កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ និងបញ្ជូនទៅសាលាដំបូងខេត្ត
27-10-2025 17:01
(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ឃិន គា ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ស្តីពីករណីបាត់ម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១១ ពាក់ផ្លាកលេខ បន្ទាយមានជ័យ1E-7902 កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅចំណុចមុខបន្ទប់ជួលខាងលេី។
ក្រោយពីទទួលបណ្ដឹងភ្លាម កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចុះកម្លាំងធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង៩៖០០នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ បានកំណត់មុខសញ្ញា ឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ អឿយ វិសាល ភេទប្រុស អាយុ៣៨ឆ្នាំ នៅចំណុចផ្ទះសំណាក់ជ័យមង្គល ស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដើម្បីសួរនាំតាមនីតិវិធី។
ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចយកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន និងបានយកទៅដាក់បញ្ចាំជាមួយបក្ខពួកម្នាក់ទៀតឈ្មោះ ទិត្យ ឈឿត (ប្រុស) ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ ក្រោយទទួលបានចម្លេីយសារភាព កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានស្រាវជ្រាវឈានដល់ការឃាត់ខ្លួន ជនសង្ស័យម្នាក់ទៀតឈ្មោះ ទិត្យ ឈឿត (ប្រុស) ព្រមទាំងចាប់យកវត្ថុតាងនៃបទល្មើស ម៉ូតូ១គ្រឿង ដោយមានការសង្ស័យ កម្លាំងជំនាញបានធ្វើការត្រួតពិនិត្យ រកឃើញមានគ្រឿងញៀន ចំនួន៣កូនថង់កិប។
ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានឲ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកវត្ថុតាងម៉ូតូត្រូវបានប្រគល់ជូនជនរងគ្រោះវិញ៕






