ភ្នាក់ងារ និងសកម្មជនគាំទ្រគណបក្សភ្លើងទៀន ៨៩នាក់ នៅស្រុកចំនួន ក្នុងខេត្តកំពង់ស្ពឺ ប្រកាសលាលែងពីបក្ស និងស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
17-11-2025 14:15
(កំពង់ស្ពឺ)៖ លោក ទី ប៊ុនថេង ទីប្រឹក្សារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាក្រុមការងារស្នូលរបស់ក្រុមចលនាកសាងសមាជិកបក្សស្នាក់ការកណ្ដាល បានដឹកនាំក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានខេត្តកំពង់ស្ពឺ ចុះទទួលបេក្ខជនភ្នាក់ងារ និងសកម្មជនគាំទ្រគណបក្សភ្លើងទៀន សរុបចំនួន៨៩រូប មកពីឃុំទួលសាលា ឃុំវាលពន់ ឃុំមនោរម្យ និងឃុំកក់ ស្ថិតក្នុងស្រុកបរសេដ្ឋ និងស្រុកថ្ពង ក្នុងខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលលាលែងចេញពីបក្ស និងគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ដោយយល់ឃើញយ៉ាងច្បាស់ នៃតម្លៃសន្តិភាព ភ្នាក់ងារនិងសកម្មជនគាំទ្រ គណបក្សភ្លើងទៀន ចំនួន៨៩រូប បានស្ម័គ្រចិត្តចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា តាមរយៈក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពង់ស្ពឺ ដែលដឹកនាំដោយលោក ទី ប៊ុនថេង ឥតមានការបង្ខិតបង្ខំ ឬទិញដូរអ្វីឡើយ។ ពួកគាត់ទាំងអស់គ្នា លែងជឿលើនយោបាយគណបក្សប្រឆាំងទៀត ជាពិសេសទណ្ឌិតក្បត់ជាតិ សម រង្សុី គឺជាអ្នកនយោបាយបំផ្លាញ់សេដ្ឋកិច្ចរាស្រ្ត និងសូមគោរពគាំទ្រយ៉ាងពេញទំហឹងចំពោះសម្ដេចតេជោ និងសម្ដេចធិបតី ក្នុងការដោះស្រាយបញ្ហាព្រំដែនទឹកដីកម្ពុជា ក្នុងយុទ្ធសាស្ត្រ «ស្ងាត់ តែមិនស្ងៀម»។
ភ្នាក់ងារ និងសកម្មជនគាំទ្រគណបក្សភ្លើងទៀននៅមូលដ្ឋានទាំងនេះ បានសម្តែងការសោកស្តាយជាខ្លាំងនូវកំហុសឆ្គង ចំពោះជាតិ មាតុភូមិនាពេលកន្លងទៅ ព្រោះតែលង់ជឿចំពោះកាអូសទាញរបស់ជនក្បត់ជាតិ សម រង្ស៉ី ក៏ដូចជាក្រុមប្រឆាំងជ្រុលនិយម ចាប់ពីពេលនេះតទៅ ពួកគេឈប់លង់ជឿតាមការញុះញង់ និងអូសទាញរបស់ទណ្ឌិតក្បត់ជាតិ សម រង្ស៉ី និងបក្ខពួកទៀតហើយ។
ភ្នាក់ងារ និងសកម្មជនគាំទ្រនៅតាមមូលដ្ឋាន ដែលទើបភ្ញាក់រលឹកខាងលើ បានអះអាងថា សកម្មភាពនយោបាយរបស់ទណ្ឌិតក្បត់ជាតិ សម រង្ស៉ី និងក្រុមប្រឆាំង មានតែបំភ្លេចបំផ្លាញជាតិ និងមិនបានជួយអ្វីដល់ជាតិនោះឡើយ។ ដោយយើងខ្ញុំទាំងអស់គ្នាសូមគោរពជឿជាក់ជឿជាក់លើ សម្ដេចតេជោ និងរដ្ឋាភិបាលដែលដឹកនាំដោយ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ការប្រកាសផ្តាច់ខ្លួនចេញពីក្រុមទណ្ឌិតក្បត់ប្រយោជន៍ជាតិហើយនោះ លោក លោកស្រី ក៏បានសុំការអនុគ្រោះពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបានឱកាសរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា បន្តសកម្មភាពនយោបាយទៅមុខបន្តទៀត។ ពេលនេះលោក លោកស្រី បានមើលឃើញច្បាស់ដោយឥតសង្ស័យថា គណបក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគុណបំណាច់ដ៏ធំធេង សម្រាប់ជាតិ និងប្រជាជនកម្ពុជា។
ក្នុងឱកាសនោះ លោក ទី ប៊ុនថេង បានថ្លែងនូវការអបអរសាទរចំពោះវត្តមានបងប្អូនដែលបានចូលរួមថ្ងៃនេះ និងបាននាំនូវការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ សម្តេចប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអនុប្រធានគណបក្ស ជូនក្រុមគ្រួសារលោក លោកស្រី ដែលបានប្រកាសដាច់ខ្លួនចេញពីគណបក្សរបស់ខ្លួន មកសុំរួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសនេះ។ ការរក្សាបានការអភិវឌ្ឍជាតិ ប្រកបដោយការទទួលខុសត្រូវខ្ពស់ លើអាយុជីវិតរបស់ប្រជាជន ជាពិសេស គឺការលើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជា ដោយសំបូរសប្បាយ ពីដំណាក់កាលមួយទៅដំណាក់កាលទៀត ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ទើបធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាពរហូតមកដល់បច្ចុប្បន្ន។
លោក ទី ប៊ុនថេង បានលើកឡើងថា ក្រោមម្លប់សន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា គឺអាចឲ្យយើងមានលទ្ធភាពគ្រប់គ្រាន់សម្រាប់បន្តការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិរបស់យើងទាំងអស់គ្នា ដូច្នេះមានតែគណបក្សប្រជាជនកម្ពុជានោះទេ ដែលបានស្វែងរកសន្តិភាព និងការអភិវឌ្ឍ ជូនប្រជាជន មិនដូចគណបក្សប្រឆាំងមួយចំនួន គឺមានតែការមានការញុះញង់បំផ្លាញផលប្រយោជន៍ជាតិ និងចង់បង្កអស្ថេរភាពសង្គមជាតិ។
លើសពីនេះ លោកក៏បានរំឮកអំពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជាក្នុងការស្វែងរក សន្តិភាព និងកសាងសេដ្ឋកិច្ចសង្គមឲ្យមានការរីកចម្រើនលើគ្រប់វិស័យដោយឈរលើមាគ៌ានយោបាយ ឈ្នះឈ្នះផងដែងរ៕





























