អគារសិក្សាថ្មី និងសមិទ្ធផលនានា ក្នុងវិទ្យាល័យនគរធំ ក្រុងសៀមរាប ត្រូវសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ
13-11-2025 16:00
(សៀមរាប)៖ នៅសង្កាត់នគរធំ ក្រុង/ ខេត្តសៀមរាប មានរៀបចំពិធីសម្ពោធ បើកឱ្យប្រើប្រាស់ជាផ្លូវការ សមិទ្ធផលនានា នៅក្នុងវិទ្យាល័យនគរធំ ក្រោមអធិបតីភាពលោក តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត និងលោក លី សារី អភិបាលរងខេត្ត តំណាងលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ដោយមានវត្តមាន តំណាងម្ចាស់ជំនួយ តំណាងមន្ទីរអប់រំ យុវជន និងកីឡា លោកអភិបាលរងក្រុង នាយក នាយិកា លោកគ្រូ អ្នកគ្រូ គណៈកម្មគ្រប់គ្រងសាលា លោកចៅសង្កាត់ លោកមេភូមិ លោកយាយ លោកតា និងអាណាព្យាបាល សិស្សចូលរួមផងដែរ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥។
យោងតាមរបាយការណ៍របស់ លោក ជឹម តៃលី នាយកវិទ្យាល័យនគរធំ បានឱ្យដឹងថា វិទ្យាល័យនេះ មានផ្ទៃដីសរុប១១៤៩២ ម៉ែត្រក្រឡា ត្រូវបានផ្តើមគំនិតដំបូង ដោយលោក ង៉ា ចុង អតីតចៅសង្កាត់ និងផ្តល់ដីសម្រាប់កសាងវិទ្យាល័យនេះ ដោយលោក ជា សារិន ចៅសង្កាត់នគរធំ ព្រមទាំង ការបរិច្ចាគដីផ្លូវ ចេញចូលសាលា ពីសំណាក់មាតាបិតាសិស្ស ចំពោះសមិទ្ធផល សំខាន់ៗ ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់ នាពេលនេះ រួមមាន៖ អគារសិក្សាថ្មី២ខ្នង ស្មើនឹង១០បន្ទប់ ទីចាត់ការ១ខ្នង អគារធនធាន១ខ្នង ស្មើនឹង២បន្ទប់, ផ្ទះគ្រូ១ខ្នង ស្មើនឹង៣បន្ទប់, របង, ខ្លោងទ្វារ, បន្ទប់ទឹក និងផ្លូវចូល ផ្នែកខាងមុខ និងខាងក្រោយ នៃវិទ្យាល័យនេះផងដែរ។
លោក Harry Roberge (ហារី រ៉ូប៊ឺក) តំណាងមូលនិធិអប់រំខ្មែរអាមេរិកាំង ក្នុងនាមម្ចាស់ជំនួយ បានថ្លែងថា ការកសាងសមិទ្ធផលទាំងនេះឡើង គឺដោយសារតែយល់ឃើញថា មានតែការផ្តល់ការអប់រំប៉ុណ្ណោះ ទើបអាចជួយឱ្យយុវជនកម្ពុជាទទួលបានភាពជោគជ័យ សុភមង្គល និងឱកាសស្មើៗគ្នា។ លោកបានជំរុញឱ្យសិស្សានុសិស្ស ប្រើប្រាស់សមិទ្ធផលទាំងនេះ ឱ្យមានប្រយោជន៍ ដើម្បីសម្រេចក្តីសុបិន និងក្លាយជាធនធានមនុស្សសម្រាប់ប្រទេសជាតិ។ លោកក៏បានផ្តាំផ្ញើពាក្យស្លោកមួយឃ្លាថា៖ «រៀន រៀន រៀន»។
លោក លី សារី អភិបាលរងខេត្តសៀមរាប បានគូសបញ្ជាក់ថា ការមានអគារសិក្សាគ្រប់គ្រាន់ ទំនើប និងមានផាសុកភាព នឹងជួយលើកកម្ពស់បរិយាកាសសិក្សាឱ្យកាន់តែប្រសើរឡើង ជំរុញទឹកចិត្តសិស្សានុសិស្សឱ្យមកសិក្សា និងបង្កើនប្រសិទ្ធភាពនៃការបង្រៀនរបស់លោកគ្រូអ្នកគ្រូ។
លោកបានបន្ថែមថា អគារសិក្សាដើរតួនាទីជាបង្គោលភ្លើង ដ៏ភ្លឺច្បាស់សម្រាប់សហគមន៍ ដោយផ្ដល់នូវក្តីសង្ឃឹមដល់កូនចៅឱ្យទទួលបានចំណេះដឹង និងមានអនាគតកាន់តែប្រសើរ។ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យអប់រំជាវិស័យអាទិភាព និងបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការបង្កើនលទ្ធភាពឱ្យកុមារ និងយុវជនគ្រប់រូបទទួលបាននូវសេវាអប់រំប្រកបដោយសមធម៌។
លោកក៏បានបញ្ជាក់ពីភាពចាំបាច់ក្នុងការបន្តត្រូវការជំនួយបន្ថែមពីអង្គការដៃគូជាតិ អន្តរជាតិនានា ព្រមទាំងសប្បុរសជន ដើម្បីដោះស្រាយបញ្ហាខ្វះខាតដែលនៅរាំងស្ទះ ដល់កិច្ចអភិវឌ្ឍប្រទេសជាតិទាំងមូល។
លោក លី សារី ក៏បានថ្លែងអំណរគុណ ដល់សប្បុរសជនទាងអស់ និង អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ដែលបានចូលរួមចំណែកថវិកា កម្លាំងកាយចិត្ត និងពេលវេលា ក្នុងការកសាងសមិទ្ធផលទាំងនេះហើយ លោកអភិបាលរងខេត្ត ក៏បានជំរុញឲ្យលោកគ្រូ-អ្នកគ្រូ បន្តខិតខំប្រឹងប្រែងពង្រឹងគុណភាព បង្រៀនបង្កើនជំនាញវិជ្ជាជីវៈ និងដើរតួជាគំរូល្អដល់សិស្សានុសិស្ស ហើយសូមឲ្យប្អូនៗ សិស្សានុសិស្សត្រូវខិតខំរៀនសូត្រ ឱ្យបានពូកែ គោរពវិន័យ ស្រឡាញ់ និងថែរក្សាសាលារៀន សម្ភារៈសិក្សា និងសមិទ្ធផលទាំងអស់ដែលទើបសម្ពោធនេះ ឱ្យបានគង់វង្ស និងយូរអង្វែងផងដែរ៕























