និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) រៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពី «ផលិតផលធានារ៉ាប់រងខ្នាតតូច លើដំណាំកសិកម្ម» ជូនដល់អាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍ ទាំង៩ឃុំ ក្នុងស្រុកបាកាន
11-11-2025 14:47
(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាស្រុកបាកាន និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពី «ផលិតផលធានារ៉ាប់រងខ្នាតតូច លើដំណាំកសិកម្ម» ជូនដល់អាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍ ទាំង៩ឃុំ ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ ប្រមាណជាង១០០នាក់។
ពិធីនេះស្ថិតក្រោមអធិបតីភាព លោក ទូច ម៉េងឡេង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ តំណាងលោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃ (ន.ធ.ក.) និងលោក ជា ហេងឡុង អភិបាលរង តំណាងលោក ឆាយ គឹមម៉ុង អភិបាលនៃគណៈអភិបាលស្រុកបាកាន ដោយបានការចូលរួមពី ក្រុមការងារនិយ័តករធានារ៉ាប់រងកម្ពុជា និងក្រុមហ៊ុនធានារ៉ាប់រងហ្វតតេកម្ពុជា (Forte General Insurance)។
បន្ទាប់ពីលោក ជា ហេងឡុង អភិបាលរងនៃគណៈអភិបាលស្រុកបាកាន បានមានមតិស្វាគមន៍ និងជម្រាបជូនអំពីភូមិសាស្ត្ររដ្ឋបាលស្រុក នោះរួចមក, លោក ទូច ម៉េងឡេង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ តំណាងលោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃ (ន.ធ.ក.) បានថ្លែងថា និយ័តករធានារ៉ាប់រងកម្ពុជា បានរៀបចំសិក្ខាសាលានេះឡើង ក្នុងគោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹង ចែករំលែកចំណេះដឹង និងដើម្បីបង្កើនទំនុកចិត្តដល់អតិថិជនធានារ៉ាប់រង ក៏ដូចជាប្រជាពលរដ្ឋ ដែលមានបំណងទិញផលិតផលធានារ៉ាប់រងខ្នាតតូច លើដំណាំកសិកម្ម ជាពិសេសអត្ថប្រយោជន៍របស់ផលិតផលធានារ៉ាប់រងផ្ទាល់។
លោកបានជម្រាបជូនថា រាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់ដោយបង្កើត និយ័តករធានារ៉ាប់រងកម្ពុជា ដែលជាស្ថាប័នថ្មីមួយ ត្រូវបានបង្កើតឡើង ដោយព្រះរាជក្រម ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ដោយមានតួនាទី ជាអាណាព្យាបាលក្រុមហ៊ុនធានារ៉ាប់រងទាំងអស់ ដែលប្រកបអាជីវកម្ម ក្នុងប្រទេសកម្ពុជា។ តួយ៉ាងក្នុងក្របខណ្ឌស្ថាប័ននិយ័តករធានារ៉ាប់រងកម្ពុជា បានបង្កើតយន្តការគ្រប់គ្រង និងត្រួតពិនិត្យ លើក្រុមហ៊ុនធានារ៉ាប់រងទាំងអស់ ទាំងស្ថានភាពហិរញ្ញវត្ថុ និងប្រតិបត្តិការទីផ្សារ យ៉ាងប្រុងប្រយ័ត្ន ព្រមទាំងការបង្កើតការិយាល័យផ្សះផ្សាវិវាទធានារ៉ាប់រង ដើម្បីធ្វើយ៉ាងណាការពារអត្ថប្រយោជន៍ និងទទួលបាននូវទំនុកចិត្ត ពីសំណាក់សាធារណជន ក្នុងការប្រើប្រាស់សេវាកម្មធានារ៉ាប់រង។
ជាការពិតណាស់ វិស័យធានារ៉ាប់រង គឺជាវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដែលបាននឹងកំពុងដើរតួនាទីជាសមាសភាគមួយដ៏សំខាន់ ក្នុងការទ្រទ្រង់វិស័យសន្តិសុខសង្គម និងសេដ្ឋកិច្ចជាតិ។ ជាមួយនឹងស្ថេរភាពនយោបាយ ព្រមទាំងកំណើនសេដ្ឋកិច្ច ដែលកម្ពុជារក្សាបាន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមជាមួយនឹងការចង្អុលបង្ហាញជាប្រចាំ របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានធ្វើឱ្យទីផ្សារធានារ៉ាប់រងកម្ពុជា រីកចម្រើនយ៉ាងឆាប់រហ័ស។
លោក ទូច ម៉េងឡេង បន្ថែមថា ដើម្បីជំរុញការអភិវឌ្ឍវិស័យធានារ៉ាប់រងកម្ពុជាបន្ថែមទៀតប្រកប ដោយចីរភាព កាលពីឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើកំណែទម្រង់យន្តការស្ថាប័ន ដោយបង្កើតនិយ័តករធានារ៉ាប់រងកម្ពុជា នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដែលជាស្ថាប័នថ្មីមួយ ដើរតួនាទីជាសេនាធិការឱ្យរាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រង ត្រួតពិនិត្យ និងអភិវឌ្ឍវិស័យន៍ធានារ៉ាប់រងកម្ពុជា។ ទន្ទឹមនឹងនោះ និយ័តករធានារ៉ាប់រងកម្ពុជា ក៏បានដាក់ចេញនូវ «ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ឆ្នាំ២០២១-២០៣០» ដើម្បីកំណត់ផែនទីចង្អុលផ្លូវ សម្រាប់អភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ក្នុងរយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង។
លោកសង្ឃឹមថាបងប្អូន ពូមីងទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីនេះ នឹងទទួលបាននូវចំណេះដឹងថ្មីបន្ថែមទៀតពាក់ព័ន្ធនឹងសេវាធានារ៉ាប់រង និងអាចធ្វើការចូលរួមចំណែក ក្នុងវិស័យធានារ៉ាប់រង តាមរយៈការជួយផ្សព្វផ្សាយ ពីចំណេះដឹងទាំងនេះ ទៅកាន់សាធារណជនផ្សេងទៀត។
សូមជម្រាបជូនថា ទីផ្សារធានារ៉ាប់រងកម្ពុជា បាននឹងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ជាមួយនឹងកំណើនជាមធ្យមប្រចាំឆ្នាំ ប្រមាណ៧% ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ។ បច្ចុប្បន្ននេះ មានក្រុមហ៊ុនធានារ៉ាប់រង ចំនួន៣៩ ក្នុងនោះមានក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច ចំនួន៧ ដែលកំពុងដំណើរការលើទីផ្សារធានារ៉ាប់រង និងផ្តល់ការការពារ ជូនប្រជាជនកម្ពុជា។ ទំហំទីផ្សារធានារ៉ាប់រង បានកើនឡើងប្រមាណ ៣៥៧លានដុល្លារ ក្នុងឆ្នាំ២០២៤ នឹងបានរួមភាគទានក្នុងសេដ្ឋកិច្ចកម្ពុជា តែប្រមាណ១.១៣%ប៉ុណ្ណោះ។ ក្នុងឆ្នាំ២០២៤ ទឹកប្រាក់សំណងដែលបានទូទាត់ជូនអតិថិជន មានចំនួន ១០៤លានដុល្លារ ដែលនេះជាភស្ដុតាងបញ្ជាក់ថា ទីផ្សារធានារ៉ាប់រងកម្ពុជា នៅមានសក្តានុពល ក្នុងការអភិវឌ្ឍនាពេលអនាគត៕









































