កម្លាំងនគរបាលខេត្តព្រះសីហនុ ដាក់គោលដៅត្រួតពិនិត្យរកអាវុធគ្រឿងផ្ទុះ ដើម្បីបង្ការទប់ស្កាត់ និងធានាសុវត្ថិភាពខ្ពស់ជូនពលរដ្ឋ និងភ្ញៀវទេសចរណ៍
14-11-2025 14:34
(ព្រះសីហនុ)៖ នគរបាលខេត្តព្រះសីហនុ បានបន្តដាក់គោលដៅត្រួតពិនិត្យរកអាវុធគ្រឿងផ្ទុះលើយានយន្តគ្រប់ប្រភេទ ក្នុងគោលបំណងដើម្បីបង្ការទប់ស្កាត់ ដោយធានាសុវត្ថិភាពខ្ពស់ជូនពលរដ្ឋ និងភ្ញៀវទេសចរណ៍ក្នុងក្រុងព្រះសីហនុ។
ប្រតិបត្តិការនេះធ្វើឡើងនាយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយអនុវត្តតាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ លោកឧត្តសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងមានបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ឌិន លីក្រូ ស្នងការរងផែនការងារ គ្រប់គ្រងអាវុធគ្រឿងផ្ទុះ ដឹកនាំកម្លាំងដោយលោកវរសេនីយ៍ឯក ជិន ឈូន នាយការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល។
លោកវរសេនីយ៍ឯក ជិន ឈូន បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចជំនាញ តែងតែឆ្មក់ដាក់គោលដៅចុះត្រួតពិនិត្យដូចភ្លៀងរលឹម គឺដើម្បីបង្ការទប់ស្កាត់បទល្មើសផ្សេងក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ។ ខេត្តព្រះសីហនុយើងនេះ ទៀតសោត គឺជាតំបន់ទេសចរណ៍មួយមានទាំងភ្ញៀវជាតិ អន្តរជាតិ អ្នកវិនិយោគ ក្រុមហ៊ុនតូចធំជាច្រើន កំពុងចាប់អារម្មណ៍មកលើខេត្តមួយនេះ ដូច្នេះដើម្បីទាក់ទាញចំណុចទាំងអស់នេះបានពាក់ព័ន្ធហ្នឹងការការពារ សន្តិសុខសណ្តាប់ធ្នាប់ គឺសំខាន់ខ្លាំងណាស់។
លោកបន្តថា ថ្នាក់ដឹកនាំខេត្តគ្រប់ជាន់ថ្នាក់ពិតជាបានយកចិត្តដាក់ខ្លាំងលើរឿងនេះ រហូតចាត់កម្លាំងសមត្ថកិច្ចជំនាញចុះពិនិត្យឆែកឆេរលើអ្នកធ្វើដំណើររាងរាល់ពេលយប់ និងបានសហការជាមួយកម្លាំងអាវុធហត្ថ ក្រុង-ខេត្តដើម្បី ពង្រឹងលើកិច្ចការងារនេះ។
សូមបញ្ជាក់ថា ក្នុងកំឡុងចុះត្រួតពិនិត្យនាយប់នេះ កម្លាំងសមត្ថកិច្ចបានធ្វើការឆែកឆេរ ត្រួតពិនិត្យយ៉ាងស្វិតស្វាញ និងយកចិត្តទុកដាក់បំផុត លើអ្នកបើកបរយានយន្តគ្រប់ប្រភេទជាលទ្ធផលនៅយប់នេះគឺពុំបានរកឃើញ ករណីបទល្មើសណាមួយឡើយ៕


























