និស្សិតកម្ពុជាដែលទទួលអាហារូបករណ៍ទៅសិក្សានៅចិន ប្ដេជ្ញាខំរៀន ដើម្បីយកចំណេះចូលរួមអភិវឌ្ឍជាតិ និងផ្សាយវប្បធម៌ខ្មែរដល់បរទេស
29-10-2025 10:33
(ភ្នំពេញ)៖ សិស្សនិស្សិតកម្ពុជាដែលទទួលបានអាហារូបករណ៍ ទៅសិក្សានៅប្រទេសចិន បានប្ដេជ្ញាចិត្តខិតខំរៀនសូត្រ និងយកចំណេះដឹងមកចូលរួមអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន ហើយមិនត្រឹមតែប៉ុណ្ណោះ នឹងជួយផ្សព្វផ្សាយពីវប្បធម៌ខ្មែរ ទៅកាន់មិត្តរួមថ្នាក់ជាជនបរទេស ឲ្យពីគេដឹងពីអរិយធម៌ និងតំបន់ទេសចរណ៍នានារបស់កម្ពុជា។
ការលើកឡើងនេះ បានធ្វើឡើងក្នុងពេលដែលសិស្សនិស្សិតទាំងអស់ ត្រៀមឡើងយន្តហោះ ដើម្បីធ្វើដំណើរទៅសិក្សា នៅសាកលវិទ្យាល័យឈានណា នៃប្រទេសចិន នាយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកបណ្ឌិត ស្រេង វង្សហៀង ប្រធានកិត្តិយសសាលាអន្តរជាតិស្ទេបហ្វរវើដអន្តរជាតិ និងលោក លី ណាវុឌ្ឍ សាកលវិទ្យាធិការសាកលវិទ្យាល័យប៊ែធីអន្តរជាតិ រួមទាំងស្សិតជយលាភីអាហារូបករណ៍តាមរយៈសាកលវិទ្យាធិការសាកលវិទ្យាល័យប៊ែធីអន្តរជាតិ ប្រមាណជាជាង១០០នាក់ផងដែរ។
និស្សិតអាហារូបករណ៍ បាននិយាយថា នេះជាឱកាសដ៏ល្អដែលបានទៅសិក្សារៀនសូត្ររយៈពេល ៥ឆ្នាំនៅប្រទេសចិន ដែលជាប្រទេសមានការរីកចម្រើនទាំងសេដ្ឋកិច្ច និងបច្ចេកវិទ្យាជាដើមនោះ។
សិស្សនិស្សិតបានបន្តថា ក្រៅពីការខិតខំប្រឹងប្រែងរៀនសូត្រ ក៏មិនភ្លេចផងដែរ ក្នុងការផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ និងតំបន់ទេសចរណ៍ទាក់ទាញនានារបស់កម្ពុជា ទៅកាន់បរទេស ពិសេសប្រាសាទអង្គរវត្ត ដ៏ល្បីល្បាញក្នុងពិភពលោក ព្រមទាំងសក្ដានុពលផ្សេងៗទៀតរបស់កម្ពុជា និងជឿជាក់ថា អាចទទួលបានចំណេះដឹងមួយច្បាស់លាស់ មកចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។ សិស្សនិស្សិតទាំងអស់ ក៏សូមថ្លែងអំណរគុណ ដល់សាលាអន្តរជាតិស្ទេបហ្វរវើដអន្តរជាតិ ដែលជួយសម្របសម្រួល ដើម្បីឲ្យពួកគេបានទទួលអាហារូបករណ៍នេះ។
លោកបណ្ឌិត ស្រេង វង្សហៀង ប្រធានកិត្តិយសសាលាអន្តរជាតិស្ទេបហ្វរវើដអន្តរជាតិ បានថ្លែងថា នេះជាឆ្នាំទី៥ ហើយដែលសាលាបានជួយសម្របសម្រួលដល់និស្សិតកម្ពុជា បានទៅសិក្សានៅប្រទេសចិន ដែលសរុបមកដល់ពេលនេះមានជាង ២៥០នាក់ ដោយពួកគេសិក្សាទៅលើជំនាញគ្រប់គ្រងពាណិជ្ជកម្ម សេដ្ឋកិច្ចអន្តរជាតិ អក្សរសាស្ត្រចិន វិទ្យាសាស្ត្រចិន ស្ថាបត្យកម្ម ឱសថសាស្ត្រ និងជំនាញជាច្រើនទៀត។
លោកបន្តថា ការជួយដល់និស្សិតកម្ពុជានេះ គោលបំណង ដើម្បីបង្កើតឱកាសជាវិជ្ជមានក្នុងសង្គម សម្រាប់សិស្ស-និស្សិតកម្ពុជា ក្នុងការបន្តថ្នាក់ឧត្តមសិក្សានៅក្រៅប្រទេស ដើម្បីឲ្យយុវជនជំនាន់ក្រោយ មានចំណេះដឹង ជំនាញ និងសមត្ថភាពខ្ពស់ ក្នុងកិច្ចការអភិវឌ្ឍប្រទេសជាតិ សង្គមជាតិ និងសេដ្ឋកិច្ចជាតិ ឲ្យកាន់តែមានភាពប្រសើរឡើង ហើយក៏ស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុងការបណ្ដុះមូលធនមនុស្ស។
ក្នុងពេលជូនដំណើរកូនចៅ ទៅសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសចិននេះ ឪពុកម្ដាយ និងអាណាព្យាបាលសិស្សនិស្សិតទាំងអស់ បានសម្ដែងនូវការអរគុណដល់អ្នកពាក់ព័ន្ធនានា ដែលបានជួយកូនចៅពួកគាត់បានទៅរៀនបន្តនៅស្រុកក្រៅ ហើយជំរុញដល់និស្សិតទាំងនោះ ត្រូវខិតខំរៀនសូត្រ ដើម្បីជាឆ្លើយតបទៅនឹងការជ្រោមជ្រែងនេះ៕




































