អគ្គព្រះរាជអាជ្ញារងអមតុលាការកំពូលកម្ពុជា បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចការងារ នៅសាធារណរដ្ឋប្រជាមានិតចិន
27-10-2025 10:33
(ភ្នំពេញ)៖ មហាអយ្យការអមតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ប្រកាសអំពីការបញ្ចប់ដោយជោគជ័យនៃដំណើរទស្សនកិច្ចការងារផ្លូវការទៅកាន់សាធារណរដ្ឋប្រជាមានិតចិនរបស់ លោក ផាន់ វណ្ណរ័ត្ន អគ្គព្រះរាជអាជ្ញារង (Deputy Prosecutor General) ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់មហាអយ្យការប្រជាជនកំពូលចិន (SPP)។
ដំណើរទស្សនកិច្ចនេះ ត្រូវបានសម្របសម្រួលដោយអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃមហាអយ្យការប្រជាជនកំពូល ដែលបានប្រមូលផ្តុំអ្នកជំនាញផ្នែកអយ្យការមកពីកម្ពុជា និងមីយ៉ាន់ម៉ា និងមានការផ្លាស់ប្តូរបទពិសោធន៍ប្រកបដោយអត្ថន័យ សិក្ខាសាលាជំនាញ និងការចុះទស្សនកិច្ចស្ថាប័ននានានៅតាមខេត្តកុយចូវ (Guizhou) និងក្វាងស៊ី (Guangxi)។
ក្នុងអំឡុងបេសកកម្មនេះលោក ផាន់ វណ្ណរ័ត្ន បានធ្វើបទឧទ្ទេសនាមសំខាន់ៗចំនួនពីរគឺ៖ ប្រព័ន្ធអយ្យការរបស់កម្ពុជា នៅអយ្យការប្រជាជនខេត្តកុយចូវ, និង កិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងការអនុវត្តជាក់ស្តែងរបស់កម្ពុជា នៅបណ្ឌិតសភាជាតិរដ្ឋអាជ្ញាចិនប្រចាំខេត្តក្វាងស៊ី។ បទឧទ្ទេសនាមនីមួយៗ មានការចូលរួមពីរដ្ឋអាជ្ញាប្រមាណ ១៥០នាក់ មកពីទូទាំងប្រទេសចិន និងបានបង្កឱ្យមានការជជែកពិភាក្សាយ៉ាងផុសផុល ដោយអ្នកចូលរួមបានលើកឡើងនូវសំណួរប្រកបដោយគតិបណ្ឌិត និងការគិតគូរយ៉ាងស៊ីជម្រៅ។ វគ្គសិក្សាទាំងនេះបានបម្រើជាឱកាសដ៏មានតម្លៃដើម្បីផ្លាស់ប្តូរបទពិសោធន៍ជាក់ស្តែង និងពង្រឹងចំណងវិជ្ជាជីវៈរវាងស្ថាប័នអយ្យការកម្ពុជា និងចិន។
គណៈប្រតិភូកម្ពុជា បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងការសម្របសម្រួលយ៉ាងល្អប្រសើរពីសមភាគីចិន, លោក ផាន់ វណ្ណរ័ត្ន បានសម្តែងនូវការកោតសរសើរយ៉ាងស្មោះអស់ពីចិត្តចំពោះ ប្រធានរដ្ឋអាជ្ញា វ៉ាង យ៉ុងជីន (Wang Yongjin) នៃអយ្យការប្រជាជនខេត្តកុយចូវចំពោះភាពជាអ្នកដឹកនាំដ៏ឆ្នើម និងការយកចិត្តទុកដាក់យ៉ាងល្អិតល្អន់ ជាពិសេសក្នុងការរៀបចំកម្មវិធីដែលមានតុល្យភាពល្អ ដែលបានរួមបញ្ចូលគ្នានូវការផ្លាស់ប្តូរជំនាញវិជ្ជាជីវៈជាមួយនឹងការលើកកម្ពស់វប្បធម៌ រួមទាំងការណែនាំដោយយកចិត្តទុកដាក់នូវមុខម្ហូបក្នុងស្រុកដ៏ល្អបំផុត និងទំនៀមទម្លាប់របស់ខេត្តកុយចូវ។
លោកក៏បានសម្តែងការថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រដល់ លោក លីន ឌីនលី (Lin Dinli), រដ្ឋអាជ្ញារងនៃខេត្តក្វាងស៊ី, ចំពោះបដិសណ្ឋារកិច្ចប្រកបដោយមេត្រីភាព និងការសម្របសម្រួលដ៏ល្អរបស់លោកក្នុងអំឡុងពេលស្នាក់នៅរបស់គណៈប្រតិភូទាំងមូល ដោយធានានូវការបញ្ចប់សកម្មភាពផ្លូវការទាំងអស់យ៉ាងរលូន និងជោគជ័យ។
ដំណើរទស្សនកិច្ចនេះ ក៏មានការផ្លាស់ប្តូរចំណេះដឹងកម្រិតខ្ពស់ជាមួយសាកលវិទ្យាល័យជាតិសាសន៍ក្វាងស៊ី (Guangxi Minzu University) និងសាលាច្បាប់ចិន-អាស៊ាន (China–ASEAN Law School) ផងដែរ។ លោក ផាន់ វណ្ណរ័ត្ន បានជួបពិភាក្សាជាមួយ លោកស្រី វ៉ី ស៊ឺជិន (Wei Shizhen), សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិសាសន៍ក្វាងស៊ី, និងលោក ចិន ស៊ីង (Chen Xing), ព្រឹទ្ធបុរសនៃសាលាច្បាប់, ដើម្បីពិភាក្សាអំពីកិច្ចសហការសិក្សាធិការ ការអប់រំផ្នែកច្បាប់ និងឱកាស សម្រាប់កម្មវិធីរួមគ្នានៅពេលអនាគត។
ក្នុងជំនួបនោះលោកសាកលវិទ្យាធិការបានសម្តែងនូវបំណងប្រគល់ងារជាសាស្ត្រាចារ្យ កិត្តិយសដល់លោក ផាន់ វណ្ណរ័ត្ន ដើម្បីទទួលស្គាល់ការចូលរួមចំណែកផ្នែកវិជ្ជាជីវៈ និងកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអយ្យការក្នុងតំបន់។ បន្ទាប់ពីដើរទស្សនានៅបរិវេណសាកលវិទ្យាល័យ លោក ផាន់ វណ្ណរ័ត្ន បានកោតសរសើរចំពោះការរួមបញ្ចូលគ្នាយ៉ាងគួរឱ្យចាប់អារម្មណ៍នៃបេតិកភណ្ឌវប្បធម៌ និងការអប់រំច្បាប់ទំនើបរបស់សាកលវិទ្យាល័យ និងបានវាយតម្លៃខ្ពស់ចំពោះការលះបង់របស់សាកលវិទ្យាល័យក្នុងការបណ្តុះបណ្តាលអ្នកជំនាញច្បាប់ជំនាន់ក្រោយ។
ដំណើរទស្សនកិច្ចនេះ គឺជាសក្ខីភាពដ៏រឹងមាំមួយនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការផ្នែកអយ្យការដែលកំពុងរីកចម្រើនរវាងកម្ពុជា និងចិន វាបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តទៅវិញទៅមកនៃភាគីទាំងពីរក្នុងការបង្កើនកិច្ចសហប្រតិបត្តិការអយ្យការ ការលើកកម្ពស់ការពង្រឹងសមត្ថភាព និងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។
លោក ផាន់ វណ្ណរ័ត្ន បានសង្កត់ធ្ងន់ថា ភាពជោគជ័យនៃបេសកកម្មនេះ អាចកើតមានឡើងបានតាមរយៈភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យ និងការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពរបស់អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃអយ្យការប្រជាជនកំពូលចិន។ លោកបានអះអាងជាថ្មីនូវការត្រៀមខ្លួនជាស្រេចរបស់អយ្យការអមតុលាការកំពូលកម្ពុជា ដើម្បីបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអយ្យការប្រជាជនកំពូលចិន តាមរយៈការផ្លាស់ប្តូរ បណ្ដុះបណ្ដាល និងគំនិតផ្តួចផ្តើមក្នុងតំបន់បន្ថែមទៀត ដែលមានគោលបំណងជំរុញនីតិរដ្ឋ និងយុត្តិធម៌សម្រាប់ទាំងអស់គ្នា៕























