សិស្ស-និស្សិតជនជាតិភាគតិចជិត១០០នាក់ នៅខេត្តមណ្ឌលគិរី ទទួលបានការអប់រំថ្នាក់មធ្យមសិក្សា ថ្នាក់ឧត្តមសិក្សា និងជំនាញវិជ្ជាជីវៈ តាមរយៈគម្រោងរេដបូកកែវសីមា
28-10-2025 11:10
(មណ្ឌលគិរី)៖ គម្រោងរេដបូកកែវសីមា បាននឹងកំពុងផ្តល់អាហារូបករណ៍ដល់យុវជនជនជាតិដើមភាគតិចព្នង (ពូនង) តាមអាហាររូបករណ៍តាមរយៈដៃគូ ដោយធ្វើការបែងចែកជា៣ផ្នែក ក្នុងនោះដូចជាអាហាររូបករណ៍សម្រាប់សិស្សរៀនថ្នាក់សាកលវិទ្យាល័យ សិស្សជំនាញវិជ្ជាជីវៈ និងអាហាររូបករណ៍សិស្សសម្រាប់សិក្សាពីថ្នាក់ទី១០ ដល់១២។
ខណៈកូនចៅជនជាតិដើមភាគតិច បានរៀនបន្តថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យនៅទីក្រុងភ្នំពេញ និងថ្នាក់វិទ្យាល័យដើម្បីទទួលបានការសិក្សាចប់កម្រិតវិទ្យាល័យ ព្រមទាំងបានទទួលវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនៅខេត្តមណ្ឌលគិរី បើគិតសរុបសិស្សដែលត្រូវបានអង្គការ WCS ផ្តល់អាហាររូបករណ៍នានាកន្លងមកនេះមានប្រមាណជិត ១០០នាក់ រួចមហើយគម្រោងរេដបូកកែវសីមា អនុវត្តដោយអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ក្រោមកិច្ចសហការជាមួយក្រសួងបរិស្ថាន ដើម្បីយុវជនទាំងនោះបន្តសិក្សានិងរកប្រាក់ចំណូលដោយមិនពឹងផ្អែកលើធនធានព្រៃឈើ។
ថ្លែងនៅក្នុងពិធីយុទ្ធនាការផ្សព្វផ្សាយជំរុញសកម្មភាពដើម្បីបរិស្ថាន ក្រោមប្រធានបទ៖ «ការបណ្តុះគំនិតស្អាត និងបៃតងនៅតាមសហគមន៍មូលដ្ឋាន» ដល់សិស្សានុសិស្សនៅវិទ្យាល័យកែវសីមា ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរីនាថ្មីៗមកនេះ លោក ខែម វាសនា មន្រ្តីសម្របសម្រួលរបស់អង្គការ WCS បានឱ្យដឹងថា កន្លងមកនេះគម្រោងរេដបូក កែវសីមា បានផ្តល់សម្រាប់សិស្សជនជាតិដើមភាគតិចទៅសិក្សានៅតាមសាកលវិទ្យាល័យ ក្នុងរាជធានីភ្នំពេញចំនួន៥នាក់ ដោយពេលនេះបានបញ្ចប់ការសិក្សារួចរាល់ផងដែរ។ ក្នុងចំណោមនិស្សិតដែលបានទទួលអាហាររូបករណ៍ទាំងអស់នេះបានចូលធ្វើការតាមអង្គការ និងមួយចំនួនទៀតបានចូលបម្រើការងារតាមស្ថាប័នរដ្ឋ។
ក្នុងឆ្នាំ២០២៥ នេះគម្រោងអាហាររូបករណ៍ នឹងធ្វើការជ្រើស រើសសិស្សចំនួន១០នាក់បន្ថែមទៀត ដែលសុទ្ធសឹងជាជនជាតិដើមភាគតិច រស់នៅក្នុងដែនជម្រកកែវសីមានៅសាលាភូមិន្ទកសិកម្មកម្ពុជា។ ក្នុងឆ្នាំ២០២៥នេះ អង្គការ WCS ក៏មានការជ្រើសរើសសិស្សអាហាររូបករណ៍ជំនាញវិជ្ជាជីវៈ ចំនួន៥នាក់បន្ថែមទៀតដោយពួកគេអាចរៀនបានរយៈពេល២ឆ្នាំ។
ដោយឡែកយុវជន ណាក់ ដាលីន ដែលបានទទួលអាហាររូបករណ៍តាមរយៈគម្រោងរេដបូកកែវសីមា ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈនៅខេត្តមណ្ឌលគិរី បានប្រាប់ថាតាមរយៈអាហាររូបករណ៍នេះត្រូវបានគេឧបត្ថម្ភទាំងការបង់ថ្លៃសិក្សា ប្រាក់សម្រាប់ការសិក្សា និងការជួយឧបត្ថម្ភមួយចំនួនទៀតបានធ្វើឱ្យរូបលោកអាចសិក្សាមុខជំនាញពេញលេញ ពោលគឺមិនបង្កការលំបាកសម្រាប់ក្រុមគ្រួសារក្នុងការរែកពន់ថវិការរៀនសូត្រនោះទេ។ ក្រោយបញ្ចប់មុខជំនាញទៅក្រៅអំពីការសង្ឃឹមជឿជាក់ថាមានការងារធ្វើហើយ រូបលោក ក៏ដូចជាសិស្ស និស្សិតដទៃទៀតនឹងបានរួមគ្នាចូលរួមកសាងសហគមន៍ ដែលជាជាតិដើមភាគតិចពូនងកាន់តែប្រសើរឡើង និងមានការរីកចម្រើនដោយមិនចាំបាច់ពឹងផ្អែកលើធនធានធម្មជាតិដូចពេលមុននោះឡើយ។
ជាមួយគ្នានេះដែរ កញ្ញា នុត លក្ខិណា ដែលមានទទួលអាហាររូបករណ៍រយៈពេល២ឆ្នាំក្នុងមុខជំនាញកុំព្យូទ័រនោះ បានឱ្យដឹងថា ការបានរៀនមុខជំនាញពិតជាបានជួយដល់ក្រុមជនជាតិភាគតិចរបស់កញ្ញាយ៉ាងច្រើនណាស់ ពីព្រោះថាមិនត្រឹមសិក្សាមិនចំណាយថវិការទេ តែក៏ទទួលការបណ្តុះបណ្តាលដោយផ្តល់ថវិការសម្រាប់ចាយវាយមួយផ្នែកប្រចាំថ្ងៃផង។ សង្ឃឹមថាការទទួលបានបណ្តុះបណ្តាលនេះនឹងជួយឱ្យកញ្ញាងាយរកការងារធ្វើនៅបេលបញ្ចប់ការសិក្សាទៅ។
លោក ខ្វៃ អាទិត្យា មន្រ្តី អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា គម្រោងរេដបូក បានជួយទៅលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ទាំងផ្លូវថ្នល់ សាលារៀន ផ្តល់អាហាររូបករណ៍ដល់សិស្សានុសិស្ស ដែលមានជីវភាពខ្វះខាតបន្តការសិក្សាទាំងក្នុងការសិក្សាវិទ្យាល័យរហូតដល់ការបន្តការសិក្សាដល់សាកលវិទ្យាល័យ។ គម្រោងនេះមិនត្រឹមតែជួយដល់សហគមន៍តំបន់ការពារធម្មជាតិឱ្យមានការវិវឌ្ឍរីកចម្រើនទេ តែក៏បានជួយដល់កូនចៅសហគមន៍មូលដ្ឋានមានចំណេះដឹងសម្រាប់កសាងធនធានមនុស្សឱ្យកាន់តែសម្បូរបែបនៅកម្ពុជាទៀតផង។
លោកបានបន្ថែមថា គម្រោងរេដបូកកែវសីមា ដែលមានក្រសួងបរិស្ថាន ជាម្ចាស់គម្រោងហើយអង្គការ WCS ជាដៃគូអនុវត្តន៍គម្រោង។ ដោយឡែកសម្រាប់សិស្សានុសិស្សជាជនជាតិដើមភាគតិច។ បន្ថែមពីនេះអង្គការនឹងស្វែងរកដៃគូផ្សេងទៀត ដើម្បីសិក្សាពីលទ្ធភាពផ្តល់អាហារូបករណ៍បន្ថែមដល់យុវជន យុវនារី ជាជនជាតិដើមភាគតិច អាចបន្តការសិក្សានៅថ្នាក់វិទ្យាល័យ និងថ្នាក់មហាវិទ្យាល័យជាដើម។
គួរបញ្ជាក់ថា ដែនជម្រកសត្វព្រៃកែវសីមា គ្របដណ្តប់លើផ្ទៃដី ៣១៧,៤៥៦ហិកតា ស្ថិតនៅភាគខាងកើតប្រទេសកម្ពុជា ដោយមួយផ្នែកធំមួយស្ថិតនៅក្នុងខេត្តមណ្ឌលគិរី និងផ្នែកតូចមួយស្ថិតនៅក្នុងខេត្តក្រចេះ។ គម្រោងនេះផ្តោតលើសកម្មភាពសំខាន់ៗដូចជា៖ ពង្រឹងសមត្ថភាពអនុវត្តច្បាប់ ការគ្រប់គ្រងធនធានធម្មជាតិដែលដឹកនាំដោយសហគមន៍មូលដ្ឋាន ការលើកកម្ពស់ជីវភាពសហគមន៍ និងការស្រាវជ្រាវនិងត្រួតពិនិត្យតាមដានជីវៈចម្រុះជាដើម៕












