រដ្ឋមន្ត្រីការបរទេសកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី នៅថ្ងៃទី១២-១៣ ខែវិច្ឆិកា (Video inside)

10-11-2025 15:17

(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ លោកបណ្ឌិត វីរៀន បាឡាគ្រឹស្សណាន់ រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសិង្ហបុរី លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសិង្ហបុរី ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្នុងអំឡុងពេលនៃទស្សនកិច្ចនេះ ប្រមុខការទូតកម្ពុជា នឹងអញ្ជើញចូលជួបសម្តែងការគួរសម ចំពោះ លោក ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ នៃសាធារណរដ្ឋសិង្ហបុរី។ លោកឧបនាយករដ្ឋមន្រ្តី ក៏នឹងមានជំនួបពិភាក្សាជាមួយ លោកបណ្ឌិត វីរៀន បាឡាគ្រឹស្សណាន់ រដ្ឋមន្ត្រីការបរទេស សិង្ហបុរី ដើម្បីពង្រឹងចំណងមិត្តភាពដ៏ជិតស្និទ្ធបន្ថែមទៀត និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសិង្ហបុរី លើគ្រប់វិស័យដែលមានសក្តានុពល។

ក្រសួងការបរទេស បានឱ្យដឹងថា ដំណើរទស្សនកិច្ចនាពេលខាងមុខនេះ បញ្ជាក់ជាថ្មីអំពីចំណងមិត្តភាពដ៏ជ្រាលជ្រៅ និងយូរ អង្វែង កិច្ចសហប្រតិបត្តិការផ្តល់ប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ ព្រមទាំងការប្តេជ្ញាចិត្ត រួមគ្នាក្នុងការជំរុញបន្ថែមទៀតនូវភាពជាដៃគូដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។ ដំណើរទស្សនកិច្ចនេះ មានសារៈសំខាន់ជាពិសេស ខណៈដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូត៕