អនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅ នាំយកអំណោយចែកជូនពលរដ្ឋរងគ្រោះដោយអគ្គិភ័យ នៅសង្កាត់ព្រែកប្រា
17-11-2025 12:07
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ អនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅ បាននាំយកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យ ដោយនាំដោយលោក ញាណ ចាន់សោភា អភិបាលរងខណ្ឌ និងជាប្រធានអនុសាខាកាបាទក្រហមកម្ពុជាខណ្ឌ តំណាងលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌច្បារអំពៅ ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងយកអំណោយការបាទក្រហមកម្ពុជា ចែកជូនគ្រួសាររងគ្រោះដោយអគ្គិភ័យ ស្ថិតនៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោក ញាណ ចាន់សោភា ក្នុងឱកាសចែកអំណោយបានចូលរួមសម្តែងនូវការសោកស្តាយជាមួយប្រជាពរដ្ឋ ដែលរងគ្រោះដោយសារអគ្គិភ័យ និងបាននាំយកការផ្តាំសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានកាកបាទក្រហមរាជធានី ដែលតែងតែជួយឈឺឆ្អាល និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋដែលកំពុងរងគ្រោះថ្នាក់ផ្សេងៗ លោកបានបញ្ជាក់ជូនប្រជាពលរដ្ឋ អំពីការខិតខំជួយសង្គ្រោះ របស់កម្លាំងអាជ្ញាធរមូលដ្ឋាន នៅពេលដែលមានអគ្គិភ័យកេីតឡេីងភ្លាមៗផងដែរ។
លោក ញាណ ចាន់សោភា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ប្រសិនបេីមានការខ្វះខាតស្បៀងត្រូវទាក់ទងមកតាមប្រធានភូមិ ឬចៅសង្កាត់ ដេីម្បីបានជួយសង្គ្រោះបន្ថែមទៀត។ លោកប្រធានអនុសាខាសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ បានណែនាំឲ្យលោកចៅសង្កាត់ ប៉ុស្តិ៍ ជួយសម្រួលរាល់ឯកសារពាក់ព័ន្ធ ដូចជាសៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ ឬក៏ឯកសារផ្សេងៗទៀត ដើម្បីឲ្យប្រជាពលរដ្ឋ មានឱកាសដើម្បីស្វែងរកការងារធ្វើ ក៏ដូចទុកសម្រាប់កំណត់ប្រើប្រាស់អ្វីផ្សេងៗទៀត ជាពិសេសប្រើប្រាស់ក្នុងការទៅបោះឆ្នោតខាងមុខនេះ។
ក្នុងនោះដែរ លោកអភិបាលរងខណ្ឌច្បារអំពៅ បានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ និងពិនិត្យមើលនៅឧបករណ៍ភ្លើងដែលងាយឆាបឆេះ និងត្រូវបិតបារ៉ែតភ្លើង ការពារកុំឲ្យមានអគ្គិភ័យឆាបឆេះ វាអាចបំផ្លាញទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងខាតបង់ពេលវេលា ដូចពាក្យស្លោកមួយឃ្លាថា «ស៊ូលិចទូកកណ្តាលទន្លេ កុំអោយភ្លើងឆេះផ្ទះ»។ ជាមួយគ្នានេះ ទទួលបានការផ្តាំផ្ញើពីលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌច្បារអំពៅ បានណែនាំឲ្យអាជ្ញាធរពាក់ព័ន្ធ ចុះរៀបចំជម្រកស្នាក់នៅបណ្តោះអាសន្នជូនប្រជាពលរដ្ឋ ជាពិសេសរៀបចំឯកសណ្ឋានសិស្ស និងសម្ភារៈសិក្សា ជូនកូនចៅពួកគាត់ តាមតម្រូវការចាំបាច់ ដើម្បីបានចូលរៀន។
យោងតាមលោកស្រីចៅសង្កាត់ព្រែកប្រា បានឲ្យដឹងថា អគ្គិភ័យនេះ បានឆេះបំផ្លាញអស់ផ្ទះ៨ខ្នងផ្ទះ ដោយក្នុងនោះ ខូចខាតទាំងស្រុង ៥ខ្នងផ្ទះ និង ៣ខ្នងផ្ទះ ឆេះរោលៗមួយចំហៀង។
អំណោយដែលត្រូវចែកជូនក្រុមគ្រួសាររងគ្រោះដោយអគ្គីភ័យ នាពេលនេះ រួមមាន៖ អង្ករ៥០គីឡូក្រាម, មី, ទឹកសុទ្ធ, ទឹកត្រី, ទឹកស៉ីអ៉ីវ, ភួយ, មុង, ក្រមា ព្រមទាំងឃីត១កញ្ចប់ធំ ដែលមានសម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយជាច្រើន និងថវិកាមួយចំនួនផងដែរ។
ទន្ទឹមនឹងបានទទួលអំណោយនេះ អាជ្ញាធរខណ្ឌ សង្កាត់ និងប្រជាពលរដ្ឋរងគ្រោះទាំងអស់ សូមថ្លែងអំណរគុណដល់លោក ឃួង ស្រេង ប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដែលបានគិតគូរ និងបាននាំអំណោយមកចែកជូនដល់ពួកគាត់៕






















