និស្សិតកម្ពុជានៅសាកលវិទ្យាល័យហូហៃ ប្រទេសចិន បង្ហាញសិល្បៈវប្បធម៌ខ្មែរ ក្នុងកម្មវិធីផ្លាស់ប្តូរវប្បធម៌អន្តរជាតិ
08-11-2025 18:57
(ណានជីង)៖ នាពេលថ្មីៗនេះ ក្រោមការចង្អុលបង្ហាញរបស់លោក អ៊ុំ វុទ្ធទី ជាជំនួការសម្តេចតេជោប្រធានព្រឹទ្ធសភា និងជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) លោកសៀន ដាវីន សមាជិកក្រុមប្រឹក្សាភិបាល និងប្រធានក្រុមការងារសមាគម ACSC ប្រចាំខេត្តជាំងស៊ូ បានដឹកនាំនិស្សិតសិក្សានៅសាកលវិទ្យាល័យ Hohai University (河海大学) រៀបចំកម្មវិធីផ្លាស់ប្តូរវប្បធម៌អន្តរជាតិ នៅបរិវេណសាលាផ្ទាល់ ដើម្បីចែករំលែក និងផ្សព្វផ្សាយអំពីវប្បធម៌ អរិយធម៌ និងសិល្បៈប្រពៃណីខ្មែរ ទៅកាន់និស្សិតអន្តរជាតិមកពីបណ្តាប្រទេសផ្សេងៗ ប្រមាណជា ៣០ ប្រទេសជុំវិញពិភពលោក។
កម្មវិធីផ្លាស់ប្តូរវប្បធម៌អន្តរជាតិនេះ សមាគមបានប្រើប្រាស់សម្ភារៈសិល្បៈ ដោយជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែល បានឧបត្តម្ភមកសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ដើម្បីលើកស្ទួយវប្បធម៌ប្រពៃណីជាតិខ្មែរ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជាលើឆាកអន្តរជាតិ ជាពិសេសទាក់ទាញភ្ញៀវទេសចរណ៍ចិន មកលេងកម្ពុជា។
ក្នុងឱកាសនេះ និស្សិតកម្ពុជាបានសម្តែង របាំគោះត្រឡោក រាំចង្វាក់ម៉ាឌីហ្សន់ រាំវង់ សារ៉ាវ៉ាន់ ឡាំលីវ និងចូកកំពឹស ដែលបង្ហាញពីសិល្បៈសាមគ្គីភាព និងសេចក្តីរីករាយក្នុងសង្គមខ្មែរ។
ពេលជាមួយគ្នានេះ ក៏បានបង្ហាញនូវសម្លៀក បំពាក់ប្រពៃណីជាតិខ្មែរ រួមមាន ឈុតអប្សរា ឈុតល្បុកតោ ឈុតសម័យលង្វែក និងឈុតប្រពៃណីខ្មែរជាច្រើនទៀត ដែលបង្ហាញពីភាពស្រស់ស្អាតនៃសិល្បៈវប្បធម៌និងអរិយធម៌បុរាណរបស់ប្រជាជាតិខ្មែរ។
ក្រៅពីនេះ ក៏មានការរៀបចំ ល្បែងប្រជាប្រិយខ្មែរ ដូចជា ល្បែងលាក់កន្សែង ដែលជំរុញធ្វើឲ្យកម្មវិធីកាន់តែពោរពេញដោយភាពសប្បាយរីករាយ និងមានការចូលរួមលេងយ៉ាងសកម្មពីអ្នកទស្សនា។ បន្ថែមពីនេះក៏មានការតាំងបង្ហាញនូវម្ហូបអាហារនិងបង្អែមប្រពៃណីខ្មែរ ដូចជា នំបញ្ចុក និងនំកូរ ដែលទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីនិស្សិតបរទេស ហើយបានសរសើរពីរសជាតិឆ្ងាញ់និងការតាំងបង្ហាញដ៏ស្រស់ស្អាត។
ក្រៅពីសកម្មភាពសិល្បៈខ្មែរ ក៏មានការច្រៀងចម្រៀងរួមគ្នារវាងប្រទេសតាមបណ្ដោយទន្លេមេគង្គ ដែលរួមមាន ចិន មីយ៉ាន់ម៉ា ឡាវ ថៃ វៀតណាម និងកម្ពុជាផងដែរ ដើម្បីបង្ហាញពីសាមគ្គីភាព និងមិត្តភាពដ៏ល្អរវាងប្រជាជននៃប្រទេសតាមបណ្ដោយទន្លេមេគង្គ។
លោក សៀន ដាវីន បានឲ្យដឹងថា កម្មវិធីនេះមានគោលបំណងចម្បងក្នុងការផ្លាស់ប្តូរវប្បធម៌ និងបង្កើតសម្ព័ន្ធភាពដ៏ល្អរវាងនិស្សិតកម្ពុជានិងនិស្សិតអន្តរជាតិដើម្បីលើកស្ទួយឱ្យមានការយល់ដឹង និងការគោរពគ្នាទៅវិញទៅមកតាមរយៈសិល្បៈវប្បធម៌។ លោកបានបន្ថែមថា៖ «វប្បធម៌គឺជាបេតិកភណ្ឌដ៏មានតម្លៃ ដែលយើងគ្រប់រូបជាកូនខ្មែរត្រូវតែថែរក្សា និងផ្សព្វផ្សាយឲ្យពិភពលោកបានស្គាល់ពីអរិយធម៌ដ៏រុងរឿងរបស់ប្រទេសកម្ពុជា»។
តាមរយៈសកម្មភាពដ៏មានន័យនេះ ក្រុមនិស្សិតកម្ពុជានៅសាកលវិទ្យាល័យ Hohai បានបង្ហាញឲ្យពិភពលោកឃើញអំពី ឆន្ទៈមុះមុត ស្មារតីស្ម័គ្រចិត្ត និងអរិយធម៌ដ៏អស្ចារ្យរបស់ប្រទេសកម្ពុជា ដែលបន្តឆ្ពោះទៅមុខក្នុងការថែរក្សាប្រពៃណីជាតិ និងសិល្បៈវប្បធម៌នៅលើឆាកអន្តរជាតិ៕

















