នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ចុះសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយសារផ្ទុះគ្រាប់បែកចង្កោម និងកំពុងសម្រាកព្យាបាលនៅមន្ទីរបង្អែក ១៦ មករា ខេត្តព្រះវិហារ
29-10-2025 16:17
(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយជាសម្ភារៈ ថវិកា ឧបត្ថម្ភប្រជាពលរដ្ឋម្នាក់ ដែលកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ ដោយសារករណីផ្ទុះគ្រាប់បែកចង្កោម។
នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងនូវការចូលរួមសោកស្តាយ និងចូលរួមរំលែកទុក្ខជាមួយជាមួយក្រុមគ្រួសាររងគ្រោះក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកចង្កោម បណ្តាលឱ្យកូនប្រុសជាទីស្រឡាញ់អាយុត្រឹម ១០ឆ្នាំម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកឪពុកបានរងរបួសធ្ងន់ត្រូវបានបញ្ជូនមកធ្វើការសង្គ្រោះនៅឯមន្ទីរពេទ្យ។
នាយឧត្តមសេនីយ៍ បានលើកទឹកចិត្តដល់បុរសជាឪពុក ដែលរងគ្រោះដោយសារផ្ទុះគ្រាប់បែកចង្កោម ត្រូវតាំងចិត្តឱ្យបានល្អ ខិតខំសម្រាកព្យាបាលជំងឺដើម្បីឱ្យឆាប់ជាសះស្បើយបានវិលត្រឡប់ទៅលំនៅដ្ឋានវិញ និងបានឧបត្ថម្ភថវិកាចំនួន ៤លានរៀល និងសម្ភារៈជាច្រើនមុខទៀតផងដែរ។
សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ មានករណីផ្ទុះគ្រាប់បែកចង្កោម១ករណី នៅភូមិបង្គោល៨ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្តាលឱ្យក្មេងប្រុសអាយុ១០ឆ្នាំម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយឡែកបុរសជាឪពុកបានរងរបួសធ្ងន់។
តាមរបាយការណ៍របស់អាជ្ញាធរស្រុកជាំក្សាន្ត មុនពេលកើតហេតុ ម្តាយបាននាំកូនជាជនរងគ្រោះទៅមើលចំការដំឡូង លុះត្រឡប់មកវិញកូនរើសបានដុំដែកមួយកាន់រហូតដល់ផ្ទះ ហើយបានដើរទៅចង្ក្រានបាយ ដែលឪពុកកំពុងអង្គុយនៅទីនោះ រួចធ្វើការក្រឡុកដុំដែកនោះ ទើបបណ្តាលឱ្យផ្ទុះកក្រើកឡើងតែម្តង៕
















