* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អ្នកជំនាញ បង្ហាញពីមោទកភាព ដែលរួមចំណែកអភិរក្ស ជួសជុលប្រាសាទឥដ្ឋ នៅតំបន់រលួសឱ្យរួចពីហានិភ័យ

18-11-2025 12:23

(សៀមរាប)៖ រយៈពេល៣០ឆ្នាំមកហើយ រាប់ចាប់ពីស្ថាប័នអាជ្ញាធរជាតិអប្សរា ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៥ ដែលធ្វើឱ្យចរន្តនៃការជួសជុល អភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ កាន់តែល្អប្រសើរ។ នៅតំបន់រលួស ដែលមានប្រាសាទលលៃ ប្រាសាទព្រះគោ និងក្រុមប្រាសាទបាគងជាដើម ក៏ទទួលបានការអភិរក្ស និងជួសជុលច្រើនផងដែរ។

លោក ហួន សុខជាតិ វិស្វករនៃអាជ្ញាធរជាតិអប្សរា ដែលកាន់ការងារអភិរក្ស និងជួសជុល តំបន់រលួសបានលើកឡើងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមការងាររបស់លោក បានខិតខំប្រឹងប្រែង ដើម្បីចូលរួមជួយសង្រ្គោះប្រាសាទឥដ្ឋដែលមានហានិភ័យខ្លាំង ឱ្យងើបឈរ និងរឹងមាំឡើងវិញ។

លោក សុខជាតិ បន្ថែមថា ការងារជួសជុលប្រាសាទឥដ្ឋមានភាពលំបាកជាងការជួសជុលប្រាសាទថ្ម ហើយវាប្រឈមនឹងការបាត់បង់ ប្រសិនបើជួយសង្រ្គោះមិនទាន់ពេលវេលា។

ខុសពីប្រាសាទឥដ្ឋដែលធ្លាក់ថ្មរាយប៉ាយ ប៉ុន្តែគេនៅតែអាចរើសថ្មមួយដុំៗទាំងនោះមកផ្គុំ ជួសជុលឡើងវិញបានល្អ ចំណែកប្រាសាទឥដ្ឋវិញ ថ្មតូចមួយដុំៗដែលធ្វើដីឥដ្ឋនោះ វានឹងពុកផុយ ឬដួលបាក់បែកជាគំនរថ្ម ដែលការងារសង្រ្គោះវាមានភាពលំបាក។ ពេលខ្លះគេពិបាកនឹងសង្រ្គោះ នៅពេលដែលវាបានដួលរៀបដល់ដីហើយ។

លោក សុខជាតិ ពន្យល់ដូច្នេះថា៖ «ចំពោះប្រាសាទឥដ្ឋនេះវាអត់អាចដូចប្រាសាទថ្មបានទេ ព្រោះវាកាន់តែខូចខាត កាន់តែបាត់បង់ពីមួយថ្ងៃទៅមួយថ្ងៃ ហើយប្រសិនយើងអត់ថែទាំ អភិរក្ស ទប់ស្កាត់ការបាត់បង់របស់វាទេ វានឹងបាត់បង់ជារៀងរហូត»។

ច្រើនឆ្នាំមកនេះ ក្នុងនាមអ្នកជំនាញការមួយរូប លោក សុខជាតិ បានបញ្ជាក់ថា ក្រុមការងារនៅតំបន់រលួស បានអភិរក្ស និងជួសជុលប្រាសាទមួយចំនួន ដូចជាប្រាសាទលលៃ ដែលបិទបញ្ចប់ហានិភ័យនៃតួប្រាង្គទាំងបួន។ ក្រៅពីនោះបានជួសជុលប្រាសាទតួប្រាង្គជ្រុងឦសាន និងខ្លោងទ្វារខាងកើត ប្រាសាទព្រះគោ។ នៅប្រាសាទបាគងវិញ ក្រុមការងារបានជួសជុលសម្រេចជួសជុលតួប្រាង្គលេខ៨ លេខ៧ និងលេខ៤ និងកំពុងជួសជុលប្រាង្គលេខ៥បន្តទៀត។

យ៉ាងណាមិញ វិស្វករគម្រោង លោក សុខជាតិ បញ្ជាក់ថា នៅមានប្រាសាទ ឬបុរាណដ្ឋានជាច្រើនទៀត ដែលត្រូវការអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរាអភិរក្ស និងជួសជុលបន្ត។

សម្រាប់អ្នកជំនាញ កិច្ចការងារអភិរក្សគឺតជាប់រហូតមិនដាច់ទេ។ ដ្បិតថា បញ្ហាប្រឈមរបស់ប្រាសាទ នៅមានជាដរាបដែលត្រូវការមនុស្សមើលថែរក្សា ដូចជាការងារសម្អាតរុក្ខជាតិជាដើម។ លោក សុខជាតិ បន្ថែមថា បញ្ហាសំណង់ខ្លួនឯងក៏ត្រូវការការអភិរក្សផងដែរ ព្រោះប្រាសាទនីមួយៗធ្វើពីគ្រឹះកម្រាល ហើយការសម្រុតមិនស្មើគ្នានេះ ដែលធ្វើឱ្យមានស្នាមប្រេះនៅលើជញ្ជាំងជាដើម។

លោកតា ស៊ឹម អឿម ចាស់ព្រឹទ្ធាចារ្យ និងជាអ្នកជួសជុលប្រាសាទឥដ្ឋជាង៣០ឆ្នាំមកហើយ បានបង្ហាញពីមោទកភាពជាខ្លាំង ក្នុងនាមអ្នកអង្គរមួយរូប ដែលបានរួមចំណែកជួសជុលប្រាសាទ ឱ្យរឹងមាំឡើងវិញ។ លោកតារំឭកថា ធ្លាប់បានជួសជុលប្រាសាទឥដ្ឋមួយចំនួនដូចជា ប្រាសាទត្រពាំងផុង ព្រៃមន្ទីរ អកយំ បាតជុំ លលៃ និងប្រាសាទបាគងជាដើម -ល-។

ធ្លាប់មានឪពុកជាអ្នកជួសជុលប្រាសាទនៅសម័យបារាំង លោក ស៊ឹម អឿម បានបង្ហាញអារម្មណ៍រីករាយ នៅពេលបានបន្តការងារពីឪពុក ក៏ដូចជាបានរួមចំណែកការពារ មរតកវប្បធម៌ជាតិខ្មែរសម្រាប់កូនចៅ ជំនាន់ក្រោយ។ បន្ថែមពីនេះ បច្ចុប្បន្នលោកក៏កំពុងផ្ទេរចំណេះដឹងទៅកាន់អ្នកជំនាន់ក្រោយផងដែរ ដោយសង្ឃឹមថា ពួកគេនឹងបន្តការងារអភិរក្ស និងជួសជុលប្រាសាទឱ្យបានគង់វង្សជាដរាប៕