នាយឧត្តមសេនីយ៍ ស ថេត ដង្ហែអង្គកឋិនទានរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ទៅវត្តសុវណ្ណរង្សីបារមីកញ្ជ្រៀចធំ និងប្រគេនបច្ច័យជិត២០ម៉ឺនដុល្លារសម្រាប់កសាងព្រះវិហារ
25-10-2025 16:21
(ព្រៃវែង)៖ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥នេះ លោកស្រី ញ៉ែម សា ខន សខេង, នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកស្រី ស ស៉ីណា បានដង្ហែអង្គកឋិនទានរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីវេរប្រគេនព្រះភិក្ខុសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស នៅវត្តសុវណ្ណរង្សីបារមីកញ្ជ្រៀចធំ នៅស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។
អង្គកឋិនទានរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមគំនិតផ្ដួចផ្ដើមរបស់នាយឧត្តមសេនីយ៍ ស ថេត ទទួលបានបច្ច័យជិត២០ម៉ឺនដុល្លារ ដើម្បីវេប្រគេនព្រះសង្ឃសម្រាប់ការកសាងព្រះវិហារបង្ហើយផងដែរ។ កាលពីឆ្នាំកន្លងទៅ នាយឧត្តមសេនីយ៍ ស ថេត ក៏បានដង្ហែអង្គកឋិនទានទៅវត្តសុវណ្ណរង្សីបារមីកញ្ជ្រៀចធំ ម្ដងរួចមកហើយ ហើយសរុបបច្ច័យដែលប្រគេនព្រះសង្ឃសម្រាប់កសាងព្រះវិហារជិត៤០ម៉ឺនដុល្លារ។
យោងតាមប្រពៃណីព្រះពុទ្ធសាសនានាសម័យពុទ្ធកាលមកបានបង្ហាញថា ពុទ្ធបរិសទ្ទ័នាំគ្នាធ្វើបុណ្យកឋិននេះគឺក្នុងជំនឿតាមគម្ពីរដីកាពុទ្ធសាសនាស្តីពីកឋិនទានថា ជាកាលទានដ៏មានផល្លានិសង្ឃច្រើនជាងទានទាំងពួង។
តាមពុទ្ធប្បញ្ញត្តិ ភិក្ខុសង្ឃដែលអាចទទួលក្រាលគ្រងកឋិនបានលុះណាតែបានគង់ចាំព្រះវស្សាអស់ពេល៣ខែ ដោយបរិបូរណ៍ ពុំមានដាច់កិច្ចចូលព្រះវស្សាទេនោះក៏ពុំអាចទទួលកឋិនទានពីពុទ្ធបរិសព្ទ័បានដែរ។
បើតាមទំនៀមទំលាប់ តាំងពីសម័យពុទ្ធកាលមកបានពោលថា ជនណាបានធ្វើបុណ្យកឋិនទាន ដែលនាំឲ្យភិក្ខុសង្ឃបានទទួលនូវអានិសង្ឃ៥យ៉ាង ឈ្មោះថា ជាអ្នកឲ្យសេចក្តីសុខដល់អ្នកដទៃ ក្នុងបច្ចុប្បន្នជាតិ ជននោះឯងតែងបានសុខក្នុងមនុស្សលោក និងទេវលោកក្នុងអនាគត។
កម្លាំងសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ្ធ ដែលកើតមានពីអង្គកឋិនទាន និងដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធបុព្វការីជនមានមាតា បិតា ជីដូនជីតាញាតិការទាំង៧សណ្តាន និងឧទ្ទិសដល់វិញ្ញាណក្ខន្ធ យុទ្ធជនយុទ្ធនារីដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ។
បច្ច័យដែលប្រមូលបានពីអង្គកឋិនទានទាំងអស់នេះ បានវេរប្រគេនព្រះសង្ឃ ក្នុងពទ្ធសីមា វត្តពុទ្ធជយមង្គលហៅវត្តសាលា ដើម្បីបន្តកសាងកុដិ និងសមិទ្ធផលនានា នៅក្នុងទីអារាមនេះ៕
























