* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប្រាសាទតាព្រហ្ម មានភាពល្បីល្បាញ និងលេចធ្លោ ដោយលក្ខណៈពិសេសនៃសំណង់ស្ថាបត្យកម្ម និងហ៊ុមព័ទ្ធទៅដោយធម្មជាតិ

18-11-2025 14:52

(សៀមរាប)​៖ ក្នុងចំណោមប្រាសាទបុរាណ ដែលស្ថិតនៅក្នុងតំបន់អង្គរ ប្រាសាទតាព្រហ្ម គឺជាបុរាណដ្ឋាន ដ៏ទាក់ភ្នែកទេសចរយ៉ាងខ្លាំង បន្ទាប់ពីប្រាសាទអង្គរវត្ត។ ប្រាសាទនេះ មានទីតាំងស្ថិតនៅខាងកើត ខ្លោងទ្វារជ័យ ក្រុងអង្គរធំ ដែលមានចំងាយប្រមាណ៣គីឡូម៉ែត្រ ប្រាសាទតាព្រហ្ម កសាងឡើងអំពីថ្មភក់ និងថ្មបាយក្រៀម នៅលើដីរាបស្មើ ប្រមាណជាង៧៣ហិកតា។

លោកស្រី នេត ស៊ីមន អ្នកបុរាណវិទូ និងជាមន្ត្រីបច្ចេកទេស នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា របស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា បា្រសាទតាព្រហ្ម ត្រូវបានកសាងឡើង ក្នុងឆ្នាំ១១៨៦នៃគ្រឹស្តរាជ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ គឺជាប្រាសាទព្រះពុទ្ធសាសនាមហាយាន ដ៏ធំមួយ ដែលកសាងឡើងដើម្បីឧទ្ទិសថ្វាយ ព្រះមាតារបស់ព្រះអង្គ ដែលមានរូបតំណាងជាទម្រង់ព្រះនាងប្រាជ្ញាបារមី ជាភាពល្អឥតខ្ចោះនៃប្រាជ្ញា (ជាភាសាសំស្រ្តឹត ហៅថា ប្រាជ្ញាបារាមីតា) តំណាងឱ្យព្រះវរមាតានៃព្រះពោធិសត្វគ្រប់អង្គ។

យោងតាមស្តម្ភសិលាចារឹក នៅប្រាសាទតាព្រហ្ម បានរៀបរាប់ថា ដោយសារប្រាជ្ញាបារមី «Prajnaparamita» ជាទេពដ៏សំខាន់ ព្រះរាជាបានដាក់តម្កល់ នៅទីសក្ការៈនៃតួប៉មកណ្តាល និងមានបដិមាចំនួន២៦០អង្គ បានតម្កល់នៅជុំវិញនៃប្រាសាទកណ្តាលនោះ។ តាមទំនៀមបុរាណ កម្មវិធីបុណ្យតាមប្រក្រតីទិន តែងបានធ្វើឡើងដោយទៀងទាត់ ដោយមានគ្រឿងឧបភោគបរិភោគ ដែលដង្វាយព្រះច្រើនសន្ឋឹកសន្ឋាប់។

លោកស្រីនេត ស៊ីមន បញ្ជាក់ទៀតថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់រយនាក់ ក្នុងមួយថ្ងៃៗបានចូលមកទស្សនាប្រាសាទតាព្រហ្ម ដែលជាប្រាសាទមួយ មានភាពល្បីល្បាញ និងលេចធ្លោ ហ៊ុមព័ន្ធទៅដោយធម្មជាតិ ជាពិសេសដើមឈើធំៗ មានដើមស្ពង់ ដើមត្រាង ដើមជ្រៃ និងដើមចាន់ ដោយឬស្សរបស់ដើមឈើទាំងនោះ បានចាក់ជ្រៀតចូលក្នុងប្រាសាទ ហាក់បង្ហាញថា ដើមឈើនិងប្រាសាទមានជីវីតតែមួយ។

អ្នកបុរាណវិទូ បន្ថែមទៀតថា ដោយសារកត្តាអាយុកាលនៃសំណង់បុរាណ កត្តាធម្មជាតិ និងកត្តាមនុស្សធ្វើឱ្យទីតាំងបុរាណដ្ឋានមួយនេះ បានរងការខូចខាតទៅតាមផ្នែកនីមួយៗ។ តាមរយៈការយកចិត្តទុកពីអាជ្ញាធរជាតិអប្សរា និងដោយមានកិច្ចសហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) បានធ្វើការអភិរក្ស និងជួសជុល និងថែទាំប្រាសាទតាព្រហ្ម តាមទីតាំងដែលបានខូចខាត។ ទាំងនេះ ដើម្បីធានាសុវត្ថិភាព និងនិរន្តរភាពនៃប្រាសាទបុរាណមួយនេះ ឱ្យឈរឹងមាំជាមរតកសម្រាប់មនុស្សជាតិ៕