រួលផងដែរ។
លោកបន្តថា នេះគឺជាវេទិកាសម្រាប់សហគ្រាសក្នុងប្រទេសកម្ពុជា និងតំបន់ ដោយព្រឹត្តិការណ៍នេះ គឺធ្វើឡើងក្នុងរយៈពេលបីថ្ងៃ ដែលបង្កើតឱ្យមានកបរិយាកាសអំណោយផលខ្ពស់ សម្រាប់អន្តរកម្មទីផ្សារសំខាន់ៗ និងផ្តល់ឱកាសទាំងក្នុងស្រុក និងក្រៅស្រុកវិនិយោគិនដើម្បីភ្ជាប់បណ្តាញ និងចូលរួមពិភាក្សាជាមួយអ្នកជំនាញជាតិនិងអន្តរជាតិ។
លោកបញ្ជាក់ថា «គោលបំណងគឺលើកកម្ពស់អាជីវកម្មកំណើន និងពង្រីកទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា និងទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដោយការរៀបចំពិព័រណ៍នេះ និងនាំមកនូវឱកាសថ្មីនៅក្នុងស្រុក និងអ្នកផ្គត់ផ្គង់ និងអ្នកចែកចាយអន្តរជាតិ ដើម្បីជួបជាមួយអ្នកជំនាញមកពីឧស្សាហកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចរួមទាំងអ្នកផលិតអាហារ និងភេសជ្ជៈអន្តរជាតិឈានមុខគេជាដើម»។
ជាមួយនឹងចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ប្រែក្លាយប្រទេសដែលមានចំណូលទាបទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់។ ក្នុងន័យជាក់ស្តែង វិស័យទេសចរណ៍មានការរីកចម្រើន គួរឱ្យកត់សម្គាល់ ចំនួនភ្ញៀវអន្តរជាតិមកប្រទេសកម្ពុជា បានកើនឡើងពីជាង២៩០,០០០នាក់ ក្នុងឆ្នាំ១៩៩៨ ដល់ច្រើនជាង៦.៦លាននាក់ ក្នុងឆ្នាំ២០១៩។
នៅឆ្នាំ២០២៤ ប្រទេសកម្ពុជា ទទួលស្វាគមន៍ភ្ញៀវអន្តរជាតិចំនួន៦.៧លាននាក់ កើនឡើងប្រមាណ ២៣% បើធៀបនឹងឆ្នាំ២០២៣។ ខណៈដែលចំនួនភ្ញៀវទេសចរ ក្នុងស្រុកកើនឡើងប្រមាណ២២.៥២លាននាក់ កើនឡើង២០.១% បើធៀបនឹងឆ្នាំ២០២៤។
គិតត្រឹមឆ្នាំដំបូង៩ខែ នៃឆ្នាំ២០២៥ ភ្ញៀវទេសចរអន្តរជាតិសរុបប្រមាណ៤.៣៨លាននាក់ ខណៈភ្ញៀវទេសចរក្នុងស្រុក ឈានដល់ប្រហែល១៨.៦៣លាននាក់ កើនឡើង៥៣.៣% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤។
សូមបញ្ជាក់ថា ប្រទេសចំនួន៩ ដែលមាន៖ កម្ពុជា វៀតណាម ម៉ាឡេស៊ី សហរដ្ឋអាមេរិក ប្រទេសចិន សាធារណរដ្ឋកូរ៉េ អ៊ីតាលី ហ្វាំងឡង់ និងសិង្ហបុរី បានចូលរួមនៅក្នុងពិព័រណ៍មួយនេះ។
តាមរយៈព្រឹត្តិការណ៍នេះ ត្រូវបានគេរំពឹងថា នឹងទាក់ទាញនៅភ្ញៀវច្រើនជាង១២,០០០នាក់ ក្នុងចក្ខុវិស័យមួយដែលច្បាស់លាស់ និងឆ្ពោះទៅមុខសម្រាប់អនាគតនៃ «អាហារអន្តរជាតិ ភេសជ្ជៈ សណ្ឋាគារ ជាមួយនឹងពិព័រណ៍សង្វាក់ផ្គត់ផ្គង់បដិសណ្ឋារកិច្ចឆ្នាំ២០២៥ នៅកម្ពុជា» ដែលដើរតួជាព្រឹត្តិការណ៍សំខាន់ ក្នុងការចូលរួមចំណែក ដល់ការអភិវឌ្ឍប្រកបដោយចីរភាព នៃវិស័យទេសចរណ៍កម្ពុជា ដោយភ្ជាប់ទំនាក់ទំនងទេសចរណ៍ប្រកបដោយប្រសិទ្ធភាពជាមួយពាណិជ្ជកម្ម និងពាណិជ្ជកម្ម៕

































