អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញបើកបវេសនកាលថ្មីឆ្នាំសិក្សាថ្មី នៅវិទ្យាល័យខ្លាកូន ក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ
01-11-2025 14:41
(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីបើកបវេសនកាលថ្មីឆ្នាំសិក្សា ២០២៥.២០២៦ នៅវិទ្យាល័យខ្លាកូន ស្ថិតនៅក្នុងភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ លោកស្នងការរងខេត្ត មេបញ្ជាការងកងរាជអាវុធហត្ថខេត្ត ប្រធានមន្ទីរអប់រំខេត្តបន្ទាយមានជ័យ រួមទាំងមានសិស្សានុសសិស្សជាច្រើននាក់ទៀតផងដែរ។
ជាកិច្ចចាប់ផ្ដើមលោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំខេត្តបន្ទាយមានជ័យ បានឡើងអានរបាយការណ៍សង្ខេប និងបានបញ្ជាក់ថា ថ្ងៃបើកបវេសនកាលឆ្នាំសិក្សា ២០២៥. ២០២៦ ដំណើរការឲ្យលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទូទាំងខេត្តបន្ទាយមានជ័យ ត្រូវបានចូលរៀន និងបង្រៀនគ្រប់គ្នា និងជាថ្ងៃចាប់ផ្តើមរបស់សសានុសិស្ស បានចូលរៀនសូត្រគ្រប់កម្រិត នៅទូទាំងខេត្តបន្ទាយមានជ័យនេះ។
លោក ឈូ ប៊ុនរឿង បានកោតសរសើរលោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ មាតា បិតា អាណាព្យាបាលសិស្ស អាជ្ញាធរដែនដី និងដៃគូរអភិវឌ្ឍន៍ទាំងអស់ ដែលបានខិតខំប្រឹងប្រែងចូលរួមលះបង់ ទាំងកម្លាំងកាយ កម្លាំងចិត្ត និងធនធានសម្រាប់ជួយជ្រោមជ្រែងលើគ្រប់សកម្មភាពក្នុងបុព្វហេតុរួមចំណែកកសាង និងអភិវឌ្ឍវិស័យអប់រំក្នុងខេត្តបន្ទាយមានជ័យ ឲ្យទទួលបានជោគជ័យក្នុងរយៈពេលកន្លងមកផងដែរ។
លោក ឈូ ប៊ុនរឿង បានឱ្យដឹងទៀតថា សិស្សនៅទូទាំងខេត្តបន្ទាយមានជ័យសរុបមានចំនួន ១៦៧,០០៨ នាក់ ស្រី ៨៤,១០៦ នាក់ ដែលក្នុងនោះមានបុគ្គលិកអប់រំបម្រើការនៅគ្រឹះស្ថានកម្រិតមត្តេយ្យសិក្សា ដល់វិទ្យាល័យ សរុបចំនួន ៥,៩៨១នាក់ ស្រី ២,៩៤៣នាក់ ក្នុងនោះគ្រូជាប់កិច្ចសន្យាចំនួន ៧៨៣នាក់។
បេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥ មានចំនួន ៥,៥១៧នាក់ ស្រី ៣,៣២០នាក់ ស្មើនឹង ៨៥.៥២% ស្រី ៩០.២៤% ដែលក្នុងនោះ និទ្ទេស A មាន ១២៦ នាក់ ស្រី ៦៩ នាក់និទ្ទេស B មាន ៤៤៥នាក់ ស្រី ២៨៩នាក់ និទ្ទេស C មាន ១៣២៥នាក់ ស្រី ៨៩៥ នាក់ និទ្ទេស D មាន ២០៩០ នាក់ស្រី ១៣១០ នាក់ និទ្ទេសE មាន ១៥៣១ នាក់ ស្រី ៧៥៧។
នាឱកាសនោះលោក អ៊ុំ រាត្រី បានផ្ដាំផ្ញើមាតាបិតាអាណាព្យាបាលសិស្សទាំងអស់ ត្រូវនាំគ្នាបញ្ជូនកូនចៅទៅចូលរៀននៅថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះឲ្យបានគ្រប់ៗគ្នា សូមបង្កើតបរិយាកាសល្អ ក្នុងក្រុមគ្រួសារ ក៏ដូចជាការផ្ដល់ដំបូន្មានដល់កូនចៅទាំងផ្នែកសុខភាព ផ្នែកចំណេះដឹង និងសីលធម៌ ដើម្បីជួយឲ្យពួកគេក្លាយជាធនធានមនុស្សពោរពេញដោយសមត្ថភាព ទេពកោសល្យ ព្រមទាំងទទួលបានសម្បទានសម្រាប់ការចាប់យកវិជ្ជា និងចរិយាឈានទៅកសាងអនាគតដ៏រុងរឿងសាកសមជាកុលបុត្រខ្មែរ និងជាសសរទ្រូងនៃប្រទេសជាតិយើងផងដែរ។
លោក អ៊ុំ រាត្រី បានធ្វើការចែកប័ណ្ណសរសើរដល់លោកគ្រូ អ្នកគ្រូ ដែលមានស្នាដៃល្អ ក្នុងការបង្រៀនសិស្សកន្លងមក និងសិស្សជាប់លេខ ១ផងដែរ៕






















