ខេត្តយូណាន ប្រទេសចិន ជាច្រកអាហារូបករណ៍ឧត្តមសិក្សាដ៏មានសក្តានុពលជូននិស្សិតកម្ពុជា
03-11-2025 17:40
(យូណាន, ចិន)៖ ក្រោមការចង្អុលបង្ហាញ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការអាហារូបករណ៍ និងជាប្រធានសមាគម អ.ម.ត បានក្លាយជាកម្លាំងកតាលីករដ៏មានសក្តានុពល និងជាចលករដ៏សំខាន់ គណៈប្រតិភូកម្ពុជាដឹកនាំដោយលោក ឡាវ វ៉ាន់ ប្រធានការិយាល័យគ្រឹះស្ថានសិក្សា អមដំណើរដោយលោកបណ្ឌិត ត្រាំង លី, លោក សុខ សំអាង, លោក ហេង សុទ្ធី, លោក តាន់ គីមមេង, លោក ពេជ្រ ចិត្រា, លោក ឈឿន រស្មី, លោក ជ័យ វិទ្យារិទ្ធី, លោក អុន ស៊ីផាន់ និងសមាជិកដទៃទៀតសរុប ៣៥រូប មកពិភាក្សាពីលទ្ធភាពរបស់និស្សិតកម្ពុជាក្នុងការទទួលបានឱកាសអាហារូបករណ៍មកសិក្សានៅតាមបណ្តាសាកលវិទ្យាល័យនានាក្នុងខេត្តយូណាន ប្រទេសចិន។
លោក ឡាវ វ៉ាន់ បានថ្លែងថា ខេត្តយូណានជាគោលដៅទី១ និងចម្បងរបស់ក្រុមការងារ ហើយជាច្រកដ៏សំខាន់សម្រាប់ការទទួលបាននូវអាហារូករណ៍កាន់តែច្រើនជូនដល់និស្សិតកម្ពុជាតាមរយៈសមាគមអ.ម.ត។ បេសកកម្មនេះបាននិងកំពុងរួម ចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា លើការអភិវឌ្ឍមូលធនមនុស្ស។
លោកបានរំលេចពីភាពវិជ្ជមាននៃកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការអាហារូបករណ៍ ក៍ដូចជាសមាគម អ.ម.ត និងបណ្តាសាកលវិទ្យាល័យនានាដែលជាដៃគូសហការក្រោមកិច្ចគាំទ្រយ៉ាងពេញទំហឹងពីមន្ទីរអប់រំខេត្តយូណាន។ ជាលទ្ធផល ទាំងក្នុងក្របខណ្ឌនៃជំនួបផ្លូវការ ទាំងក្នុងក្របខណ្ឌនៃការពិភាក្សាជាមួយក្រុមការងារ សមភាគីចិនដែលមានមន្ទីរអប់រំខេត្តយូណាន និងបណ្តាសាកលវិទ្យាល័យនានា សុទ្ធតែបានយល់ស្របគ្នាថា ក្រុមការងារបានអនុវត្តការងារប្រកបដោយ ប្រសិទ្ធភាពខ្ពស់ស្របតាមឆន្ទៈដែលមានលោក ឡាវ វ៉ាន់ ជាប្រធានប្រតិភូ លើការស្រូបទាញយកអាហារូបករណ៍ទៅចូលរួមបំប៉នកម្លាំងមូលធនមនុស្សនៅកម្ពុជា។
នៅក្នុងកិច្ចជំនួបដោយផ្ទាល់ជាមួយមន្ទីរអប់រំខេត្តយូណាន និងសាកលវិទ្យាល័យទាំង៤រួមមាន៖
*ទី១៖ សាកលវិទ្យាល័យ Yunan University of Finance and Economic
*ទី២៖ សាកលវិទ្យាល័យ Kunming University of Science and Technology
*ទី៣៖ សាកលវិទ្យាល័យ Kunming Medical University
*ទី៤៖ សាកលវិទ្យាល័យ Yunnan Normal University។
ក្រុមការងារគណៈប្រតិភូសុទ្ធតែបានរួមគ្នាលើកកម្ពស់ការពង្រឹងកិច្ចសហការ និងពង្រីកច្រកកាន់តែធំក្នុងការទទួលបានអាហារូបករណ៍កាន់តែច្រើនមកសមាគមអ.ម.ត ដើម្បីផ្តល់លទ្ធភាពដល់និស្សិតកម្ពុជាមកបន្តការសិក្សានៅខេត្តយូណាន។ ក្នុងន័យនេះលោក ឡាវ វ៉ាន់ ក៏បានបង្កើតបរិយាកាសជំនួបពិភាក្សាការងារដោយផ្ទាល់ និងទទួលទានអាហារសាមគ្គីរួមគ្នាជាមួយនិស្សិតកម្ពុជាដែលកំពុងសិក្សានៅខេត្តយូណានឱ្យបន្តជាស្ពាន ជាទូតដ៏សកម្មលើការជួយពន្លាតឱកាស កាន់តែច្រើនដល់សិស្ស-និស្សិតកម្ពុជាដែលបាននិងកំពុងត្រៀមខ្លួនរួចជាស្រេចមកក្រេបយកពុទ្ធិកម្រិតឧត្តមសិក្សានៅខេត្តយូណាន។
គួរបញ្ជាក់ថា បន្ថែមពីលើគោលដៅទី១នៅខេត្តយូណាននេះ គណៈប្រតិភូនឹងបន្តដំណើរបេសកកម្មស្របតាមគោលបំណងរបស់ខ្លួនទៅកាន់ខេត្ត-ក្រុងចំនួន ៦ ផ្សេងៗទៀត (សៀមិន, អ៊ូហាន់, ឆាងសា, ប៉េកាំង, ហឺហ្វី, គួយចូវ) របស់ប្រទេសចិន ដោយគណៈប្រតិភូបានចេញដំណើរពីប្រទេសកម្ពុជា នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងគ្រោងបញ្ចប់បេសកកម្មនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥៕













