មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ និងការងារស្តារផ្លូវ ឡើងវិញ នៅខេត្តកណ្តាល និងខេត្តព្រៃវែង
07-11-2025 12:36
(កណ្តាល-ព្រៃវែង)៖ ក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងខិតខំស្ថាបនាផ្លូវនៅទីជនបទ និងថែទាំដើម្បីឱ្យផ្លូវទាំងអស់នោះអាចឱ្យប្រជាពលរដ្ឋធ្វើដំណើរស្រួលបានយូរឆ្នាំ ទាំងនៅរដូវប្រាំង និងរដូវវស្សា ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានជនបទ។
គម្រោងទាំង២នេះ រួមមាន៖
-គម្រោងទី១៖ ការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ១ខ្សែ ប្រវែង ២,៨២០ម៉ែត្រ ១ទទឹង ៧ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយថ្មភ្នំ ទទឹងម្ខាងៗ ០.៥ម៉ែត្រ កម្រាស់ ០.២ម៉ែត្រ សាងសង់លូប្រអប់មុខមួយចំនួន ២កន្លែង លូមូលមុខពីរចំនួន ១កន្លែង លូមូលមុខមួយចំនួន ២កន្លែង និងផ្អាកឈ្មោះផ្លូវ ចំនួន ២កន្លែង ស្ថិតនៅភូមិគោសំពៅ ទៅភូមិសង្កែចុង ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង (គម្រោងលេខ DRR-NC-2025-No.008,103027)។
-គម្រោងទី២៖ ការងារស្តារឡើងវិញផ្លូវចំនួន ១ខ្សែ មាន៣កំណាត់ ប្រវែងសរុប ១,៤០០ម៉ែត្រ ទទឹង ៨ម៉ែត្រ (កំណាត់ទី១ ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៧០០ម៉ែត្រ ចាប់ពី គ.ម៧+៧០០ ដល់ គ.ម៨+៤០០ កំណាត់ទី២ ផ្លូវក្រាលបេតុងប្រវែង ៥០០ម៉ែត្រ ចាប់ពី គ.ម៨+៤០០ ដល់ គ.ម៨+៩០០ និងកំណាត់ទី៣ ផ្លូវក្រាល កៅស៊ូពីរជាន់ (DBST) ប្រវែង ២០០ម៉ែត្រ ចាប់ពី គ.ម៨+៩០០ ដល់ គ.ម៩+១០០) ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយថ្មភ្នំ ទទឹងម្ខាងៗ ១ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ ស្ថាបនាលូរំដោះទឹករាងអក្សរអ៊ុយ(ប)ប្រវែង ៤០០ម៉ែត្រ លូមូលចំនួន ៣កន្លែង និងអណ្តូងលូ ចំនួន ៤កន្លែង ស្ថិតនៅភូមិអំពិលលាស់ ទៅភូមិគរ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល (គម្រោងលេខ DRR-NC-2025-No.009,103021) អនុវត្តដោយ នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិប្រើប្រាស់ថវិកាជំពូក២១ ដឹកនាំស្ថាបនាដោយ
ឧត្តមសេនីយ៍ទោ អ៊ូច វុឌ្ឍី។
ក្នុងឱកាសតំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥, លោកបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងថា រាជរដ្ឋាភិបាល បាននឹងកំពុងខិតខំអភិវឌ្ឍន៍ប្រទេសជាតិ លើគ្រប់វិស័យឱ្យកាន់តែមានភាពរីកចម្រើនទៅមុខ ដោយបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដែលបានកំណត់អាទិភាពគន្លឹះ៥ រួមមានមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ជាបាវចនា ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងគោលដៅអភិវឌ្ឍប្រទេស ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោកបានបន្តថា ជាមួយនេះក្រសួងអភិវឌ្ឍន៍ជនបទ កំពុងពន្លឿនកិច្ចអភិវឌ្ឍន៍ និងជំរុញការអនុវត្តនូវយុទ្ធសាស្ដ្រសំខាន់ៗ រួមមាន៖
ទី១៖ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដោយការខិតខំលើកកម្ពស់កម្រិតគុណភាពផ្លូវពីផ្លូវដីស និងផ្លូវដីល្បាយក្រួសទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ និងផ្លូវបេតុង
ទី២៖ ការលើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ តាមរយៈការជំរុញអាត្រាគ្របដណ្ដប់នៃការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ១០០ភាគរយ
ទី៣៖ ការជំរុញអភិវឌ្ឍសហគមន៍ជនបទ និងចលនាភូមិគំរូ តាមរយៈការជំរុញអភិវឌ្ឍសហគមន៍ជនបទ និងចលនាភូមិគំរូ ជាការអភិវឌ្ឍភូមិចម្រុះឱ្យប្រែក្លាយទៅជាភូមិគំរូ
ទី៤៖ ការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្តាលជំនាញមូលដ្ឋានបំណិនជីវិត ដើម្បីបង្កើតការងារ និងមុខរបរ ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម ក្នុងគោលដៅលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចនៅជនបទឱ្យមានការរីកចម្រើន ពិសេសការពង្រឹងតួនាទីភារកិច្ច របស់គណៈកម្មការអភិវឌ្ឍន៍ភូមិ ដើម្បីជំរុញការអភិវឌ្ឍភូមិគំរូ
និងទី៥៖ ការពង្រឹងស្ថាប័ន និងកិច្ចការតាមរយៈបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់, ការរៀបចំនូវសណ្ដាប់ធ្នាប់ និងការពង្រឹងសាមគ្គីភាព ដើម្បីចូលរួមចំណែកអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ។
ក្នុងឱកាសនោះជួបសំណេះសំណាលជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ, ក្នុងនោះលោកបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទដែលតែងតែគិតគូរពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ។
ជាមួយនឹងការទទួលបានសមិទ្ធផលថ្មីនេះ, អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ បានបង្ហាញក្តីរំភើបរីករាយ បន្ទាប់ពីទទួលផ្លូវថ្មី ព្រមទាំងប្រព័ន្ធលូរំដោះទឹក តាមរយៈនេះពួកគាត់បានប្តេជ្ញាចិត្តថែទាំផ្លូវនេះ ដើម្បីធានាថាអាចប្រើប្រាស់បានយូរអង្វែង បម្រើផលប្រយោជន៍ជូនពួកគាត់ជាដើម។ អាជ្ញាធរ និងប្រជាពលរដ្ឋ ក៏បានគោរពថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ព្រមទាំងក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានស្ថាបនាផ្លូវ សម្រាប់បម្រើដល់ការធ្វើដំណើរ ដែលបានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការលើកកម្ពស់ជីវភាពបានមួយកម្រិតផងដែរ៕


























