អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីហិង្សាយកកូនកាំបិតចាក់ទៅលេីអ្នករត់កង់បីបណ្ដាលឲ្យរបួសធ្ងន់ធ្ងរ
02-11-2025 20:06
(ភ្នំពេញ)៖ អាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ០២នាក់ ដែលបានប្រើប្រាស់ហិង្សា ដោយយកកូនកាំបិតចាក់ទៅលេីជនរងគ្រោះ ដែលជាអ្នករត់បី បណ្ដាលឲ្យរបួសជាច្រើនកន្លែងធ្ងន់ធ្ងរ។
ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង០៤:៣០នាទីទៀបភ្លឺ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចវត្តកំសាន្ត ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បើតាមសមត្ថកិច្ច អាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណី បង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយជនសង្ស័យបានធ្វើសកម្មភាពយកកូនកាំបិតចាក់បណ្ដាលឲ្យជនរងគ្រោះជាអ្នករត់កង់បី រងរបួសជាច្រើនកន្លែងធ្ងន់ធ្ងរ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុខាងលើភ្លាមៗ និងបានធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់។
ជនសង្ស័យទាំងនាក់រួមមាន ៖១.ឈ្មោះ អេង សៀវឡេង ភេទប្រុស អាយុ១៧ឆ្នាំ (ជាជនដៃដល់) និងទី២.ឈ្មោះ វឌ្ឍនៈ អៀចាន់វាសនា ហៅ លាប ភេទប្រុស អាយុ១៥ឆ្នាំ ។ ជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីបន្ត។
ករណីនេះសមត្ថកិច្ចចាប់បានវត្ថុតាងដូចជា ៖ កូនកាំបិតបត់តូចចំនួន ០១ ( វត្ថុតាងធ្វើសកម្មភាព)។
ក្រោមវិធានការជំនាញជនសង្ស័យឈ្មោះ អេង សៀវឡេង បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើហិង្សាខាងលើ ពិតប្រាកដមែន ដោយនៅមុនពេលធ្វើសកម្មភាពនោះ ខ្លួនបានយកកូនកាំបិតពីឈ្មោះ វឌ្ឍនៈ អៀចាន់វាសនា ហៅ លាប ធ្វើសកម្មភាពចាក់ទៅលើជនរងគ្រោះជាអ្នករត់កង់បី ចំនួន៤ទៅ៥កាំបិត ត្រូវជាច្រើនកន្លែងបណ្តាលឲ្យរងរបួសធ្ងន់ ដោយមូលហេតុ រូបខ្លួន និងសង្សា បានបុកឃីងហៅកង់បី (Pass App)ចេញពីម្តុំស្ថានទូតជប៉ុន ទៅក្នុងវត្តកំសាន្ត ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
នៅពេលទៅដល់ក្នុងវត្ត ជនរងគ្រោះបានទារថ្លៃកង់បី អស់ចំនួន៦៣០០រៀល ហើយសង្សារខ្លួនបាញ់តាម ABA ចំនួន៥ដុល្លារ ហើយសុំលុយអាប់ ប៉ុន្តែជនរងគ្រោះថាគ្មានលុយរាយទេ បាញ់ឲ្យគ្រប់ថ្លៃបានហើយ ទើបបង្កជាការជជែកឈ្លោះប្រកែកគ្នាតែម្ដង។
ជនសង្ស័យបានបញ្ជាក់ថា កន្លងមកកាលពីអំឡុងឆ្នាំ២០២៣-២០២៤ ខ្លួនធ្លាប់ជាប់ ពន្ធនាគារម្តង ក្នុងករណី ឆក់កាបូប។ រីឯជនសង្ស័យ វឌ្ឍនៈ អៀចាន់វាសនា ហៅ លាប បានសារភាពឲ្យដឹងដែរថា ខ្លួនពិតជាបានផ្ដល់កូនកាំបិតអោយទៅឈ្មោះ អេង សៀវឡេង ប្រាកដមែន ហើយកន្លងមកខ្លួនបានធ្លាក់ខ្លួនប្រើប្រាស់សារធាតុញៀនជាច្រើនឆ្នាំមកហើយ៕
ជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕




