មន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ដាក់គ្រឿងចក្រជួសជុលផ្លូវប្រវែង១០គីឡូម៉ែត្រ នៅស្រុកបូរីជលសារ ដើម្បីសម្រួលការធ្វើដំណើរជូនប្រជាពលរដ្ឋ
31-10-2025 16:52
(តាកែវ)៖ បន្ទាប់ពីផ្លូវមួយខ្សែប្រវែងប្រមាណ១០គីឡូម៉ែត្រ ពីកំពង់អំពិល រហូតដល់សាលាស្រុកបូរីជលសារ ដែលជាគម្រោងសាងសង់របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ បានខូចខាតដោយសារទឺកជំនន់ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥នេះ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានយកគ្រឿងចក្រមកជួយជួសជុលផ្លូវដែលខូចខាត ដើម្បីសម្រួលការធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋ។
លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ បានថ្លែងឲ្យដឹងថា ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ បន្ទាប់ពីរងការខូចខាតដោយសារទឹកជំនន់ទឹកភ្លៀង លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានបង្ហាញពីការយកចិត្តទុកដាក់គិតគូរខ្ពស់ ដោយបានណែនាំឲ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ចាត់ចែងនាំយកគ្រឿងចក្រមកជួសជុល និងកៀរសម្រួលផ្លូវមួយខ្សែប្រវែង១០គីឡូម៉ែត្រ ស្ថិតនៅឃុំបូរីជលសារ ស្រុកបូរីជលសារ ក្នុងភូមិសាស្ត្រខេត្តតាកែវឲ្យបានល្អប្រសើរឡើងវិញ។
លោក លីវ សំណាង បានថ្លែងបន្តថា ការជួសជុលផ្លូវដែលរងការខូចខាតនេះ គឺដើម្បីធានាថាប្រជាពលរដ្ឋអាចធ្វើដំណើរបានដោយងាយស្រួល និងសុវត្ថិភាពឡើងវិញ ជាពិសេសក្នុងរដូវវស្សា ដែលតែងតែកើតមានបញ្ហាផ្លូវលំដីក្រហមរអិល ឬលិចទឹក ហើយសកម្មភាពនេះបង្ហាញយ៉ាងច្បាស់ អំពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្តតាកែវ និងក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការដោះស្រាយបញ្ហាប្រឈមជាក់ស្តែង និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមតំបន់ជនបទ។
បើយោងតាមលោក ស៊ូ ភារម្យ អភិបាលស្រុកបូរីជលសារ បានថ្លែងឲ្យដឹងថា ផ្លូវមួយខ្សែប្រវែង១០គីឡូម៉ែត្រ ដែលជាគម្រោងសាងសង់ដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវនេះ បានរងការខូចខាតស្ទើរតែទាំងស្រុង ដោយសារទឹកជំនន់ភ្លៀង ហើយកន្លងមកអាជ្ញាធស្រុកបូរីជលសារបានដឹកនាំមន្រ្តីចុះច្រកបាវខ្សាច់ទប់ផ្លូវ (ហូរច្រោះបាក់ផ្លូវ) ដោយសារទឹកជំនន់ នៅគល់ស្ពានឡទឹកត្រី និងគល់ស្ពានព្រែកក្រូចផងដែរ៕














