វិទ្យាស្ថានបច្ចេកវិទ្យានិងកសិកម្មកម្ពុជា និងសមាគមកម្ពុជា-ជប៉ុន ចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «កិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈអភិវឌ្ឍន៍ជំនាញ និងធនធាន់មនុស្ស»
11-11-2025 15:49
(ភ្នំពេញ)៖ វិទ្យាស្ថានបច្ចេកវិទ្យា កម្ពុជា (CITA) និងសមាគមកម្ពុជា-ជប៉ុន (JCA) នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី «កិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈអភិវឌ្ឍន៍ជំនាញ និងធនធាន់មនុស្ស» ដើម្បីបង្កើតស្ពានមិត្តភាព និងឱកាសថ្មីរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន នៅវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា។
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ដោយមានការអញ្ជើញចូលរួមពី លោក ជា កុសល រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោក ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក TAKAHASHI Fumiaki អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងប្រធានសមាគមកម្ពុជា-ជប៉ុន JCA លោកស្រីឧកញ៉ា តាំង ជូលី ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា លោក ជួប ចំណាន នាយកវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) ព្រមទាំងថ្នាក់ដឹកនាំស្ថាប័ន លោកគ្រូ អ្នកគ្រូ និងភ្ញៀវកិតិយសជាច្រើនរូប។
ក្នុងឱកាសនោះដែរ លោក ជា កុសល សូមសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់វិទ្យាស្ថានបច្ចេកវិទ្យានិងកសិកម្មកម្ពុជា (CITA) ដែលកន្លងមក ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ បានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ពិសេសមិនត្រឹមតែប្រយោជន៍សម្រាប់យុវជនដែលជាឆ្អឹងខ្នងដ៏សំខាន់នៃកម្លាំងពលកម្មសកម្ម ប្រកបដោយគុណភាព និងភាពធន់ប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់សេដ្ឋកិច្ចកម្ពុជាទាំងមូលផងដែរ ក្នុងបេសកកម្មរួមគ្នាសម្រេចបានសមិទ្ធផលធំៗ ជាផ្លែផ្កាផ្តើមចេញពីការអនុវត្តត្រឹមត្រូវនិងមានប្រសិទ្ធ ភាពនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា។
លោករដ្ឋលេខាធិការ បានបន្ដថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានាពេលនេះ សរបញ្ជាក់ពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំ ប្រឹងប្រែងរបស់ភាគីទាំងពីរ ក្នុងការអនុវត្តនូវកិច្ចប្រឹងប្រែង ដែលមានរយៈពេល៣ឆ្នាំទៅមុខ ដោយផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗដល់សិស្ស-និស្សិត ព្រមទាំងជាការបង្កើនឱកាសការងារដល់ យុវជននៅប្រទេសកម្ពុជាយើងផងដែរ។
ជាមួយគ្នានេះ លោកស្រីឧកញ៉ា តាំង ជូលី បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរួមគ្នារវាង CITA និង JCA នឹងរួមចំណែកក្នុងការជំរុញ និងគាំទ្រការអភិវឌ្ឍធនធានមនុស្ស ដែលមានជំនាញវិជ្ជាជីវៈ និងពង្រឹងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងជំនាញវិជ្ជាជីវៈ ឱ្យកាន់តែល្អប្រសើនិងមានកម្រិតស្តង់ដារខ្ពស់ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងជប៉ុន ជាពិសេសលើវិស័យសំខាន់ៗចំនួន ២ គឺវិស័យសំណង់ និងវិស័យសំអាងនិងសុខភាព។ គោលដៅរបស់ភាគីទាំងពីរ គឺបង្កើតសក្តានុពលធនធានមនុស្សប្រកបដោយចេរភាព ដែលទទួលបានការបណ្តុះបណ្តាលតាមស្តង់ដារជប៉ុន និងចូលរួមក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។
លោកស្រីឧកញ៉ា បានបន្ថែមថា ក្នុងវិស័យសំណង់ យើងនឹងអភិវឌ្ឍរួមគ្នានូវកម្មវិធីបណ្តុះបណ្តាលជំនាញជាក់លាក់ ដូចជា៖ ការរៀបប្រព័ន្ធទឹក ការលាបថ្នាំ ការរៀបការ៉ូ និងជាងឈើ ជាដើម។ សិស្សដែលបញ្ចប់ការសិក្សា នឹងទទួលបានវិញ្ញាបនបត្ររួមដែលទទួលស្គាល់ដោយប្រទេសទាំងពីរ និងអាចទទួលបានឱកាសការងារនៅប្រទេសជប៉ុនផងដែរ។ រីឯក្នុងវិស័យសំអាងនិងសុខភាព យើងនឹងសហការបង្កើតវិទ្យាស្ថានសំអាងនិងសុខភាព នៅប្រទេសកម្ពុជា ដើម្បីបណ្តុះបណ្តាលជំនាញតាមស្តង់ដារអន្តរជាតិ និងបង្កើតឱកាសការងារថ្មីដល់យុវជនកម្ពុជា ជាពិសេសសម្រាប់ស្ត្រី។ តាមរយៈសកម្មភាពទាំងនេះ យើងមិនត្រឹមតែបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេ ប៉ុន្តែថែមទាំងបង្កើតនូវទំនុកចិត្ត និងអនាគតដ៏រុងរឿង។
ជាថ្មីម្ដងទៀត លោករដ្ឋលេខាធិការ បានជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាង CITA និង JCA គឺមិនត្រឹមជាបោះជំហានថ្មីមួយទៀត ឆ្ពោះទៅមុខក្នុងការសម្រេចបេសកកម្មដ៏មានសារៈសំខាន់ខាងលើនេះប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបើកឱកាសបន្ថែម ស្ថាបនាគន្លងផ្លូវកសាងអាជីពនិងវិជ្ជាជីវៈដ៏ច្បាស់លាស់មួយដល់យុវជនយើង តាមរយៈការអភិវឌ្ឍធនធានមនុស្សដែលមានគុណភាព សមត្ថភាព ប្រកបដោយ ឯករាជ្យភាព និងភាពធន់ ហើយអាចប្រើប្រាស់ជំនាញរបស់ខ្លួនសម្រាប់ប្រកបអាជីវកម្ម ឬចូលរួមក្នុងទីផ្សារការងារផងដែរ៕


















