រដ្ឋមន្ត្រីក្រសួងបរិស្ថាន ផ្តល់កូនត្នោត ៩ ០០០ដើម និងកូនឈើប្រណិត ១ ០០០ដើម ដល់បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ សម្រាប់បន្តយុទ្ធនាការដាំដុះនៅតាមបណ្តោយផ្លូវក្រវាត់ព្រំដែនកម្ពុជា
18-11-2025 11:43
(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកស្រី ដែលបានផ្តល់កូនត្នោត ចំនួន ៩ ០០០ដើម និងកូនឈើប្រណិតចំនួន ១ ០០០ដើម ដល់បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ សម្រាប់បន្តយុទ្ធនាការដាំដុះនៅតាមបណ្តោយផ្លូវក្រវាត់ព្រំដែនកម្ពុជាជាប់ជាមួយប្រទេសជិតខាង និងនៅទីបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ។
ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកបណ្ឌិត អ៊ាង សុផល្លែត និងចាត់ទុកថានេះគឺជាការចូលរួមដ៏មានសារៈសំខាន់ក្នុងការបង្កើត «ខ្សែក្រវាត់ព្រំដែនបៃតង» ដោយដាំដើមត្នោត ដើម្បីជាការកសាងអត្តសញ្ញាណជាតិដ៏រស់រវើក នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន ដែលជាសមិទ្ធផលប្រវត្តិសាស្ត្របន្សល់ទុកសម្រាប់ជាតិ។
កន្លងមក ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលក្នុងនោះយុទ្ធសាស្ត្រទី២ «ភាពបៃតង» ផ្តោតលើអាទិភាពចំនួន៣គឺ ជំរុញការដាំដុះកូនឈើ ដើម្បីបង្កើនគម្របបៃតង ក្នុងនោះមានយុទ្ធនាការ «ពន្លកបៃតង» ចែកជូនកូនឈើជូនប្រជាពលរដ្ឋយកទៅដាំ យ៉ាងតិច១លានដើមក្នុង១ឆ្នាំ ជំរុញលើការការពារ និងអភិរក្សជីវចម្រុះការអនុវត្តច្បាប់១០០% ចំពោះបទល្មើសធនធានធម្មជាតិ ព្រមទាំងកិច្ចសហការនានាជាមួយអ្នកពាក់ព័ន្ធ ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងជំរុញនិងលើកទឹកចិត្តដល់ប្រជាពលរដ្ឋកម្ពុជាឱ្យដាំដើមឈើឱ្យបានច្រើន ចូលរួមអភិរក្សជីវៈចម្រុះ និងបានបង្កើនជីវភាពតាមរយៈទេសចរណ៍ លំហែបៃតងនៅតាមតំបន់ការពារធម្មជាតិ៕









