The Nation សារព័ត៌មានដ៏ធំរបស់ថៃ ប្រើរូបភាពច្នៃដោយ AI បង្កើតការភ័ន្តច្រឡំ (Video inside)
15-11-2025 10:28
(ភ្នំពេញ)៖ The Nation សារព័ត៌មានដ៏ធំមួយរបស់ប្រទេសថៃ បានបោះបង់តម្លៃសីលធម៌វិជ្ជាជីវៈសារព័ត៌មាន យករូបភាពច្នៃដោយ AI ទៅផ្សព្វផ្សាយបង្កើតការភ័ន្តច្រឡំ។
រូបភាពច្នៃដោយ AI ដែលសារព័ត៌មាន The Nation យកទៅផ្សព្វផ្សាយនេះ គឺជារូបប្រជាពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ រងរបួសដោយការបាញ់ប្រហាររបស់ទាហានថៃនាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ហើយកំពុងសម្រាកព្យាបាលរបួសនៅក្នុងមន្ទីរពេទ្យ។ រូបភាពពិតប្រាកដបុរសដែលរងរបួសដេកលើគ្រែពេទ្យមិនមានស្នាមញញឹមនោះឡើយ តែរូបភាពផ្សាយដោយ The Nation ត្រូវបានគេច្នៃដោយ AI ធ្វើឱ្យមានស្នាមញញឹម។
ក្រោយមានហេតុការណ៍ទាហានថៃ បាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ មានអ្នកប្រើប្រាស់បណ្តាញសង្គមក្នុងប្រទេសថៃ បានព្យាយាមយករូបភាពពលរដ្ឋខ្មែរដែលរងរបួសទៅកែច្នៃដោយប្រើប្រាស់បច្ចេកវិទ្យា AI ធ្វើឱ្យផ្ទៃមុខរបស់ពួកគេមានស្នាមញញឹម។ ការធ្វើបែបនេះ ពួកគេចង់បំភ័ន្តសាធារណៈមតិថា ការរងរបួសរបស់ប្រជាពលរដ្ឋខ្មែរនោះ ជាឈុតឆាកសម្តែង។
ទង្វើគេច្នៃរូបភាពពីសំណាក់ពលរដ្ឋថៃ ហើយចែកចាយលើបណ្តាញសង្គម ជាទង្វើមួយបង្ហាញពីភាពជ្រុលនិយម និងខ្វះភាពថ្លៃថ្នូរ។ ប៉ុន្តែសម្រាប់វាជាកំហុសឆ្គងមួយដ៏ធ្ងន់ធ្ងរសម្រាប់សារព័ត៌មាន The Nation ដែលយករូបភាពនេះទៅចែកចាយបន្តដោយមិនផ្ទៀតផ្ទាត់ឱ្យបានច្បាស់លាស់មុនយកទៅផ្សព្វផ្សាយ។ នេះក៏ជាទង្វើខ្វះការយកចិត្តទុកដាក់លើវិជ្ជាជីវៈសារព័ត៌មានផងដែរ។
ការផ្សព្វផ្សាយព័ត៌មាន រូបភាព ឬវីដេអូ ដែលមិនពិត គឺជាត្រណមដ៏ធំសម្រាប់ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ហើយដែលបណ្តាប្រទេសនានា កំពុងរួមគ្នាប្រយុទ្ធប្រឆាំងនឹងសកម្មភាពផ្សព្វផ្សាយព័ត៌មានមិនពិតនេះផងដែរ។
ការផ្សព្វផ្សាយរូបភាពច្នៃដោយ AI ពីសំណាក់សារព័ត៌មាន The Nation របស់ថៃ ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងជាការមិនខ្វល់ដល់កិច្ចប្រឹងប្រែងរបស់ប្រទេសនានាក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។ ការផ្សាយបែបនេះ ធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ ហើយធ្វើឱ្យមានការយល់ច្រឡំកាន់តែខ្លាំងចំពោះសាធារណមតិនៅក្នុងប្រទេសថៃ ហើយបង្កើតឱ្យមានអរិភាពកាន់តែខ្លាំងរវាងកម្ពុជា និងថៃ ក្នុងគ្រាប្រទេសទាំងពីរមានបញ្ហាព្រំដែនរវាងគ្នា៕









