វិភាគអន្តរជាតិ៖ ហេតុអ្វីចិន និងជប៉ុន មិនអាចផ្អែមល្ហែមនឹងគ្នា?
18-11-2025 21:42
(វ៉ាស៊ីនតោន)៖ ចិន និងជប៉ុនគឺជាប្រទេស២មានអំណាច និងជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតនៅក្នុងតំបន់អាស៊ី។ ប៉ុន្តែការប្រកួតប្រជែងអំណាចគ្នាបានធ្វើឱ្យភាពផ្អែមល្ហែមនឹងគ្នាមិនអាចកើតមានឡើយ ហើយក្នុងនោះមានបញ្ហាមួយចំនួននៅតែបន្តធ្វើឱ្យល្អក់កករដល់ទំនាក់ទំនង ដូចជាការបង្កើនសកម្មភាពយោធារបស់ចិននៅជុំវិញទីប្រជុំកោះមានជម្លោះ ការរឹតត្បិតពាណិជ្ជកម្ម និងការព្រួយបារម្ភពីសន្តិភាព ក៏ដូចជាស្ថិរភាពនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់។ ភាពតានតឹងរវាងប្រទេសទាំង២បានផ្ទុះឡើងជាថ្មី នៅក្នុងខែវិច្ឆិកានេះ បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បាននិយាយថាការប្រើប្រាស់កម្លាំងយោធាណាមួយរបស់ចិនដើម្បីគ្រប់គ្រងតៃវ៉ាន់ អាចនឹងតម្រូវឱ្យជប៉ុនត្រូវធ្វើអន្តរាគមន៍យោធា។
ទីក្រុងប៉េកាំងបានចោទប្រកាន់ថាលោកស្រី Takaichi កំពុងលូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់ចិន រីឯប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានប្រកាសថាទីក្រុងប៉េកាំងបានត្រៀមលក្ខណៈយ៉ាងពេញលេញដើម្បីចាត់វិធាការសងសឹកដែលអាច រួមមាន៖ ការដាក់ទណ្ឌកម្មលើជប៉ុន ការផ្អាកទំនាក់ទំនងសេដ្ឋកិច្ច ការទូត និងយោធា ព្រមទាំងការរឹតត្បិតលើពាណិជ្ជកម្ម។ មិនតែប៉ុណ្ណោះ ប៉េកាំងបានព្រមានកុំឱ្យពលរដ្ឋរបស់ខ្លួនធ្វើដំណើរទៅជប៉ុន ហើយប្រាប់ពលរដ្ឋចិនដែល កំពុងរស់នៅជប៉ុនត្រូវបង្កើនការប្រុងប្រយ័ត្ន ខណៈជប៉ុនក៏បានជំរុញឱ្យពលរដ្ឋរបស់ខ្លួនក្នុងប្រទេសចិនមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ។
* ប្រវត្តិដ៏ជូរចត់នៃទំនាក់ទំនងរវាងជប៉ុន និងចិន
ចិនមានគំនុំប្រវត្តិសាស្ត្រជាមួយជប៉ុនដែលមិនអាចនឹងបំភ្លេចបានទេ។ កាលពីអតីតកាល ជប៉ុនធ្លាប់បានឈ្លានពាន និងគ្រប់គ្រងផ្នែកជាច្រើននៃទឹកដីចិន ជាពិសេសរឿងដែលចិនចងចាំមិនភ្លេច នោះគឺការកាប់សម្លាប់រង្គាលប្រជាជនចិន ដោយកងទ័ពនៃអតីតចក្រពត្តិជប៉ុន នៅក្នុងទីក្រុង Nanjing អំឡុងសម័យសង្រ្គាមលោកលើកទី២។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រទាំងនេះគួបផ្សំនឹងជម្លោះទឹកដីបានតាមលងបន្លាចទំនាក់ទំនងរវាងប្រទេសទាំង២ជានិច្ច។
* អ្វីទៅនៅពីក្រោយភាពតានតឹងសព្វថ្ងៃរវាងចិន និងជប៉ុន?
ជម្លោះទឹកដីជាចំណុចដ៏ក្ដៅបំផុតមួយក្នុងទំនាក់ទំនងរវាងចិន និងជប៉ុន។ ប្រទេសទាំង២បានទាមទារសិទ្ធិអធិបតេយ្យគ្រប់គ្រងរៀងៗខ្លួនលើទីប្រជុំកោះមួយនៅឯសមុទ្រចិនខាងកើត ដែលគេស្គាល់ថា Senkaku ជាភាសាជប៉ុន ឬ Diaoyu ជាភាសាចិន លាតសន្ធឹងលើផ្ទៃក្រឡា ៧គីឡូម៉ែត្រក្រឡា។ ចិនតែងតែបញ្ជូននាវាឆ្មាំសមុទ្រ និងនាវារដ្ឋាភិបាលចូលទៅកាន់តំបន់ជម្លោះជារឿយៗ ហើយបញ្ជូនស្ទើរតែជារៀងរាល់ថ្ងៃកាលពីឆ្នាំ២០១២ នៅពេលដែល អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihiko Noda បានសម្រេចចិត្តផ្ទេរកោះមួយចំនួននៃទីប្រជុំកោះ Senkaku ពីកម្មសិទ្ធិឯកជនទៅជាកម្មសិទ្ធិរបស់រដ្ឋ។ ចំនួននាវាចិនដែលធ្វើដំណើរចូលទៅក្នុងតំបន់ដែនទឹកមានជម្លោះ បានកើនឡើងខ្ពស់បំផុតក្នុងឆ្នាំ២០២៤។ ចិន និងជប៉ុនក៏កំពុងទាមទារសិទ្ធិគ្រប់គ្រងលើទីតាំងឧស្ម័នមួយស្ថិតនៅក្បែរតំបន់ជម្លោះនោះផងដែរ។
ក្រៅពីនេះ ការកើនឡើងសមត្ថភាព និងអំណាចយោធាចិន រឹតតែជាក្ដីកង្វល់សម្រាប់ជប៉ុន។ តាមទិន្នន័យពីវិទ្យាស្ថានស្រាវជា្រវសន្តិភាពអន្តរជាតិ SIPRI ចិននៅក្រោមការដឹកនាំរបស់លោក ស៊ី ជីនពីង បានបង្កើនកញ្ចប់ថវិកាយោធា ទ្វេដង ចាប់តាំងពីលោកបានឡើងកាន់អំណាចកាលពីឆ្នាំ២០១៣មក។ សៀវសប្រចាំឆ្នាំស្ដីពីវិស័យយោធាក្នុងឆ្នាំ២០២៥របស់ជប៉ុន បានលើកឡើងពីឈ្មោះចិនក្នុងរបាយការណ៍របស់ខ្លួនច្រើនជាង ១០០០ដង ដោយនិយាយថាចិន រីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងអំណាចយោធា ជាបញ្ហាប្រឈមខាងយុទ្ធសាស្ត្រដ៏ធំបំផុតរបស់ជប៉ុន។ ជាការឆ្លើយតបទៅនឹងការកើនឡើងអំណាចយោធាចិន ជប៉ុនបានបង្កើនការចំណាយលើវិស័យការពារជាតិ តួយ៉ាងក្នុងផែនការ៥ឆ្នាំ មួយដែលត្រូវបានអនុម័តក្នុងឆ្នាំ២០២២ ជប៉ុនមានគម្រោងចាយវាយលើវិស័យយោធា ២៧៣ពាន់លានដុល្លារ ដោយជំរុញការបង្កើនកញ្ចប់ថវិកាយោធាពី ១ភាគរយ ឱ្យដល់២ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP)។ លោកស្រី Takaichi បានប្ដេជ្ញាពន្លឿនពេលវេលាជាមួយការកំណត់គោលដៅសម្រេចឱ្យបាននូវកញ្ចប់ថវិកាយោធា ២ភាគរយ នៃ GDP ឱ្យបានមុនឆ្នាំសាពើពន្ធឆ្នាំ២០២៥នេះ មិនចាំបាច់រង់ចាំដល់ឆ្នាំ២០២៧នោះទេ។
ចិនបានចោទជប៉ុនថាមិនបានរៀនសូត្រពីមេរៀនប្រវត្តិសាស្ត្រ និងកំពុងត្រឡប់ទៅរកយោធានិយមវិញ។ កាលពីឆ្នាំ២០២៤ ជប៉ុនបានអះអាងថាយន្ដហោះយោធាចិនមួយគ្រឿងបានហោះបំពានចូលដែនអាកាសរបស់ខ្លួនជាលើកដំបូង រីឯចិនចោទថានាវាពិឃាដជប៉ុនមួយគ្រឿងបានធ្វើដំណើរចូលក្នុងដែនទឹករបស់ខ្លួន។ កាលពីខែមិថុនា ឆ្នាំ២០២៥ ជប៉ុនបាននិយាយថាខ្លួនបានតាមដាននាវាផ្ទុកយន្ដហោះចម្បាំងចិន២គ្រឿង និងនាវាចម្បាំងអមជាច្រើនគ្រឿងដែល ធ្វើប្រតិបត្តិការនៅក្បែរកោះដាច់ស្រយាលមួយរបស់ជប៉ុនក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិក។ លើសពីនេះ ក្រុមមន្ត្រីជប៉ុនក៏បានបង្ហាញការព្រួយបារម្ភផងដែរពីការកើនឡើងកិច្ចសហប្រតិបត្តិការយោធារវាងចិន និងរុស្ស៉ី ដូចជាការល្បាត រួមគ្នាទាំងផ្លូវអាកាស និងជើងទឹក។
* ហេតុអ្វីតៃវ៉ាន់ជាចំណុចក្ដៅក្នុងទំនាក់ទំនងរវាងចិន និងជប៉ុន?
ចិនបានចាត់ទុកតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន និងព្រមានប្រើកម្លាំងយោធាវាយយកតៃវ៉ាន់ដែលមានប្រជាជនរស់នៅ ២៣លាននាក់នៅថ្ងៃណាមួយ ប្រសិនបើចាំបាច់។ ទីក្រុងតូក្យូមិនមានទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ទេ ប៉ុន្តែ បានបង្ហាញការប្រឆាំងជំទាស់ទៅនឹងរាល់ការប៉ុនប៉ងដោយឯកតោភាគីដើម្បីកែប្រែស្ថានភាពដើម និងទទូចថាបញ្ហាជ្រោយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ត្រូវតែដោះស្រាយដោយសន្តិវិធី។ ជាទម្លាប់តាំងពីដើមមក នាយករដ្ឋមន្ត្រីជប៉ុន កំពុងកាន់អំណាចតែងតែចៀសវាងធ្វើការអត្ថាធិប្បាយ ឬពិភាក្សាលម្អិតពីលទ្ធភាពដែលចិនអាចនឹងប្រើកម្លាំងយោធាលើតៃវ៉ាន់ដែលនេះបានឆ្លុះបញ្ចាំងឱ្យឃើញថាតៃវ៉ាន់គឺជាសំណុំរឿងដ៏រសើបក្នុងទំនាក់ទំនងរវាងចិន និងជប៉ុន។ ការព្រួយបារម្ភរបស់ជប៉ុនអំពីជម្លោះណាមួយនៅតៃវ៉ាន់ នោះគឺដោយសារតែកត្តាទីតាំងភូមិសាស្ត្រ។ តៃវ៉ាន់ស្ថិតនៅចម្ងាយតែជាង ១០០គីឡូម៉ែត្រប៉ុណ្ណោះពីកោះ Yonaguni របស់ជប៉ុន ដែលនេះមានន័យថាជម្លោះនៅតៃវ៉ាន់អាចនឹង ផ្ទុះរាលដាលចូលទៅក្នុងតំបន់សមុទ្រចិនខាងកើតបានយ៉ាងងាយ និងលឿនរហ័ស។ ដោយសារតែបារម្ភពីហានិភ័យជម្លោះនៅតៃវ៉ាន់នេះហើយ ទើបក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ជប៉ុនបានពង្រីកមូលដ្ឋានដំឡើងមីស៊ីល ជាពិសេស មីស៊ីលប្រឆាំងនាវាចម្បាំងនៅតាមបណ្ដោយដែនកោះស្ថិតនៅកៀកនឹងតៃវ៉ាន់។
* តើទំនាក់ទំនងពាណិជ្ជកម្មរវាងចិន និងជប៉ុនមានទម្រង់បែបណា?
សព្វថ្ងៃ ចិនជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ជប៉ុន។ ក៏ប៉ុន្តែទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំង២កំពុងប្រែប្រួលយ៉ាងឆាប់រហ័ស ដោយក្រុមហ៊ុនចិនចាប់ផ្ដើមប្រកួតប្រជែងជាមួយក្រុមហ៊ុនជប៉ុនដោយផ្ទាល់ នៅក្នុងការផលិតសម្ភារៈ ប្រើប្រាស់ថ្លៃៗដូចជារថយន្ត និងគ្រឿងអេឡិចត្រូនិក។ លើសពីនេះទៅទៀត ឥលូវជប៉ុនបានក្លាយជាអ្នកផ្គត់ផ្គង់បរិក្ខារទៅឱ្យចិន មិនមែនជាអ្នកបង្ហើយផលិតផលចុងក្រោយទៀតនោះទេ ស្របពេលដែលក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីចិន ដូចជា BYD មិនត្រឹមតែកំពុងប្រជែងជាមួយក្រុមហ៊ុនផលិតរថយន្ដជប៉ុននៅក្នុងប្រទេសចិនប៉ុណ្ណោះទេ តែគឺប្រជែងនៅជុំវិញពិភពលោកតែម្ដង។ ការវិនិយោគរបស់ជប៉ុនក្នុងប្រទេសចិនកំពុងថយចុះ មានមួយផ្នែកដោយសារតែការរកស៊ី របស់ក្រុមហ៊ុនជប៉ុននៅចិនប្រថុយប្រថាននឹងហានិភ័យខ្លាំង នៅពេលមានជម្លោះនយោបាយ ឬការទូត រវាងចិន និងជប៉ុនម្ដងៗ។
* តើនឹងមានអ្វីកើតឡើង បើភាពតានតឹងចិន និងជប៉ុនកាន់តែអាក្រក់ឡើង?
កាលពីខែតុលាកន្លងទៅ លោកស្រី Takaichi បានជួបប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងបានឯកភាពគ្នាលើការជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងលើកកម្ពស់ទិដ្ឋាការទេសចរណ៍។ តែការរីកចម្រើនទាំងនេះ ក្នុងទំនាក់ទំនងទ្វេភាគីកំពុងស្ថិតក្នុងគ្រោះថ្នាក់។ ចាប់តាំងពីការអត្ថាធិប្បាយរបស់លោកស្រី Takaichi អំពីកោះតៃវ៉ាន់ ចិនបានព្រមានកុំឱ្យពលរដ្ឋចិនធ្វើដំណើរទៅកាន់ជប៉ុន ហើយប្រាប់ឱ្យពលរដ្ឋ ឬនិស្សិតចិនដែលកំពុងរៀននៅជប៉ុន ត្រូវបង្កើនការប្រុងប្រយ័ត្ននៅចំពោះមុខហានិភ័យគ្រោះថ្នាក់។ នៅត្រង់ចំណុចនេះ ជប៉ុនប្រថុយនឹងការខាតបង់ធ្ងន់ធ្ងរ។ ជាក់ស្ដែង ក្រោយការព្រមានរបស់រដ្ឋាភិបាលចិន ភៀវទេសចរចិនរាប់លាននាក់ដែលតំណាងឱ្យ ១ភាគ៤ នៃភ្ញៀវទេសចរបរទេសទៅកម្សាន្តនៅជប៉ុនក្នុងមួយឆ្នាំៗ អាចនឹងលុបចោលគម្រោងធ្វើដំណើររបស់កម្សាន្តរបស់ពួកគេ។ តាមទីភ្នាក់ងារទេសចរណ៍ជប៉ុន ភ្ញៀវទេសចិនស្ថិតនៅក្នុងចំណោមភ្ញៀវទេសចរបរទេសដែលចំណាយខ្ពស់កាលពី ត្រីមាសកន្លងទៅនេះ ឬរ៉ាប់រងប្រហែល ២៧ភាគរយនៃប្រាក់ចំណូល ១៣.៦ពាន់លានដុល្លារដែលជប៉ុនរកបានពីភ្ញៀវទេសចរបរទេស។
ដោយឡែក អង្គការសេវានិស្សិតជប៉ុន ហៅកាត់ថា JASSO បាននិយាយក្នុងរបាយការណ៍កាលពីខែមេសាថាមាននិស្សិតចិន ១២៣ ៤៨៥នាក់ កំពុងសិក្សានៅក្នុងប្រទេសជប៉ុន កាលពីឆ្នាំ២០២៤ ឬរ៉ាប់រង ៣៦.៧ភាគរយនៃនិស្សិត បរទេសទាំងអស់កំពុងរៀននៅជប៉ុន។ ជម្លោះការទូតនៅពេលនេះក៏កំពុងគំរាមកំហែងបង្កការខូចខាតលើការធ្វើប្រតិបត្តិការអាជីវកម្មរវាងប្រទេសទាំង២ផងដែរ។ ចិននៅតែជាទីផ្សារដ៏សំខាន់សម្រាប់ជប៉ុននាំចេញផលិតផលដូចជា គ្រឿងម៉ាស៊ីន រថយន្ត និងគីមី។ ជប៉ុនវិញក៏នៅតែជាប្រភពផ្គត់ផ្គង់ដ៏សំខាន់នៃផលិតផលបច្ចេកវិទ្យាកម្រិតខ្ពស់មួយចំនួនដែលក្រុមហ៊ុនចិនមិនទាន់មានសមត្ថភាពផលិតក្នុងស្រុកនៅឡើយ។
កន្លងមក ចិនក៏ធ្លាប់បង្ហាញពីឆន្ទៈប្រើប្រាស់អំណាចសេដ្ឋកិច្ចរបស់ខ្លួនដើម្បីសងសឹកដែរ ក្នុងពេលមានភាពតានតឹងជាមួយជប៉ុន។ កាលពីឆ្នាំ២០១២ ជម្លោះការទូតរវាងចិន និងជប៉ុនបានឡើង កម្ដៅដល់កំពូលជុំវិញជម្លោះ លើតំបន់ទីប្រជុំកោះ Senkaku ដោយនៅពេលនោះចិនបានធ្វើពហិការផលិតផលជប៉ុនអស់ជាច្រើនខែ៕










