ក្រុមហ៊ុន សូ សាវឿន ដេញបានគម្រោងជួសជុលដីថ្មបំបែកប្រវែង២.៥៩០ម៉ែត្រ នៅឃុំគ្រួស ស្រុកស្វាយជ្រំ, ពលរដ្ឋរង់ចាំមើលការស្ថាបនាផ្លូវមួយខ្សែនេះ
31-10-2025 17:02
(ស្វាយរៀង)៖ លទ្ធផលដេញថ្លៃគម្រោងឃុំសង្កាត់សម្រាប់ឆ្នាំ២០២៥ នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានបញ្ចប់ជាស្ថាពរហើយនៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមានលោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំ លោកស្រី ប៊ុន ចិន្តា នាយកទីចាត់ការផែនការ និងវិនិយោគ នៃរដ្ឋបាលខេត្តស្វាយរៀង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រី ជាមេឃុំ ក្រុមប្រឹក្សាឃុំ ដែលបានចូលរួមក្នុងការដេញថ្លៃគម្រោងឃុំ សង្កាត់ ក្រោមការតាមដានចូលរួមយកចិត្តទុកដាក់ពីសំណាក់ក្រុមអ្នកសារព័ត៌មាន អង្គភាពក្រុមហ៊ុនដេញថ្លៃគម្រោងទាំងក្នុង និងក្រៅខេត្តជាច្រើនក្រុមហ៊ុនផងដែរ។
លោក ហែម សារិទ្ធ បានថ្លែងថា ចំពោះក្រុមហ៊ុនដែលដេញថ្លៃបានសូមធ្វើទៅតាមលក្ខណៈបច្ចេកទេសនៅលើកិច្ចសន្យាជៀសវាងធ្វើឲ្យរួចតែពីដៃ ហើយនៅពេលប្រជាពលរដ្ឋគាត់មិនពេញចិត្តចំពោះការសាងសង់ ឬជួសជុលគម្រោងដែលដេញថ្លៃបាននោះ គាត់នឹងមានការតវ៉ាដូច្នេះក្រុមហ៊ុនត្រូវមកទទួលខុសត្រូវតាមកិច្ចសន្យា។
ជាមួយគ្នានេះ លោកអភិបាលស្រុក បានស្នើឲ្យក្រុមហ៊ុនទាំងអស់កុំឲ្យមានការលោភលន់ បើធ្វើមិនរួចទេកុំចង់បានគម្រោងច្រើនទៀតអី ដើម្បីកុំឲ្យធ្វើទៅវាគ្មានគុណភាពនាំឲ្យកើតមានបញ្ហាពិបាក ក្នុងការដោះស្រាយជាមួយ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលជាអ្នករស់នៅក្នុងសហគមន៍របស់ពួកគាត់ផ្ទាល់តែម្តងនិយាយជារួមគឺខាតទាំងពេលវេលា និងថវិការដ្ឋ។
ក្រោយចប់ដំណើរការដេញថ្លៃគម្រោងនៅវេលាម៉ោង ៩៖៣០នាទីព្រឹកនៅសាលប្រជុំអគារថ្មីរបស់រដ្ឋបាលស្រុកស្វាយជ្រំរួចមក ជាលទ្ធផលគឺបានដំណើរការទៅយ៉ាងរលូនមានខ្លះ មើលទៅមិនសូវប្រកាប់ប្រចាក់គ្នានោះទេ មានន័យថា ត្រដំត្រសងគ្នាប៉ុន្តែសម្រាប់គម្រោងឃុំគ្រួសវិញជួសជុលផ្លូវដីក្រាលថ្មបំបែកមានប្រវែង២.៥៩០ម៉ែត្រ ទទឹងផ្លូវដីទំហំ៥ម៉ែត្រ ទទឹងថ្មបំបែក ៤ម៉ែត្រកម្រាស់ ០.១៥ម៉ែត្រ ដាំស្មៅតាមជើងទេសងខាង ០.៥០ម៉ែត្រលូកាត់ផ្លូវ២កន្លែងមុខកាត់ ០.៨០ម៉ែត្រប្រវែង៧ម៉ែត្រ និងធ្វើស្លាកសញ្ញាគម្រោងតម្លៃប៉ាន់ស្មាន ២២៨.២២៣.៥០០រៀល ដោយមាន៤ក្រុមហ៊ុនបានចូលរួមដេញថ្លៃរួមមានទី១ ក្រុមហ៊ុន ហែម សុភាព ដេញក្នុងតម្លៃ១៣១.៥០០.០០០រៀល។
ចំណែកក្រុមហ៊ុន សំ សាវឿន ដេញក្នុងតម្លៃ ១១៦.៩៥០.០០០រៀល, ក្រុមហ៊ុន ផាត់ សុផល ដេញក្នុងតម្លៃ ១៥២.៧០២.០០០រៀល, ក្រុមហ៊ុន សូ សាវឿន ដេញបានក្នុងតម្លៃ ត្រឹមតែ៨០.២៩០.០០០រៀលបានន័យថា មិនបាន៥០%នោះទេ។
ដោយសាការដេញថ្លៃនោះគេមិនបានកំណត់ថាក្រោម៥០%គេមិនឲ្យនោះដែរព្រោះថា រដ្ឋចំណេញសល់លុយឃុំបានច្រើន។ ក្រោយពីដេញបានគម្រោងឃុំសង្កាត់រួចហើយនោះ ខាងក្រុមហ៊ុនមានរយ:ពេល៤៥ថ្ងៃ ដើម្បីដាក់គ្រឿងចក្រចាប់ដំណើរការសាងសង់។
ទោះបីជាយ៉ាងណាក៏ដោយ មហាជនគេរង់ចាំមើល ថានៅពេលចាប់ដំណើរធ្វើផ្លូវមួយខ្សែខាងលើសម្រាប់ថវិកាមូលនិធិឃុំគ្រួសស្រុកស្វាជ្រំ ខេត្តស្វាយរៀង មានគុណភាពកម្រិតណា? ត្រឹមត្រូវតាមលក្ខណ:ស្តង់ដារដែរឬទេ? ដូច្នេះមានតែរង់ចាំមើលទាំងអស់គ្នា៕










