លែងកូនត្រី និងកូនបង្កងប្រមាណ ៨ម៉ឺនក្បាល ចូលក្នុងអាងទឹកដំណាក់ក្រាញ់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីបង្កើនធនធានជលផល ក្នុងធម្មជាតិឱ្យគង់វង្ស
31-10-2025 13:30
(ពោធិ៍សាត់)៖ លោក ណៅ ធួក សមាជិករដ្ឋសភាមណ្ឌលកំពង់ចាម, លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងលោក លឹម សុខតូ អភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីលែងកូនត្រី និងកូនបង្កង ៨ម៉ឺនក្បាល ចូលទៅក្នុងអាងទឹកដំណាក់ក្រាញ់ ដើម្បីអបអរសាទរ ទិវាមច្ឆជាតិ ១ កក្កដា ឆ្នាំ២០២៥។
ពិធីនេះត្រូវបានធ្វើឡើងនៅបរិវេណអាងទឹកដំណាក់ក្រាញ់ ស្ថិតក្នុងភូមិអន្សក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ដោយបានការចូលរួម ពីតំណាងសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត, លោកអភិបាលស្រុក ក្រុង, កងកម្លាំងប្រដាប់អាវុធទាំង៣, ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត, មន្ត្រីខណ្ឌរដ្ឋបាលជលផល, អាជ្ញាធរមូលដ្ឋាន, បងប្អូនប្រជាពលរដ្ឋ, លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបប្រមាណជាង៣០០នាក់។
លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានលើកឡើងថា ពិធីលែងកូនត្រី និងកូនបង្កងចូលក្នុងអាងសហគមន៍ជម្រកត្រីបឹងក្រាញ់ ដែលបង្កើតឡើងនៅឆ្នាំ២០១២ មានទំហំ២០ហិកតា យើងធ្លាប់បានលែងកូនត្រីម្តងរួចមកហើយ ចំនួន៧គីឡូក្រាម សម្រាប់បង្កើនផលត្រី និងបង្កងនៅទីនេះ ឱ្យសំបូរឡើងវិញ រក្សាទុកនូវត្រី និងបង្កងមេពូជ សម្រាប់បន្តពូជ ដើម្បីទុកជាប្រយោជន៍ជូនបងប្អូននៅទីនេះប្រើប្រាស់ និងប្រែក្លាយទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ។
លោកបានឱ្យដឹងថា ពិធីនេះលែងកូនបង្កង ចំនួន៥ម៉ឺនក្បាល និងកូនត្រីឆ្ពិន ត្រីព្រលូង និងត្រីក្រាញ់ ៣ម៉ឺនក្បាល ដែលផ្តល់ឱ្យតាមរយៈក្រុមជម្រុញផលិតកម្មបង្កង ដឹកនាំដោយលោក ណៅ ធួក សមាជិករដ្ឋសភាមណ្ដលកំពង់ចាម។ លោកបានលើកឡើងថា ជលផល គឺជាអនុវិស័យធំទី២ បន្ទាប់ពីអនុវិស័យដំណាំ ជាម្ហូបអាហារចាំបាច់ ដែលយើងមិនអាចខ្វះបាន។ ជាមួយនេះដែរ លោកប្រធានមន្ទីរបានអំពាវនាវឱ្យប្រជាពលរដ្ឋ អាជ្ញាធរដែនដី ចូលរួមថែរក្សាការពារធនធានជលផល ទប់ស្កាត់បទល្មើសផ្សេងៗ ដែលច្បាប់ហាមឃាត់ ដូចជា៖ ឆក់ត្រី ស្បៃមុង ដូចពាកថា «ធនធានជលផល ជារបស់យើងទាំងអស់គ្នា, យើងចិញ្ចឹមត្រី បង្កង - ត្រី បង្កងចិញ្ចឹមយើងវិញ»។
ថ្លែងក្នុងកម្មវិធីនេះលោក លឹម សុខតូ អភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងលោក ណៅ ធួក សមាជិករដ្ឋសភាមណ្ឌលកំពង់ចាម បានមានប្រសាសន៍ថា ពិធីលេងកូនត្រី និងកូនបង្កងនេះ គឺអនុវត្តតាមលំអានដែលនៅក្នុងទិវាមច្ឆជាតិ ជាគោលការណ៍អាទិភាព ដែលរាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់ ទិវាមច្ឆជាតិនេះ គឺជាទិវាដែលដាស់ស្មារតី ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចងចាំអំពីមច្ឆានេះតែម្ដង។ បង្កង និងត្រី ជាម្ហូបអាហារ ជាបញ្ហាសំខាន់ សម្រាប់ជាស្បៀងមួយរបស់មនុស្សជាតិ មិនថាជាតិណានោះទេ គឺត្រូវការបង្កង និងត្រី សម្រាប់ធ្វើជាស្បៀង បានន័យថា ស្បៀងមិនសំដៅលើស្រូវតែមួយមុខនោះទេ គឺសំដៅលើចំណីអាហារ ដែលយើងអាចទទួលទានបាន រួមទាំងបន្លែបង្ការផងដែរ។
ថ្នាក់ដឹកនាំទាំង២បន្តថា ពិសេសនៅក្នុងយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត គឺគោលការណ៍ អភិរក្ស និងអភិវឌ្ឍ បង្កង និងត្រី។ ថ្នាក់ដឹកនាំទាំង២ បានធ្វើការផ្តាំផ្ញើ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ រួមគ្នាអភិរក្សធនធានធម្មជាតិ មច្ឆាជាតិ យើងត្រូវហូបបង្កង និងត្រី កុំឱ្យផុតពូជ ត្រូវការពារមេបង្កង មេត្រី យើងមានតំបន់អភិរក្សត្រី នៅតាមទន្លេ ស្ទឹង បឹង អូរ សូមកុំប៉ះពាល់វា ទុកសម្រាប់ធ្វើមេពូជបន្តទៀត និងសូមចូលរួម កុំប្រើប្រាស់ឧបករណ៍ណាដែលច្បាប់ហាមឃាត់ បំផ្លាញមច្ឆាជាតិ និងរដូវត្រីពងកូន ជាពិសេសសូមកុំបំផ្លាញព្រៃលិចទឹក ព្រោះវាជាជម្រកនៃបង្កង និងត្រីពងកូន ត្រូវគោរពតាមច្បាប់ជលផលដែលបានចែង។
ដើម្បីធានាបាននូវការការពារ និងបង្កើនទិន្នផលធនធានមច្ឆជាតិឱ្យសម្បូរបែបនោះ ថ្នាក់ដឹកនាំទាំង២ បានផ្តល់នូវអនុសាសន៍ មួយចំនួនសូមឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានខណ្ឌរដ្ឋបាលជលផល ជាសេនាធិការ ត្រូវពង្រឹង អភិរក្សធនធានជលផល សហការជាមួយមន្ទីររៀបចំដែនដី ជម្រុញការគាំទ្រ ចុះបញ្ជីដីរដ្ឋ នៃសហគមន៍នេសាទ កន្លែងអភិរក្ស ទប់ស្កាត់ការទន្ទ្រានដីព្រៃលិចទឹកយកធ្វើជាកម្មសិទ្ធិ។ ទប់ស្កាត់ការនេសាទខុសច្បាប់ ពិសេសក្នុងរដូវបិទនេសាទ ដែលត្រីកំពុងពងកូន និងមានវិធានការណ៍ម៉ឺងម៉ាត់ចំពោះការផលិត ចែកចាយ និងប្រើប្រាស់ឧបករណ៍នេសាទ ដែលមានលក្ខណៈបំផ្លិតបំផ្លាញ ដូចជាឧបករណ៍ឆក់ និងស្បៃមុងជាដើម។ មន្ត្រីខណ្ឌរដ្ឋបាលជលផល ស្ថាប័នពាក់ពាក់ព័ន្ធ អង្កការសង្គមស៊ីវិស អាជ្ញាធរមូលដ្ឋាន និងតួរអង្គទាំងអស់ ត្រូវពង្រឹងសមត្ថភាព ក្នុងការគ្រប់គ្រង រក្សាការពារ និងអភិរក្សធនធានជលផល ស្របតាមទិសស្លោក «សហគមន៍នេសាទគ្មានបទល្មើសជលផល»៕





















































