ពលរដ្ឋងាយរងគ្រោះចំនួន១៧១គ្រួសារ នៅឃុំក្តុលតាហែន ស្រុកបវេល ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា
10-11-2025 16:35
(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ តបតាមសំណើររបស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបេល សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានសម្រេចផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ចំនួន១៧១គ្រួសារ ដើម្បីជួយសម្រាលកាលំបាករបស់ប្រជាពលរដ្ឋ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមាន កូនច្រើន កុមារកំព្រា ជនពិការ និងពលករដែលមានជីវភាពខ្វះខាតមកពីភូមិចំនួន១៥ ក្នុងឃុំក្តុលតាហែន។
ពិធីជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន១៧១គ្រួសារ ក្នុងឃុំក្តុលតាហែន ស្រុកបវេល បានធ្វើឡើងក្រោមអធិបតីភាព លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អនុប្រធាន សមាជិក សមាជិការ គណៈកម្មាធិការសាខា អនុសាខាស្រុកសប្បុរសជន អ្នកស្ម័គ្រចិត្ត និងយុវជន។
ថ្លែងក្នុងឱកាសនោះ លោក សុខ លូ បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ជាពិសេសនាំនូវការផ្តាំផ្ញើដល់គ្រួសារនីមួយៗ ត្រូវយកចិត្តទុកដាក់ គិតគូរពីបញ្ហាសុខភាព សម្អាតបរិស្ថាន ជុំវិញផ្ទះឲ្យបានស្អាតល្អ, ត្រូវបរិភោគទឹកឆ្អិន, ត្រូវកាត់បន្ថយអាហារដែលមានជាតិប្រៃពេក ផ្អែមពេក ខ្លាញ់ពេក ដែលនាំឱ្យមានជំងឺទឹកនោមផ្អែម ជំងឺមហារីក និងឡើងសម្ពាធឈាមជាដើម។
ជាមួយគ្នានេះ លោកប្រធានក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមជាមួយអាជ្ញាធរមូលដ្ឋានដើម្បីលុបបំបាត់គ្រឿងញៀន គ្រឿងស្រវឹង ក្មេងទំនើងនៅក្នុងភូមិដែលខ្លួនរស់នៅហើយសូមអាណាព្យាបាលទាំងអស់បញ្ជូនកូនៗ ទៅសាលារៀនឲ្យបានគ្រប់ៗគ្នា រៀនសូត្រឲ្យបានខ្ពង់ខ្ពស់ដើម្បីមានចំណេះដឹង មានការងារធ្វើ និងជួយលើកស្ទួយជីវភាពគ្រួសាររៀងៗខ្លួន និងសូមមេត្តាថែទាំសុខភាពឲ្យបានល្អ ប្រុងប្រយ័ត្ន ខ្លាចក្រែងជួបវិបត្តិផ្សេងៗ។
ម្យ៉ាងវិញទៀត បើឃើញភាពមិនស្រួលចំពោះសុខភាព ត្រូវប្រញាប់ទៅមណ្ឌល សុខភាព ឬមន្ទីរពេលដែលនៅជិតបំផុត ដើម្បីអាចពិគ្រោះ ឬព្យាបាលបានទាន់ពេលវេលា។ លោកបានក្រើងរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះគ្រោះអគ្គិភ័យផ្សេងៗផងដែរ។
ជាមួយគ្នានេះ ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០ ២៥និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា, លោក សុខ លូ ប្រធាន គណៈកម្មាធិការសាខា ក៏បានអំពាវនាវចំពោះសប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន ចូលរួមបរិច្ចាគថវិកា សម្ភារ ជូនកាកបាទក្រហមកម្ពុជា ដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត។ ដោយការចូលរួមឧបត្ថម្ភគាំទ្រការងារមនុស្សធម៌ តាមរយៈកាកបាទក្រហមកម្ពុជា គឺពិតជាមានគុណតម្លៃណាស់ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក ដែលជាការផ្សាភ្ជាប់រវាងសប្បុរសជន ជាមួយអ្នកទទួលផលជាក់ស្តែង។
ប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ជាពិសេសសម្ដេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់គិតគូរ ជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះគ្រប់រូបទាំងអស់ ដោយគ្មានការរើសអើង មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ។ ប្រជាពលរដ្ឋ ក៏សូមថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន អ្នកជិតខាង និងសប្បុរសជននានា ដែលបានជួយឧបត្ថម្ភ និងជ្រោមជ្រែងដល់ពួកគាត់ក្នុងស្ថានភាពលំបាកបែបនេះ។
អំណោយផ្តល់ជួនគ្រួសារនីមួយៗទទួលបាន អង្ករ ២៥គីឡូក្រាម, មីជាតិ ១កេស, ទឹកបរិសុទ្ធ១កេស, ត្រីខ១០កំប៉ុង, ទឹកស៉ីអ៉ីវ១យួរ, ទឹកស៉ីអ៉ីវ១យួរ និងថវិកា២ម៉ឺនរៀលជារបស់លោក ព្រួញ រិទ្ធថា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំក្តុលតាហែនផងដែរ៕


























