មណ្ឌលសុវត្ថិភាពវត្តត្រាវគៀត ក្នុងស្រុកគូលែន បានបិទបញ្ចប់បន្ទាប់ពីពលរដ្ឋភៀសសឹកវិលត្រឡប់ទៅលំនៅដ្ឋានវិញ ក្រោយកម្ពុជា-ថៃ ចុះកិច្ចព្រមព្រៀងសន្តិភាព
29-10-2025 19:58
(ព្រះវិហារ)៖ មណ្ឌលសុវត្ថិភាពវត្តត្រាវគៀត ស្ថិតក្នុងភូមិត្រាវគៀត ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ត្រូវបានបិទបញ្ចប់ជាផ្លូវការ បន្ទាប់ពីប្រជាពលរដ្ឋភៀសសឹកបានវិលត្រឡប់ទៅលំនៅដ្ឋានវិញរៀងៗខ្លួន ក្រោយការចុះកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជា និងថៃ ដែលបានធ្វេីឡេីងនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេសុី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ។
លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ និងជាប្រធានយុវជនគណបក្សខេត្ត បានឱ្យដឹងនៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ នេះថា ក្រោមការណែនាំ និងចង្អុលបង្ហាញ ពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ មណ្ឌលសុវត្ថិភាពវត្តត្រាវគៀត ក្នុងស្រុកគលែន ត្រូវបានបង្កេីតឡេីងទទួលពលរដ្ឋភៀសសឹកស្នាក់នៅបណ្តោះអាសន្ន ចាប់តាំងពីព្រឹត្តិការណ៍ផ្ទុះអាវុធនៅតាមព្រំដែន កម្ពុជា-ថៃ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ ពោលគឺបង្កេីតឡេីងបន្ទាប់ពីមណ្ឌលសុវត្ថិភាពវត្តពោធិ៥០០០ដេីម និងមណ្ឌលសុវត្ថិភាពវត្តទួលអណ្តែត។
លោក អ៊ុក គឹមសាន បន្តថា «មណ្ឌលសុវត្ថិភាពវត្តត្រាវគៀត ត្រូវបានរៀបចំនិងកសាងឡើងនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដូចជា ប្រព័ន្ធទឹកស្អាត ប្រព័ន្ធអគ្គសនី បន្ទប់អនាម័យ ស្នាក់ការពិនិត្យសុខភាព សន្តិសុខ សណ្តាប់ធ្នាប់ និងកន្លែងមួយចំនួនទៀត ដើម្បីសម្រួលក្នុងការរស់នៅរបស់ប្រជាពលរដ្ឋភៀសសឹករបស់យើងប្រកបដោយភាពកក់ក្តៅនិងទំនុកចិត្តខ្ពស់»។
លោកបានបញ្ជាក់ទៀតថា ស្របពេលដំណឹងដ៍សែនរីករាយ នៃពិធីចុះកិច្ចព្រមព្រៀងសន្តិភាព រវាងនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ក្រោមការចូលរួមជាសាក្សីពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក និងនាយករដ្ឋមន្ត្រីប្រទេសម៉ាឡេសុី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ ធ្វើឱ្យប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ពិសេសប្រជាពលរដ្ឋភៀសសឹក មានការសប្បាយរីករាយចិត្តយ៉ាងក្រៃលែងរកអ្វីមកប្រៀបផ្ទឹមពុំបាន និងបាននាំគ្នាវិលត្រឡប់ទៅលំនៅដ្ឋានវិញរៀងៗខ្លួនដោយអារម្មណ៍កក់ក្តៅ។
ដោយសារមណ្ឌលភៀសសឹកបានបិទបញ្ចប់ នៅរសៀលថ្ងៃនេះ លោកបានដឹកនាំក្រុមការងារយុវជនគណបក្សខេត្តព្រះវិហារ និងសមាជិក សមាជិកា យុវជនស្រុកជាច្រើនរូបទៀត ចុះសម្អាត និងរៀបចំបិទជាផ្លូវការ នូវបរិវេណ និងទីធ្លានៃមណ្ឌលសុវត្ថិភាពទាំងមូល ដោយប្រមូលសំរាម កាកសំណល់ និងរៀបចំអនាម័យឡើងវិញ ដើម្បីធានាបាននូវបរិស្ថានស្អាត និងផាសុកភាព ត្រឡប់មកដូចដើម៕


























