* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីតាំងពិព័រណ៍ផលិតផលសហគមន៍ជនបទក្រោមប្រធានបទ៖ «ភូមិខ្ញុំ ផលិតផលខ្ញុំ» នៅខេត្តកំពង់ឆ្នាំង

29-10-2025 12:28

(កំពង់ឆ្នាំង)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីតាំងពិព័រណ៍ផលិតផលសហគមន៍ជនបទ ក្រោមប្រធានបទ៖ «ភូមិខ្ញុំ ផលិតផលខ្ញុំ» នៅបរិវេណតារាងបាល់ទាត់ មុខសាលាខេត្តកំពង់ឆ្នាំង។
ពិធីអធិកអធមនេះ មានវត្តមានអញ្ជើញចូលរួមពីសំណាក់ លោករដ្ឋលេខាធិការប្រចាំការ លោកជាថ្នាក់ដឹកនាំក្រសួង, លោក ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត, លោក យិន សាវ៉េន អភិបាលរងនៃគណៈអភិបាលខេត្ត, មន្ដ្រីរាជការ, កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ, យុវជន, សិស្សានុសិស្ស, ប្រជាពលរដ្ឋ និងអាជីវករ ដែលអញ្ជើញមកពីតាមបណ្តារាជធានី-ខេត្តទាំង ២៥។

ជាកិច្ចចាប់ផ្ដើម លោក យិន សាវ៉េន អភិបាលរងនៃគណៈអភិបាលខេត្ត បានធ្វើសុន្ទរកថាស្វាគមន៍ ដោយជម្រាបជូនអំពីស្ថានភាពសេដ្ឋកិច្ចនៅទូទាំងខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម សិប្បកម្ម ពាណិជ្ជកម្ម ការវិនិយោគ និងការធ្វើអាជីវកម្មនានានៅក្នុងខេត្ត ដែលបានធ្វើឱ្យជីវភាពប្រជាពលរដ្ឋមានការរីកចម្រើន។ បន្ទាប់មក លោក គី សុផល ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ បានបញ្ជាក់ថា ពិធីតាំងពិព័រណ៍ផលិតផលសហគមន៍ជនបទនេះមានរយៈពេល២ថ្ងៃ គឺថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២៥ ព្រមទាំងបានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់នាយកដ្ឋានក្នុងការសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីជំរុញឱ្យមានកំណើនសេដ្ឋកិច្ចនៅតំបន់ជនបទ តាមរយៈការបំផុសនិងលើកទឹកចិត្តឱ្យបង្កើតជាមុខរបរ សហគ្រាសខ្នាតតូចនៅទីជនបទ ជួយស្វែងរកទីផ្សារសម្រាប់ដោះដូរផលិតផល និងបង្កើតបណ្តាញទំនាក់ទំនងរវាងផលិតករ សិប្បករ និងទីផ្សារផលិតផល។

នាឱកាសនេះដែរ លោក ឆាយ ឫទ្ធិសែន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានានៅទូទាំងខេត្តកំពង់ឆ្នាំងលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាពិសេសការផ្លាស់ប្តូរជាវិជ្ជមាននូវកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពប្រសើរឡើង តាមរយៈកំណើនប្រាក់ចំណូលគ្រួសារ ដែលកើតចេញពីការធ្វើពិពិធកម្មសេដ្ឋកិច្ចទាំងនៅទីក្រុង និងជនបទ មានផ្លូវថ្នល់ខ្វាត់ខ្វែង មានទឹកស្អាតប្រើប្រាស់ និងអនាម័យកាន់តែល្អប្រសើរ។

លោករដ្ឋមន្ដ្រី បានបញ្ជាក់ជូនថាក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងផ្តោតទៅលើការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និងនវានុវត្តន៍ការងារ ដើម្បីធានានិរន្តរភាពនៃប្រាក់ចំណូលគ្រួសារនៅតំបន់ជនបទ តាមរយៈការបណ្តុះគំនិតច្នៃប្រឌិត និងអភិវឌ្ឍន៍មូលធនមនុស្សឥតឈប់ឈរ ព្រមទាំងមានកិច្ចសហការជាមួយភាគីពាក់ព័ន្ធនានាផងដែរ។ ជាលទ្ធផលក្រសួង បានចូលរួមចំណែកក្នុងការបង្កើតមុខរបរ សហគ្រិនភាព និងទីផ្សារ ក៏ដូចជាបង្កើតសកម្មភាពសេដ្ឋកិច្ចនានានៅតំបន់ជនបទ ក្រោមរូបភាពមុខរបរកសិកម្ម និងមុខរបរមិនមែនកសិកម្ម កាត់បន្ថយការធ្វើចំណាកស្រុកដោយប្រថុយប្រថាន ព្រមទាំងជំរុញការលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ដែលមូលដ្ឋានចូលរួមសម្រេចនូវចក្ខុវិស័យកម្ពុជា ជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។

ទន្ទឹមនឹងនោះ លោករដ្ឋមន្ដ្រី ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យបន្ដចូលរួមចំណែកក្នុងការងារពិពិធកម្មសេដ្ឋកិច្ចជនបទ តាមរយៈការផលិតឱ្យបានកាន់តែច្រើន និងប្រកបដោយគុណភាព សំដៅលើកកម្ពស់គុណតម្លៃផលិតផលជនបទ និងសូមចូលរួមគាំទ្រផលិតផលសហគមន៍ឱ្យកាន់តែខ្លាំងក្លា តាមរយៈការចូលរួមប្រើប្រាស់ផលិតផល ក្នុងស្រុកឱ្យបានច្រើនជាអតិបរមា។

ជាទីបញ្ចប់ លោករដ្ឋមន្ដ្រី និងគណៈប្រតិភូនៃអង្គពិធី បានអញ្ជើញទស្សនាស្ដង់ពិព័រណ៍ផលិតផលសហគមន៍ទាំង ៣២ស្តង់ ដែលមានផលិតផលជាច្រើនប្រភេទដូចជា សិប្បកម្មតម្បាញ, គ្រឿងអលង្ការ, ការកែច្នៃកសិផល, សាប៊ូ, ម្ហូបអាហារ, កុលភាជ, កសិផល, ភេសជ្ជៈចេញពីកសិផល និងប្រេងធញ្ញជាតិ។

គួរជម្រាបជូនផងដែរថា ការតាំងពិព័រណ៍ផលិតផលក្នុងសហគមន៍ជនបទនាពេលនេះ ក្នុងគោលបំណងផ្សព្វផ្សាយអន្តសញ្ញាណនៃផលិតផល និងគាំទ្រស្នាដៃកូនខ្មែរ ដើម្បីជម្រុញការផលិតក្នុងស្រុកឱ្យកាន់តែសម្បូរបែប និងមានគុណភាព និងអាចប្រកួតប្រជែងទីផ្សារទាំងក្នុងស្រុក និងពាណិជ្ជកម្មអន្តរជាតិ ដែលកម្មវិធីនេះរំពឹងមានអ្នកចូលរួមប្រមាណ ១០០០០ នាក់៕