ពិធីប្រណាំងអុំទូកត្នោត និងទូកស្មាច់ នៅឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង, លោក ណុប រ័ត្ននិមល៖ ប្រទេសជាតិមានសន្តិភាពទើបមានឱកាសបង្កលក្ខណៈល្អឲ្យយុវជនបានមកជួបជុំលេងកីឡាបានដូចថ្ងៃនេះ
06-11-2025 18:50
(កណ្តាល)៖ លោក ណុប រ័ត្ននិមល សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារយុវជនគណបក្សចុះមូលដ្ឋានស្រុកកណ្ដាលស្ទឹង តំណាងលោកកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នារសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអញើញក្នុងពិធីប្រណាំងអុំទូកត្នោត និងទូកស្មាច់ នៅឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យ អុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក។
នាឱកាសនោះលោក ណុប រ័ត្ននិមល បានមានប្រសាសន៍ថា យើងទាំងអស់គ្នាសូមអរគុណចំពោះសន្តិភាពដោយសារកត្តាប្រទេសជាតិមានសន្តិភាពទើបមានឱកាសបង្កលក្ខណៈល្អឲ្យយុវជនបានមកជួបជុំលេងកីឡាបានដូចថ្ងៃនេះ។
ការរៀបចំវិធីអុំទូកនេះឡើង គឺជារាល់លើកដើម្បីចូលរួមចំណែកលើកស្ទួយវិស័យកីឡា និងស្របតាមអនុសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រជាពលរដ្ឋម្នាក់ ត្រូវលេងកីឡាមួយមុខ ឬឲ្យបានមួយប្រភេទនោះ។
យើងសូមអរគុណចំពោះម្លប់សន្តិភាព សន្តិភាពប្រៀបបានទៅនឹងខ្យល់អុកស៊ីសែន បើគ្មានអុកស៊ីសែន យើងមិនអាចដកដង្ហើមមានជីវិតបាននោះទេ។
ដោយសារកត្តាសុខសន្តិភាពនេះហើយ ដែលបានធ្វើឲ្យយើងមានអ្វីៗ រហូតមកដល់ពេលនេះ និងរៀបចំកម្មវិធីនេះឡើងផងដែរ កម្ពុជាពិតជាសំណាងណាស់ ដែលមានប្រមុខរដ្ឋាភិបាល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខក្នុងការដឹកនាំប្រទេសជាតិ ធ្វើឲ្យមានសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស និងអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។
លោក ណុប រ័ត្ននិមល ក៏បានលើកឡើងផងដែរថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តវេនពីសម្ដេចតេជោ បានខិតខំប្រឹងប្រែងណាស់ក្នុងការកសាងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឲ្យមានការរីកចម្រើនលើកគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ពិសេសបានខិតខំដោះស្រាយបញ្ហាបញ្ចប់ជម្លោះព្រំដែន និងទាក់ទងអ្នកវិនិយោគបរទេសមកបណ្ដាក់ទុននៅកម្ពុជាដើម្បីជាប្រយោជន៍លើកកម្ពស់ជីវភាពរស់នៅដល់ប្រជាពលរដ្ឋ។
ក្នុងឱកាសនោះលោក ណុប រ័ត្ននិមល បាននាំយកថវិកា នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី ឧបត្ថម្ភដល់កីឡាករអុំទូកទាំង២០ក្រុម ទូកជ័យលាភីលេខ១ ថវិកា ៥០ម៉ឺនរៀល ទូកជ័យលាភីលេខ២ ថវិកា ៤០ម៉ឺនរៀល ទូកជ័យលាភីលេខ៣ ថវិកា ៣០ម៉ឺនរៀល ក្នុងនោះដែលទូកដែលពុំមានចំណាត់ថ្នាក់ ចំនួន១៧ទូក ក្នុង ១ទូកទទួលបានថវិកា ២០ម៉ឺនរៀល ឧបត្ថម្ភដល់សាលាស្រុក ២លានរៀល និងចំណុះទូកទាំងអស់ ចំនួន១១២នាក់ម្នាក់ៗ ៣មុឺនរៀលផងដែរ៕

































