* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អ្នកនាំពាក្យក្រសួងការពារជាតិ៖ ការងារដោះមីនមនុស្សធម៌តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ត្រូវស្ថិតនៅក្រោមសមត្ថកិច្ច និងយន្តការ JCTF ហើយមិនអនុញ្ញាតឱ្យធ្វើប្រតិបត្តិការដោយឯកតោភាគីឡើយ (Video inside)

08-11-2025 15:38

(ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន បង្ហាញវឌ្ឍនភាពការងារដោះមីនមនុស្សធម៌ក្នុងតំបន់អាទិភាពនៅព្រំដែនកម្ពុជា-ថៃ ដោយលើកឡើងថា ការងារដោះមីនមនុស្សធម៌នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ត្រូវស្ថិតក្រោមសមត្ថកិច្ច និងយន្តការក្រុមការងារសម្របសម្រួលចម្រុះកម្ពុជា-ថៃ (JCTF) និងមិនអនុញ្ញាតឱ្យធ្វើប្រតិបត្តិការដោះមីនមនុស្សធម៌ដោយឯកតោភាគីឡើយ។

តាមរយៈសេចក្តីប្រកាសនេះ អ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងថា៖

*១៖ ក្នុងគោលបំណងការពារអាយុជីវិតជនស៊ីវិល ព្រមទាំងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងយោងតាមស្មារតីនៃកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅខេត្តកោះកុង កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ភាគីកម្ពុជានិងភាគីថៃបានឯកភាពគ្នា ឱ្យមានការបង្កើតក្រុមការងារសម្របសម្រួលចម្រុះ (Joint Coordinating Task Force-JCTF) កម្ពុជា-ថៃ ដែលដឹកនាំដោយលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ ដោយមានការចូលរួមពីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) ដើម្បីកំណត់ និងឯកភាពលើតំបន់សាកល្បង និងតំបន់អាទិភាពនៅព្រំដែនកម្ពុជា-ថៃ សម្រាប់ធ្វើប្រតិបត្តិការដោះមីនមនុស្សធម៌ ដែលត្រូវបានព្រមព្រៀងដោយក្រុមការងារសម្របសម្រួលចម្រុះ កម្ពុជា-ថៃ (JCTF) ។

*២៖ ការងារដោះមីនមនុស្សធម៌នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ត្រូវស្ថិតក្រោមសមត្ថកិច្ច និងយន្តការក្រុមការងារសម្របសម្រួលចម្រុះ កម្ពុជា-ថៃ (JCTF) និងមិនអនុញ្ញាតឱ្យធ្វើប្រតិបត្តិការដោះមីនមនុស្សធម៌ ដោយឯកតោភាគីឡើយ។ ភាគីកម្ពុជា និងភាគីថៃ ត្រូវគោរពឱ្យបាននូវគោលការណ៍ដែលបានឯកភាពគ្នា និងនិយាមនីតិវិធីប្រតិបត្តិ (Standard Operating Procedures-SOP) ដែលបានធ្វើឡើងកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥។

*៣៖ ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ មានភារកិច្ចកំណត់ និងឯកភាពលើតំបន់សាកល្បង និងតំបន់អាទិភាពនៅព្រំដែន ព្រមទាំងអនុម័តលើផែនការសកម្មភាពសម្រាប់ប្រតិបត្តិការដោះមីនមនុស្សធម៌។ ក្រោយពីក្នុងតំបន់អាទិភាពនៅព្រំដែនត្រូវបានអនុម័តដោយក្រុមផែនការសកម្មភាពសម្រាប់ប្រតិបត្តិការដោះមីនមនុស្សធម៌ ការងារសម្របសម្រួលចម្រុះ កម្ពុជា-ថៃ (JCTF) មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) នឹងសម្របសម្រួលជាមួយនឹងប្រតិបត្តិករដោះមីន ដើម្បីធ្វើការដោះមីនមនុស្សធម៌ដោយឯករាជ្យ និងដាច់ដោយឡែកពីគ្នា ក្នុងតំបន់អាទិភាពដែលត្រូវបានកំណត់ និងឯកភាពនោះ។ ក្រៅពីតំបន់អាទិភាព ដែលត្រូវបានកំណត់ និងឯកភាព គឺមិនអនុញ្ញាតឱ្យមានប្រតិបត្តិការនៃការដោះមីនមនុស្សធម៌ជាលក្ខណៈឯកតោភាគី នៅតំបន់ព្រំដែន ដែលមិនទាន់មានការកំណត់ខ័ណ្ឌសីមាច្បាស់លាស់ឡើយ (not yet demarcated) ដោយរង់ចាំការ សម្រេចពីក្រុមការងារសម្របសម្រួលចម្រុះ កម្ពុជា-ថៃ (JCTF)។

*៤៖ រាល់សកម្មភាពដោះមីនមនុស្សធម៌ និងនិយាមកាពហុកោណចម្ការមីននៅតំបន់សាកល្បង និងតំបន់អាទិភាពនៅព្រំដែន មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែនគោករវាងប្រទេសកម្ពុជា និងប្រទេសថៃឡើយ ឬមិនត្រូវបង្កើតជាអង្គហេតុនៃការទទួលស្គាល់លើទីតាំង (Faits Accomplis) ជាមូលដ្ឋាននៃការទាមទារសិទ្ធិលើខ្សែបន្ទាត់ព្រំដែននោះទេ។ ការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែន ជាសមត្ថកិច្ចរបស់គណៈកម្មការចម្រុះឆ្នាំដែនកម្ពុជា-ថៃ (JBC)។

*៥៖ តំបន់សាកល្បង និងតំបន់អាទិភាពនៅព្រំដែនដែលបានដោះមិនរួច ត្រូវគោរពគោលការណ៍ និងលក្ខខណ្ឌ ក្នុងការរក្សាស្ថានភាពដើម (Status Quo)៖ ក្រោយការបោសសម្អាតមីនមនុស្សធម៌, ភាគីទាំងពីរមិនត្រូវធ្វើសកម្មភាព ណាមួយដែលអាចធ្វើឱ្យមានការប្រែប្រួលបរិស្ថាននៃតំបន់ព្រំដែននោះឡើយ ដូចមានចែងក្នុងមាត្រា៥ នៃអនុស្សរណៈ នៃការយោគយល់គ្នារវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការវាស់វែង និងខ័ណ្ឌសីមាព្រំដែនគោក ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ (MOU ឆ្នាំ២០០០)។

*៦៖ យោងតាមស្មារតីនៃកិច្ចប្រជុំពិសេសលើកទី២ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅទីក្រុងកូឡា-ឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ និងកិច្ចប្រជុំក្រុមការងារសម្របសម្រួលចម្រុះ កម្ពុជា-ថៃ (JCTF) កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានកំណត់តំបន់សាកល្បងក្នុងតំបន់អាទិភាពនៅព្រំដែនដែលស្ថិតនៅ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ទល់មុខ ឃុំណួនម៉ាកម៉ូន ស្រុកគោកស៊ូង ខេត្ត ស្រះកែវ ព្រះរាជាណាចក្រថៃ និងបានប្រគល់ភារកិច្ចជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និង មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) ឱ្យជួបប្រជុំគ្នា និងបន្តការងារបច្ចេកទេសនៅទីតាំងជាក់ស្តែង នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីធ្វើការផ្ទៀងផ្ទាត់ និងព្រមព្រៀងគ្នាលើនិយាមកាពហុកោណចម្ការមីននៃតំបន់អាទិភាពនៅ ព្រំដែន។ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) ត្រូវ រៀបចំផែនការសកម្មភាពលម្អិតសម្រាប់ការងារដោះមីនមនុស្សធម៌ នៅតំបន់សាកល្បងក្នុងតំបន់អាទិភាពនៅព្រំដែន ដែលបានកំណត់ ដើម្បីសុំការអនុម័តពីក្រុមការងារសម្របសម្រួលចម្រុះ កម្ពុជា-ថៃ (JCTF) មុននឹងចាប់ផ្តើមអនុវត្ត ការងារដោះមីនមនុស្សធម៌៕