រដ្ឋមន្ដ្រី ឆាយ ឫទ្ធិសែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុងប្រវែង ៧៥ម៉ែត្រ និងពិធីបើកការដ្ឋានសាងសង់ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ និងបេតុង ចំនួន ៩ខ្សែ ជាគម្រោងរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ នៅក្នុងខេត្តពោធិ៍សាត់
12-11-2025 11:48
(ពោធិ៍សាត់)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពីធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុង ១កន្លែង ប្រវែង ៧៥ ម៉ែត្រ និងបើកការដ្ឋានសាងសង់ផ្លូវជនបទជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងបេតុង ចំនួន ៩ខ្សែ ប្រវែង ៦៧គីឡូម៉ែត្រ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ នៅក្នុងខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃពុធ ៧រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ, តំណាងក្រសួងពាក់ព័ន្ធ, លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត, ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តគោលដៅ, យុវជន, សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុបប្រមាណ ១ ២០០នាក់។
ជាកិច្ចចាប់ផ្ដើម លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់បានធ្វើសុន្ទរកថាស្វាគមន៍អំពីស្ថានភាពភូមិសាស្ដ្រ សេដ្ឋកិច្ច ស្ថានភាពរស់នៅរបស់ប្រជាជននៅទូទាំងខេត្ត ជាពិសេសការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ នៅតាមតំបន់ជនបទ ព្រមទាំងបានសម្ដែងនូវការអបអរសាទរចំពោះសមិទ្ធផលថ្មីៗជាបន្ដបន្ទាប់។
ជាមួយគ្នានោះ លោក ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស បានធ្វើរបាយការណ៍សង្ខេបដោយបានបញ្ជាក់ជូនថា ពិធីសម្ពោធស្ពានបេតុងប្រវែង ៧៥ម៉ែត្រ ទទឹង ៨ម៉ែត្រ និងផ្លូវបេតុងសងខាងក្បាលស្ពានប្រវែងសរុប ២២៩ម៉ែត្រ ស្ថិតនៅភូមិស្ពាន ឃុំកណ្តៀង ទៅភូមិព្រៃក្តី ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ស្ថិតនៅក្នុងក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ។ ដោយឡែកពិធីបើកការដ្ឋានផ្លូវសរុបចំនួន ៩ខ្សែ សរុបប្រវែង ៦៧គីឡូម៉ែត្រ ក្នុងនោះ ផ្លូវ ចំនួន ៣ខ្សែ ប្រវែងសរុបប្រមាណ ២៤ គីឡូម៉ែត្រ ស្ថិតក្នុងគម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ជំហាន២ (CSADRMP2)និងផ្លូវចំនួន ៦ខ្សែទៀត មានប្រវែងសរុបប្រមាណ ៤៣ គីឡូម៉ែត្រ ស្ថិតក្នុងក្របខ័ណ្ឌគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករនិងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) នៃក្រសួងអភិវឌ្ឍន៍ជនបទ។
បន្ទាប់ពីបានស្ដាប់សុន្ទរកថាស្វាគមន៍ និងរបាយការណ៍រួចមក លោក ឆាយ ឫទ្ធិសែន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានាពេលកន្លងមកលើគ្រប់វិស័យទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គម និងវប្បធម៌ ព្រមទាំងបានសម្ដែងសេចក្ដីសោមនស្សរីករាយ និងអបអរសារទរចំពោះបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តពោធិ៍សាត់ ពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងស្ថិតនៅក្រុងពោធិ៍សាត់, ស្រុកកណ្តៀង, ស្រុកបាកាន និងស្រុកវាលវែង ដែលទទួលបានសមិទ្ធិផលថ្មីនាឱកាសនេះ។ ឯកឧត្ដមរដ្ឋមន្រ្ដី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំបន្តវេនប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាននិងបន្តយកចិត្តទុកដាក់ថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើផ្ទៃប្រទេស ព្រមទាំងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា ក្នុងគោលដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោករដ្ឋមន្រ្ដី ក៏បានបន្ដជម្រាបជូនអំពីគោលនយោបាយអភិវឌ្ឍន៍ជនបទ ដែលមានចក្ខុវិស័យ «កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន និងចីរភាពទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌» ដោយក្រសួងកំពុងយកចិត្តទុកដាក់លើការលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ជនបទ ដូចពាក្យស្លោក «មានផ្លូវគឺមានក្តីសង្ឃឹម»។ ជាក់ស្ដែងពិធីសម្ពោធ «ស្ពានបេតុងប្រវែង៧៥ម៉ែត្រ ទទឹង ៨ម៉ែត្រ» ចំណាយថវិកា ៩០ម៉ឺនដុល្លារអាមេរិក បានផ្តល់ផលប្រយោជន៍ជូនប្រជាជនប្រមាណ ២,៧៨០គ្រួសារ ស្មើនឹង ១០,៨៧៩ នាក់។ ជាមួយគ្នានោះដែរ ផ្លូវកៅស៊ូពីរជាន់ និងបេតុងចំនួន ៩ខ្សែ ប្រវែង ៦៧គ.ម ដែលបើកការដ្ឋានថ្ងៃនេះនិងត្រូវសាងសង់ក្នុងតម្លៃប្រមាណ ១៤លានដុល្លារអាមេរិក នឹងផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋប្រមាណ ៤៦ ៥០០គ្រួសារ ស្មើនឹងប្រមាណ ២០ម៉ឺននាក់។
ជាចុងបញ្ចប់ លោករដ្ឋមន្រ្ដី បានគូសបញ្ជាក់ថា សមិទ្ធផលដែលសម្រេចបាន និងអង្គពិធីដ៏អធិកអធមនាពេលនេះ អាចប្រព្រឹត្តទៅបានគឺដោយសារគុណបំណាច់នៃ «សុខសន្តិភាព» ដែលកើតចេញពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិ និងប្រជាជន ដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាព ស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវឯកភាពជាតិ និងសន្ដិភាពពេញលេញទូទាំងប្រទេស និងក្រោមការដឹកនាំបន្តវេនប្រកបដោយថាមវ័ន្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន៕

















