ថ្នាក់ដឹកនាំ និងពលរដ្ឋនៅខេត្តត្បូងឃ្មុំ ប្តេជ្ញាចិត្តចូលរួមធ្វើឱ្យមូលដ្ឋានមានភាពស្អាត តាមរយៈការប្រើប្រាស់ធុងសំរាម ដែលផ្តល់ជូនដោយក្រសួងបរិស្ថាន
14-11-2025 09:42
(ត្បូងឃ្មុំ)៖ ក្រសួងបរិស្ថាន បានបន្តផ្តល់ធុងសំរាមបន្ថែមទៀត ដែលមានចំនួនសរុប ចំនួន៣៤០៥ធុង ដល់រដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីបន្តប្រគល់ជូនដល់មូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្ត។ ពិធីប្រគល់ និងទទួលបានប្រព្រឹត្តទៅ នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលាខេត្តត្បូងឃ្មុំ។
លោក ម៉ាត់ ហ្គោហ្វូត អភិបាលរងខេត្តត្បូងឃ្មុំ ក្នុងនាមអាជ្ញាធរ និងប្រជាពលរដ្ឋខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណដល់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលបានប្រគល់ធុងសំរាម ដល់មូលដ្ឋានសុខាភិបាល សាលារៀន វត្តអារាមនៅទូទាំងខេត្តត្បូងឃ្មុំ ដើម្បីជួយបង្កើនភាពស្អាត និងសុខភាពល្អរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានផងដែរ។
លោក ថន សាខន នាយករងវិទ្យាល័យហ៊ុន សែន ពញាក្រែក នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ការផ្តល់ធុងសំរាមមានសារសំខាន់ ក្នុងការថែរក្សាបរិស្ថាន និងជួយលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ ឱ្យមានការទុកដាក់សំរាមបានត្រឹមត្រូវ និងឆ្លើយតបនឹងយុទ្ធសាស្រ្តកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកតាមសាលារៀន វត្តអារាមនិងតាមមូលដ្ឋាន។
តាមរយៈការផ្តល់ជូនធុងសំរាមនាពេលនេះ លោក ជៀប សំអាត អភិបាលរងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានឱ្យដឹងថាក្រសួងបរិស្ថាន បានផ្តល់ការលើកទឹកចិត្តដល់អាជ្ញាធរនិងប្រជាពលរដ្ឋ មានការគ្រប់គ្រងសំរាមតាមទីសាធារណៈឱ្យបានល្អ ជាពិសេសឱ្យសាលារៀន វត្តអារាម និងមូលដ្ឋានសុខាភិបាល។
លោក សាបូ អូហ្សាណូ បានថ្លែងថា ក្រសួងបរិស្ថានបានចែកជូនធុងសំរាមដល់មូលដ្ឋាន គឺជាកិច្ចការសំខាន់ ដែលមិនត្រឹមតែអាចអប់រំប្រជាពលរដ្ឋឱ្យចេះទុកដាក់ និងញែកសំរាមតាមប្រភេទសំរាមប៉ុណ្ណោះទេ ថែមទាំងជួយផ្តល់លទ្ធភាពឱ្យប្រជាពលរដ្ឋអាចទាញតម្លៃសេដ្ឋកិច្ចពីសំរាម កាត់បន្ថយបរិមាណសំរាមយកទៅទុកដាក់នៅទីលាន និងផលប៉ះពាល់ដល់សោភ័ណភាព អនាម័យបរិស្ថាននៅតាមទីប្រជុំជននិងមូលដ្ឋាននានាផងដែរ។
ក្នុងឱកាសនេះដែរ លោក សាបូ អូហ្សាណូ បានលើកឡើងការថ្លែងអំណរគុណរបស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជូនចំពោះអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានគាំទ្រ និងជំរុញសកម្មភាព ដើម្បីកម្ពុជាមានភាពស្អាតចាប់ពីមូលដ្ឋាន និងសូមថ្លែងអំណរព្រះគុណ និងអរគុណ ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន អង្គការ សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ ផ្នែកឯកជន ព្រះសង្ឃ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់ បានចូលរួមសកម្មភាពដើម្បីឱ្យមូលដ្ឋាននិង នៅតាមដងផ្លូវជាតិមានភាពស្អាត មិនមានសំរាម និងសំណល់ប្លាស្ទិករាយប៉ាយ និងបន្តទៅមានទម្លាប់ល្អក្នុងការរក្សាភាពស្អាត។
សូមបញ្ជាក់ថា ដើម្បីភាពស្អាតក្រសួងបរិស្ថានបានដាក់យុទ្ធនាការជាបន្តបន្ទាប់ក្នុងការធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ជាពិសេសការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកបានប្រមាណ៨៥% ក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ។
ជាមួយគ្នានេះ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ មានអ្នកចូលរួមប្តេជ្ញាចិត្តសរុបចំនួន១៤លាន អង្គ/នាក់។ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ បានជំរុញឱ្យមានសកម្មភាពរួមគ្នារើសសំរាមតាមមូលដ្ឋាននិងទីសាធារណៈ និងយុទ្ធនាការ «ផ្លូវជាតិស្អាត គ្មានសំរាម សំណល់ប្លាស្ទិក» ដែលក្រសួងបរិស្ថានបានកំពុងនឹងកំពុងជំរុញដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ធ្វើការសម្អាត ផ្លូវជាតិឱ្យបានស្អាត គ្មានសំរាម សំណល់ប្លាស្ទិកនៅតាមដងផ្លូវជាតិ។
ក្រសួងបរិស្ថាន បាននិងកំពុងបន្តយុទ្ធនាការនានាដើម្បីកម្ពុជាមានភាពស្អាត បន្តចែកជូនសម្ភារៈ ធុងសំរាមដល់គ្រប់មូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងប្រទេស ផ្តល់ឧបករណ៍និងបច្ចេកទេស ដូចជាឡដុតសំរាម ប្រើថាមពលពន្លឺព្រះអាទិត្យ និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជននិងទីលានទុកដាក់សំរាមឱ្យបានល្អប្រសើរបន្ថែមទៀត៕



















