ផ្សាររាត្រីឥណ្ឌូណេស៉ី នៅផ្លូវថ្មើរជើងចតុមុខ នឹងលើកកម្ពស់ទំនាក់ទំនង និងភាពស្និទ្ធស្នាលប្រជាជនឥណ្ឌូណេស៉ី និងកម្ពុជា (Video inside)
13-11-2025 14:28
(ភ្នំពេញ)៖ ផ្សាររាត្រីឥណ្ឌូណេស៉ី នៅផ្លូវថ្មើរជើងចតុមុខ នឹងលើកកម្ពស់ទំនាក់ទំនង និងភាពស្និទ្ធស្នាលរវាងប្រជាជនឥណ្ឌូណេស៊ី និងកម្ពុជា ព្រមទាំងជំរុញវិស័យទេសចរណ៍។ នេះបើយោងតាមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំកម្ពុជា លោកបណ្ឌិត Santo Darmosumarto លើកឡើងក្នុងបទសម្ភាសជាមួយបណ្តាញព័ត៌មាន Fresh News ។
ផ្សាររាត្រីឥណ្ឌូណេស៉ី ក្រោមគំនិតផ្តួចផ្តើមរបស់ស្ថានទូតឥណ្ឌូណេស៉ីប្រចាំកម្ពុជា នឹងរៀបចំលើកដំបូង នៅថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ដល់ម៉ោង ៩យប់ នៅផ្លូវថ្មើរជើងចតុមុខ ទល់មុខវត្តឧណ្ណាលោម។ ផ្សាររាត្រីឥណ្ឌូណេស៊ី នឹងមានស្តង់ចំនួន១២ ដែលផ្តល់ជូននូវម្ហូបអាហារ និងផលិតផលឥណ្ឌូនេស៊ីជាច្រើនប្រភេទ។
លោកបណ្ឌិត Santo Darmosumarto បានបញ្ជាក់ថា «ផ្សាររាត្រីឥណ្ឌូណេស៊ី គឺជាផ្នែកមួយនៃការទូតវប្បធម៌របស់ឥណ្ឌូនេស៊ីនៅកម្ពុជា។ ព្រឹត្តិការណ៍ដូចនេះបម្រើជាស្ពានសម្រាប់ការយល់ដឹងគ្នាទៅវិញទៅមក ដោយជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជនឲ្យកាន់តែរឹងមាំ។ ដោយទទួលបានបទពិសោធន៍តន្ត្រី របាំ និងអាហារឥណ្ឌូណេស៊ី អ្នកទស្សនាសង្ឃឹមថានឹងទទួលបានការកោតសរសើរកាន់តែជ្រៅចំពោះភាពចម្រុះ និងជួយបណ្តុះការយល់ឃើញវិជ្ជមានអំពីឥណ្ឌូនេស៊ី»។
ស្ថានទូតឥណ្ឌូណេស៉ី ក៏ស្នើសូមកុំភ្លេចនាំគ្រួសារ និងមិត្តភក្តិ ទៅកម្សាន្តនៅផ្សាររាត្រីឥណ្ឌូណេស៊ី ឱ្យបានច្រើនៗ និងសូមរីករាយជាមួយនឹង៖
*ម្ហូបឥណ្ឌូនេស៊ី ដែលមានដូចជា សាច់មាន់ចង្កាក់ និងប្រហិតក្តៅៗ
*ការសម្តែងវប្បធម៌ មានរបាំ តន្ត្រីបុរាណ និងកម្មវិធីជាច្រើនទៀត
*តន្ត្រីសប្បាយៗ មានការរាំតាមចង្វាក់ភេ្លង ដាំងឌុត របស់ឥណ្ឌូនេស៊ី និងភ្លេង EDM។
បើតាមលោកបណ្ឌិត Santo Darmosumarto អ្នកទស្សនាអាចរីករាយជាមួយការសម្តែងរបាំ និងតន្ត្រីប្រពៃណីឥណ្ឌូណេស៊ី ក៏ដូចជា ចង្វាក់ភ្លេង ដាំងឌុត Dangdut ដែលជាប្រភេទតន្ត្រីឥណ្ឌូណេស៊ីដ៏ពេញនិយម និងការលាយបញ្ចូលគ្នាដ៏ពិសេសនៃតន្ត្រីឥណ្ឌូណេស៊ី និងខ្មែរ។ ភ្ញៀវ ក៏នឹងមានឱកាសចូលរួមក្នុងហ្គេមសប្បាយៗ និងឈ្នះរង្វាន់ដ៏គួរឱ្យរំភើបដែលមានផលិតផលឥណ្ឌូណេស៊ីផងដែរ។
លោកបានបន្ថែមថា «តាមរយៈការចែករំលែកវប្បធម៌ឥណ្ឌូណេស៊ី តាមរយៈព្រឹត្តិការណ៍នេះ យើងសង្ឃឹមថាប្រជាជនកម្ពុជាកាន់តែច្រើននឹងស្គាល់ប្រទេសឥណ្ឌូណេស៊ី និងឈ្វេងយល់ពីផលិតផលឥណ្ឌូណេស៊ី។ ផ្សាររាត្រីឥណ្ឌណេស៉ី ប្រៀបបីដូចជាទីតាំងនៃការផ្លាស់ប្តូរវប្បធម៌។ ការផ្លាស់ប្តូរវប្បធម៌នៅផ្សាររាត្រីឥណ្ឌូណេស៊ី បើកទ្វារទៅរកឱកាសកាន់តែច្រើន សម្រាប់លើកកម្ពស់វិស័យទេសចរណ៍ និងបង្កើនពាណិជ្ជកម្មរវាងប្រទេសយើង»។
កម្ពុជា និងឥណ្ឌូណេស៊ីមានទំនាក់ទំនងការទូតជាមួយគ្នា តាំងពីឆ្នាំ១៩៥៩ ហើយឥណ្ឌូណេស៊ីបានរួមចំណែកក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា តាមរយៈឥស្សរជនសំខាន់ៗដូចជា លោក ស៊ូកាណូ និងលោក អាលី អាឡាតាស ដែលឈ្មោះរបស់ពួកលោកត្រូវបានយកទៅដាក់ឱ្យឈ្មោះផ្លូវសំខាន់ៗនៅរាជធានីភ្នំពេញ។
លោកបណ្ឌិត Santo Darmosumarto បានលើកឡើងទៀតថា តាមរយៈផ្សាររាត្រីឥណ្ឌូណេស៊ី ស្ថានទូតសង្ឃឹមថា នឹងចែករំលែកមិនត្រឹមតែរសជាតិ និងចង្វាក់នៃប្រទេសឥណ្ឌូណេស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្មារតីនៃភាពសុខដុមរមនា ដែលបង្រួបបង្រួមប្រទេសយើងទាំងពីរផងដែរ។ លោកសង្ឃឹមថា ព្រឹត្តិការណ៍នេះនឹងជំរុញមិត្តភាព ការផ្លាស់ប្តូរវប្បធម៌ និងការគោរពគ្នាទៅវិញទៅមក ដោយបង្កើតឱកាសដើម្បីពង្រឹងចំណងមិត្តភាពរវាងប្រជាជនរបស់យើង។
លោកឯកអគ្គរដ្ឋទូត ក៏បានកត់សម្គាល់ឃើញពីការកើនឡើងនៃចំណាប់អារម្មណ៍ក្នុងចំណោមយុវជនកម្ពុជា ក្នុងការរៀនភាសាឥណ្ឌូណេស៊ី ដែលបង្ហាញពីរបៀបដែលប្រទេសឥណ្ឌូណេស៊ីកំពុងមានភាពទាក់ទាញកាន់តែខ្លាំងឡើង ចំពោះយុវជនជំនាន់ក្រោយ៕










