ពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ដង្ហែអង្គកឋិនទានមហាសាមគ្គីវត្តព្រះឥន្ទសាមគ្គីធម៌ ដើម្បីជួយទ្រទ្រង់ដល់ដំណើរការចាំបាច់នានា
03-11-2025 16:39
(កណ្ដាល)៖ ពុទ្ធសាសនិកមកពីគ្រប់ទិសទីយ៉ាងច្រើនកុះករ បានចូលរួមដង្ហែអង្គកឋិនទានមហាសាមគ្គី ក្រោមគំនិតផ្ដួចផ្ដើមពីអាចារ្យ គណៈកម្មការវត្ត ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត និងពុទ្ធបរិស័ទមកពីគ្រប់ទិសទីដើម្បីវេរត្រ័យចីវរ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងព្រះឥន្ទសាមគ្គីធម៌ស្ថិតក្នុងភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។
អង្គកឋិនទានសាមគ្គីនេះបានធ្វើឡើងកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលទទួល និងមានការចូលរួមដង្ហែតាមជុំវិញព្រះវិហារដោយម្ចាស់ត្រ័យ ឧបាសក ឧបាសិកា និងពុទ្ធបរិស័ទមកពីគ្រប់ទិសទីដោយសេចក្ដីជ្រះថ្លារីករាយ។
សម្ដេចព្រះមង្គលទេព្វាចារ្យវង្ស អានេតា សម្ដេចព្រះសង្ឃនាយករងនៃគណៈធម្មយុត្តិកនិកាយព្រះចៅអធិការវត្ត ព្រះឥន្ទសាមគ្គីធម៌ មានថេរដីកាថា បច្ច័យដែលប្រមូលបានពីអង្គកឋិនទាននៅពេលនេះ គឺសម្រាប់ទ្រទ្រង់ចតុបច្ច័យដល់ ភិក្ខុសាមណេរក្នុងវត្ត និងកសាងសមិទ្ធផលនានាក្រោយចាំព្រះវស្សាអស់រយៈពេលបីខែ ក៏ដូចជាសម្រាប់ផ្គត់ផ្គង់ដល់សមណសិស្សដែលនិមន្តមកសិក្សារៀនសូត្រ និងស្នាក់នៅទីនេះ។ មួយចំនួនទៀតនឹងយកទៅសាងសង់សមិទ្ធផលនានាក្នុងទីអារាម និងជាទីសេនាសនៈសម្រាប់ព្រះសង្ឃគង់នៅ។
សម្ដេចព្រះគ្រូចៅអធិការ ក៏បានសម្ដែងនូវព្រះទ័យសោមនស្សរីករាយចំពោះសទ្ធាជ្រះថ្លារបស់ប្រជាពលរដ្ឋពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានស្រុះស្រួលគ្នាដង្ហែអង្គកឋិននេះឡើង។ ព្រះអង្គមានថេរដីកាបន្តថា នេះជាសទ្ធាបញ្ជាក់ឱ្យឃើញ ពីការជឿគោរពព្រះពុទ្ធសាសនា និងស្មារតីសាមគ្គីជួយគ្នារបស់ពុទ្ធបរិស័ទ ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនាឱ្យបានចម្រើនរុងរឿងនៅយូរអង្វែង ព្រមទាំងជាការជួយទំនុកបម្រុងដល់ព្រះភិក្ខុសង្ឃ ក្រោយពីគង់ចាំព្រះវស្សាអស់កាលត្រីមាសកន្លងមក។
គួរបញ្ជាក់ថា បុណ្យកឋិនទានគឺជាបុណ្យដ៏ធំមួយក្នុងចំណោមបុណ្យទាំងឡាយក្នុងព្រះពុទ្ធសាសនា ដែលអាចប្រារព្ធធ្វើឡើងបានក្នុងរយៈកាល២៩ថ្ងៃ គឺចាប់ពីថ្ងៃ១ រោច ខែអស្សុជ ដល់ថ្ងៃ១៥ កើត ខែកត្ដិក (ក្រោយចេញព្រះវស្សា)។ បុណ្យកឋិនទាននេះរៀបចំឡើងក្នុងគោលបំណងបង្កើនសាមគ្គីភាព ទ្រទ្រង់ព្រះពុទ្ធសាសនា និងផ្ដល់កម្លាំងកាយចិត្ត ព្រមទាំងឧប្បការៈទំនុកបម្រុងដល់ព្រះភិក្ខុសាមណេរដែលជាសាសនទាយាទបន្តអាយុព្រះពុទ្ធសាសនា ដើម្បីទទួលបានមហាកុសលដ៏ប្រសើរ៕


















