តំណាងនាយឧត្តមសេនីយ៍ ស ថេត ដង្ហែអង្គកឋិនទាន វេរប្រគេនបច្ច័យ ៩៩,៩៩៩,៩០០រៀលព្រះសង្ឃគង់នៅវត្តសោមុន្នីវ័ន្ត ក្នុងស្រុកបាទី ខេត្តតាកែវ
27-10-2025 16:27
(តាកែវ)៖ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានលើកឡើងថា សន្តិភាព គឺជាកត្តាមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍគ្រប់វិស័យ នៅក្នុងសង្គមជាតិមួយ ហើយក៏ជាគ្រឹះដ៏រឹងមាំសម្រាប់ការរីកចម្រើននៃវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋផងដែរ។
ការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក ធ្វើឡើងក្នុងឱកាសធ្វើតំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកស្រី បាននាំនូវបច្ច័យសង្កត់ត្រ័យចំនួន ៩៩,៩៩៩,៩០០រៀល ដើម្បីវេរប្រគេនព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តសោមុន្នីវ័ន្ត ហៅវត្តត្រពាំងបឹង ឋិតក្នុងឃុំរវៀង ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ មានប្រសាសន៍ថា ការចូលរួមប្រារព្ធអង្គកឋិនទានប្រកបដោយសទ្ធាជ្រះថ្លា នាពេលនេះបានដោយសារតែប្រទេសរបស់យើងមានសន្តិភាព ដែលសន្តិភាពនេះ បានផ្តល់នូវឱកាសសម្រាប់ប្រជាពុទ្ធបរិស័ទខ្មែរគ្រប់រូបអាចរស់នៅជួបជុំគ្រួសារ បំពេញការងារ និងប្រកបរបរចិញ្ចឹមជីវិតដោយសុខសុវត្ថិភាព និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រារព្ធពិធីបុណ្យទាននានាតាមគន្លងប្រពៃណីសាសនា ដោយគ្មានការភ័យខ្លាច ឬព្រួយបារម្ភពីសង្គ្រាម អសន្តិសុខ ដូចដែលប្រទេសជាតិធ្លាប់បានឆ្លងកាត់ក្នុងអតីតកាលដ៏ឈឺចាប់។
លោកបន្ថែមថា សន្តិភាពពេញលេញដែលកម្ពុជា ទទួលបានក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានក្លាយជាកត្តាចលករដ៏សំខាន់ដែលបើកឱកាសឱ្យប្រជាពុទ្ធបរិស័ទអាចប្រតិបត្តិកាព្វកិច្ចបានយ៉ាងពេញលេញ។ ក្រោមម្លប់សន្តិភាព ប្រជាពលរដ្ឋមានសេរីភាពក្នុងការធ្វើដំណើរ ទៅកាន់ទីវត្តអារាមនានាទូទាំងប្រទេស ដើម្បើប្រារព្ធពិធីបុណ្យផ្សេងៗដូចជា បុណ្យកឋិនទាន បុណ្យភ្ជុំបិណ្ឌ បុណ្យវិសាខបូជា ដោយមិនមានឧបសគ្គរារាំង ឬការភ័យខ្លាចពីគ្រាប់កាំភ្លើង និងការព្រាត់ប្រាស់ទៀតឡើយ។ មិនតែប៉ុណ្ណោះសន្តិភាពបានបើកផ្លូវអោយ មានការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។ នៅពេលដែលពួកគាត់មានចំណូល នោះប្រជាពលរដ្ឋក៏មានលទ្ធភាពធ្វើបុណ្យដាក់ទាន ប្រគេនចង្ហាន់ព្រះសង្ឃ កសាងវត្តអារាម និងចូលរួមក្នុងកម្មវិធីសាសនាផ្សេងៗបានយ៉ាងទូលំទូលាយ។
លោកឧត្តមសេនីយ៍ឯកបានបញ្ជាក់ទៀតថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានពិភពលោកទទួលស្គាល់ថា ជាប្រទេសមួយដែលមានសុខដុមនីយកម្មសាសនាដ៏ល្អប្រសើរ។ ភាពសុខដុមរមនានេះ កើតមានក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលគ្រប់ជំនាន់ ជាពិសេសរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលបានបន្តនូវនយោបាយប្រកបដោយចក្ខុវិស័យនេះវែងឆ្ងាយ។
បច្ច័យសង្កត់ត្រ័យ ដែលកើតចេញពីសទ្ធាដ៏ថ្លៃថ្លារបស់ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកស្រី ឆាយ សាលីន តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកស្រី រួមនិងប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីយកមកវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តសោមុន្នីវ័ន្ត។ បន្ថែមលើបច្ច័យសង្កត់ត្រ័យនាពេលនោះ លោក ឃឹង សារ៉ាត់ និងលោកស្រី បានធានាលើការចាក់ប្លង់សេដំបូលព្រះវិហារវត្តសោមុន្នីវ័ននេះឱ្យរួចរាល់នាពេលឆាប់ៗខាងមុខ ដោយគ្រោងចំណាយថវិកាសាងសង់ចំនួនប្រមាណជាង ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
សូមជម្រាបជូនថា កឋិនទានបវេណីព្រះពុទ្ធសាសនា គឺជាឧត្ដមបុណ្យរបស់ពុទ្ធបរិស័ទ។ ពាក្យថា “កឋិន“ ជាភាសា បាលី សំដៅយកក្របក្ដារ ដែលភិក្ខុសង្ឃសម័យបុរាណឥណ្ឌាប្រើសម្រាប់ដេរសំពត់ធ្វើជាស្បង់ចីវរ។ សំពត់ដែលបានរៀបចំតាក់តែងឡើងនោះមានឈ្មោះថា “សំពត់កឋិន“ ។
បុណ្យកឋិន ជាពិធីបុណ្យមួយចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញវស្សា។ បុណ្យកឋិនតែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ ពុំមានទំនេរវត្ដណាមួយត្រូវបានខកខានឡើយ។ ដូច្នេះគេតែងតែឃើញក្បួនកឋិនទានតែងបានដង្ហែទៅកាន់ទីអារាមរៀងៗខ្លួនចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក ហើយបើទីអារាមណាមួយមិនមានកឋិនហែចូលទេ ទីអារាមនោះក៏ត្រូវតែរៀបចំជាកឋិនជើងវត្តដែរ៕













